ក្រុងហ្សាការតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងថា សត្វខ្លាស៊ូម៉ាត្រាចំនួន ២ ក្បាល បានធូរស្រាលពីជំងឺនៅសួនសត្វហ្សាការតា ក្រោយពីវាបានឆ្លងវីរុសកូរ៉ូណា នៅពេលដែលពួកវាត្រូវបានអាជ្ញាធរតាមដានដើមចមថា មូលហេតុអ្វីដែលធ្វើឱ្យសត្វប្រឈមការផុតពូជនេះ ធ្លាក់ខ្លួនឈឺយ៉ាងដូច្នេះ។
សត្វខ្លា ធីណូ អាយុ ៩៩ ឆ្នាំ និង ហារី អាយុ ១២ ឆ្នាំ បានធ្វើតេស្ត និងទទួលលទ្ធផលវិជ្ជមានកាលពីពាក់កណ្ដាលខែកក្កដា ក្រោយពីពួកវាមានអាការៈគ្រុន ពិបាកដកដង្ហើម និងបាត់បង់ចំណង់ស៊ីអាហារ។
លោក Suzi Marsitawati ប្រធានសួនសត្វ និងសេវាកម្មទេសចរណ៍ទីក្រុងហ្សាការតាបានឱ្យដឹងតាមរយៈសេចក្ដីប្រកាសថា៖ «សត្វចាប់ផ្ដើមស៊ីអាហារវិញ មានសុខភាពប្រសើរ និងសកម្មឡើងវិញហើយ» ។
សួនសត្វរ៉ាហ្គានណានត្រូវបានបិទតាំងពីខែមិថុនា ចាប់តាំងពីមានការផ្ទុះករណីឆ្លងជំងឺកូវីដទូទាំងប្រទេស។
លោក Marsitawati បាននិយាយថា៖ «យើងបានតាមដានទាំងក្រុមគ្រូពេទ្យ និងអ្នកមើលថែសួនសត្វទាំងអស់ ដែលមានទំនាក់ទំនងជាមួយសត្វខ្លា ហើយក្នុងចំណោមពួកគេមិនមាននរណាម្នាក់ឆ្លងជំងឺកូវីដ ១៩ នោះទេ» ។
លោកបញ្ជាក់ថា៖ «ដូច្នេះយើងនៅតែព្យាយាមស្វែងរកប្រភពនៃការចម្លង»។
ប្រទេសឥណ្ឌូនេស៊ីកំពុងតែធ្លាក់ដល់កម្រិតយ៉ាប់យឺនក្នុងការគ្រប់គ្រងការផ្ទុះជំងឺកូវីដ ១៩ ចាប់តាំងពីការរីករាលដាលនៃវីរុសវ៉ារ្យង់ដែលតា ត្រូវបានរកឃើញទូទាំងប្រទេស។
ប្រទេសនេះមានអត្រាឆ្លងលើសពី ៣,៤ លានករណី និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ ៩៤ ១១៩ នាក់។
តួលេខជាក់ស្ដែងត្រូវបានគេជឿថា អាចច្រើនជាងនេះដោយសារតែកម្រិតការតាមដានអ្នកជំងឺ អ្នកពាក់ព័ន្ធ និងអត្រាធ្វើតេស្តមានកម្រិតទាប៕ AFP/HR