ក្រុង​ប៉េកាំង៖ កំពូល​តារា​ប៉ុប​កូន​កាត់​ចិន​-កាណាដា គ្រីស វូ ត្រូវបាន​ឃុំ​ខ្លួន​ពី​បទ​សង្ស័យ​រំលោភ​សេពសន្ទវៈ។ នេះ​បើយោង​តាម​ប៉ូលិសបាន​ឱ្យដឹង។

លោក វូ ត្រូវបាន​ចោទ​កាល​ពី​សប្ដាហ៍​មុន​ដោយ​និស្សិត​ម្នាក់​អាយុ ១៩​ ឆ្នាំ​ឈ្មោះ ឌូ ម៉ៃហ៊្សូ ពី​បទ​រំលោភ​សេពសន្ទវៈ​អំឡុង​សម្ព័ន្ធស្នេហា​កាល​ពេល​នាង​អាយុ ១៧ ​ឆ្នាំ​ ដែល​នាំ​ឱ្យ​មាន​ការ​ផ្ដន្ទាទោស​តារា​ចម្រៀង​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ និង​នាំ​ឱ្យ​យីហោ​ប្រណីតៗ​ជា​ច្រើន​ទម្លាក់​ចោល​កុង​ត្រា​ជាមួយ​លោក។

ប៉ូលិស​ក្រុង​ខណ្ឌ​ឆាវយ៉ាង​ ក្រុង​ប៉េកាំង បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​លើ​ Weibo ដោយ​សំដៅ​ឈ្មោះ​ត្រកូល វូ តាម​ប្រពៃណី​ចិន​ថា​៖ «​លោក វូ យីហ្វាន អាយុ ៣០ ​ឆ្នាំ សញ្ជាតិ​កាណាដា ពេលនេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទៅ​តាម​ច្បាប់​ថ្មី​ប្រចាំ​តំបន់​ឆាវយ៉ាង​នៃ​ការិយាល័យ​សន្ដិសុខ​សាធារណៈ​ក្រុង​ប៉េកាំង​ពី​បទ​សង្ស័យ​រំលោភ​»។

ក្រុម​មន្ដ្រី​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ការ​ស៊ើប​អង្កេត​ក្រោយ​លោក វូ ជា​កំពូល​តារា​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​ចិន ត្រូវបាន​​រាយ​ការណ៍​ដោយ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ពិ​បទ​ «​បោក​បញ្ឆោត​យុវតី​រួមភេទ​ជា​ច្រើន​នាក់​ដោយ​ប្រើ​ងារ​ជា​សង្សា​»។

លោក វូ បាន​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ក្នុង​វិស័យ​​ចម្រៀង​កូរ៉េ K-pop នៃ​ក្រុម EXO មុន​ពេល​ចាក​ចេញ​ទៅ​បង្កើត​អាជីព​ជា​តារា​ចម្រៀង​ ​​ភាពយន្ដ​ ម៉ូដែល​ និង​ងារ​ជា​កំពូលតារាល្បី​តែឯង​​ចូលរួម​កម្មវិធីផ្សេងៗ​​​ដ៏​ជោគជ័យ។

តារា​ដែល​មាន​សញ្ជាតិ​កាណាដា​ និង​បាន​រស់​នៅ​រវាង​ទីក្រុង វេនខូវើរ និង​ហ្គ័ងហ៊្សូ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ពី​បទប្រទុសកេរ្ដិ៍ និង​ទទូច​ថា លោក​ជា​ជន​ស្លូត​ត្រង់។

លោក​បាន​សរសេរ​កាល​ពីថ្ងៃ​ទី ១៩ ខែ​កក្កដាថា​៖ «​ខ្ញុំ​បាន​ជួប​កញ្ញា ឌូ តែ​ម្ដង​គត់​ពេល​កម្មវិធី​ជួប​ជុំ​មិត្ដភក្ដិ។ ខ្ញុំ​មិន​បាន​បង្អក​ស្រា​ដល់​នាង​ទេ។ ខ្ញុំ​មិន​ដែល​លោង​លោម​នារី​ៗ​រួម​ភេទ​ឡើយ​ ឬ​ទាក់ទង​បញ្ហា «​រំលោភ​ក្នុង​សម្ព័ន្ធ​ភាព​ស្នេហា»។ ខ្ញុំ​មិន​គេង​ជាមួយ​ក្មេង​ស្រី​ក្រោម​អាយុ​ឡើយ​»។

មេធាវី​របស់​លោក​ដាក់​ពាក្យ​ប្ដឹង​កញ្ញា ឌូ ពី​បទ​បរិហាកេរ្ដិ៍ ហើយ​និស្សិត​ស្រី​រូប​នេះ បាន​និយាយ​ថា កញ្ញា​ក៏​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក វូ វិញ​ដែរ។ កញ្ញា ឌូ បាន​ឱ្យ​ដឹង​ថា កំពូល​តារា​រូប​នេះ​ព្យាយាម​ឱ្យ​ប្រាក់​បំបិត​មាត់​ ៧៧ ១០០​ដុល្លារ។

យីហោ​ផលិតផល​ល្បីៗ ដូចជា Louis Vuitton, Bulgari, Bulgari, L''Oreal Men និង​ Porsche កាល​ពី​សប្ដាហ៍​មុន​បាន​ផ្អាក​កិច្ចសហការ​ជាមួយ​តារា​រូប​នេះ​ ដោយាសរ​វិបត្ដិ​ក្ដីក្ដាំង​៕ AFP/HR