ក្រុង​វ៉ាសូវី៖ ចំពោះ​ការ​ឌីហ្សាញ​ថ្មី​នៅ​ភាគ​កណ្ដា​លក្រុង​វ៉ាសូវី រុក្ខជាតិ​ស្លែ​ស៊ី​បរិស្ថាន​កខ្វក់ និង​កាបោន​ឌីអុកស៊ីត ដើម្បី​បង្កើត​ជាខ្យល់​អុកស៊ីសែន​ស្អាតក្នុង​ទីក្រុង​ ដែល​ត្រូវបាន​ផ្ដល់​ចំណាត់​ថ្នាក់​ទីក្រុងខ្យល់​​កខ្វក់​បំផុត​មួយ​នៅ​តំបន់​អឺរ៉ុប។

លោក ម៉ាកូ ផូឡេតតូ សហស្ថាបនិក​​ក្រុមហ៊ុន​ឌីហ្សាញ​ ecoLogicStudio ដែល​ប្រតិបត្ដិការ​គម្រោង​នេះបាន​និយាយថា​៖ «​នៅ​មាន​ធនធាន​ដ៏​មាន​តម្លៃ​ក្នុង​ការ​នាំ​យក​ប្រព័ន្ធ​ជីវចម្រុះ​ធម្មជាតិ​មក​កាន់​តែ​ទីក្រុង​»។

យោង​តាម​ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​បរិស្ថាន​អឺរ៉ុប (EEA) កាល​ពី​ខែ​មុន បាន​ឱ្យ​ដឹងថា ទីក្រុង​វ៉ាសូវី ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី ២៦៩​ ចំពោះ​គុណភាព​ខ្យល់​ក្នុង​បញ្ជី​ទីក្រុង​នៅ​អឺរ៉ុប​ទាំង ៣២៣។

កុមារ​​នាំគ្នា​លេង​យ៉ាង​សប្បាយ​ក្នុង​បន្ទប់​បន្សុត​ខ្យល់​បរិសុទ្ធ​នៃ​មជ្ឈមណ្ឌលវិទ្យាសាស្ដ្រកូពើនីស្យូស។ AFP

ពពុះ​ខ្យល់​បរិសុទ្ធ​​​ត្រូវ​បាន​បំពាក់​ជាមួយ​បំពង់​កែវ​ជា​ច្រើន​ ដែល​ផ្ទុក​ស្លែ​លាយ​ទឹក​ ដែល​មាន​សមត្ថភាព​ស្រូប​ខ្យល់​កខ្វក់​ពី​ផ្នែក​ខាង​ក្រោម​បំពង់​របស់វា។

សមាសធាតុ​បៃតង​កម្ចាត់​ម៉ូលីគុល​កខ្វក់​ និង​កាបោនឌីអុកស៊ីត មុន​ពេល​បញ្ចេញ​ខ្យល់​អុកស៊ីសែនចេញ​ពី​បំពង់​បាយអូ​រ៉េអាទ័រ។

នៅ​ពេល​រសៀល​នៃ​អាកាស​ធាតុ​ស្រឡះ​ល្អ​ កុមារ​នាំ​គ្នា​ហក់​លេង​ក្នុង​បរិយាកាស​ខ្យល់​បរិសុទ្ធយ៉ាង​សប្បាយ​រីករាយ​ ដោយ​ពួកគេ​លោត​លើ​បាល់​ជ័រ និង​តោង​​ខ្សែ​យោល​ផង​ដែរ។

ពេល​កំពុង​លោត កុមារី អានីយ៉ា អាយុ ៨​ឆ្នាំ បាន​ស្រែក​ឡើង​ថា​៖ «​សប្បាយ​ណាស់​»។

កុមារ​លេង​​យ៉ាង​សប្បាយនៅទីបន្សុត​ខ្យល់​បរិសុទ្ធ​នៃ​មជ្ឈមណ្ឌលវិទ្យាសាស្ដ្រកូពើនីស្យូស។ AFP

ម្ដាយ​របស់​កុមារី​រូប​នេះ ម៉ាល់​ហ្កូរហ្សាតា រ៉ូណា ក៏​បាន​សាទរ​គំនូរ​គម្រោង​ស្ទួយ​បរិស្ថាន​នេះ​ផង​ដែរ។

​អ្នកគ្រូ​អង់គ្លេស​អាយុ ៤២ ​ឆ្នាំ បាន​ប្រាប់ AFP ថា​៖ «​ពិត​ជា​ឡូយ​! ជាពិសេស នៅ​ក្នុង​ទីក្រុង​ធំៗ​មែន​ទេ? ដោយសារ​យើង​ដឹងថា ការ​បំពុល​បរិស្ថាន និង​ផ្សែង​ពុល​មាន​នៅ​គ្រប់​ទី​កន្លែង។ យ៉ាង​ហោចណាស់ ពេលនេះ វា​ធ្វើ​ឱ្យ​ក្មេងៗ​មាន​ឱកាស​ស្រូប​ខ្យល់​បរិសុទ្ធ​បាន​ខ្លះ​»។

បន្ទប់​​​ក្មេង​លេងរាង​មូល​តូច​មួយ​​ត្រូវបាន​រៀបចំ​ឡើង​​នៅ​ក្បែរ​មជ្ឈមណ្ឌលវិទ្យាសាស្ដ្រកូពើនីស្យូស​លើ​ដង​ទន្លេ​ ដោយ​បើក​ដំណើរការ​រហូត​ដល់​ខែ​វិច្ឆិកា​ តែ​វា​អាច​ស្ថិត​នៅទីនោះ​​អចិន្ដ្រៃយ៍​ ហើយ​ក៏​នៅ​មាន​គម្រោង​តម្លើង​បន្ទប់​ខ្យល់​បរិសុទ្ធ​ទាំង​នេះ​នៅតាម​បណ្ដា​ទីក្រុង​ផ្សេងៗ​ទៀត​៕ AFP/HR

បំពង់​ស្លែ​លាយ​ទឹក​ស្ថិត​ក្នុង​បន្ទប់ AirBubble ដែលស្រូប​សមាសធាតុ​កខ្វក់ និង​បញ្ចេញ​អុកស៊ីសែន។ AFP

​កុមារ​តូច​លេង​​យ៉ាង​សប្បាយ​ក្នុង​បន្ទប់​បន្សុត​ខ្យល់​បរិសុទ្ធ​នៃ​មជ្ឈមណ្ឌលវិទ្យាសាស្ដ្រកូពើនីស្យូស។ AFP

បន្ទប់ AirBubble ជា​កន្លែង​ក្មេង​លេង​ច្នៃ​បង្កើត​ថ្មី​ដែល​​បំពាក់​ប្រព័ន្ធ​បន្សុត​​ខ្យល់​បរិសុទ្ធ​តាម​ធម្មជាតិ។ AFP