ភ្នំពេញ៖ លើ​ផ្ទៃ​ដី​កន្លះ​ហិកតា ​ផ្លែ​ឪឡឹក​ធំៗ​មូល​ត្រវែង​​​​ដេក​រដូករណែល​​នៅ​ក្នុង​ចម្ការ​របស់​​កសិករ អ៊ឹម ឈាន។ ​សណ្ឋាន​សម្បក​​បៃតង​ចាស់​​មិន​ខុស​អី​ពី​ផ្លែ​ឪឡឹក​ធម្មតា​​ទេ ​តែ​នៅ​ពេល​វា​ត្រូវ​បាន​​ពុះ សាច់​​ពណ៌​លឿង​ខ្ចី​​​​ផុស​ឡើង។ រី​ឯ​រសជាតិ​ក៏​ផ្អែម​ឆ្ងាញ់​ និង​ស្រួយ​ខុស​ពី​ឪឡឹក​ទូទៅ​។

ដំណាំ​ឪឡឹក​លឿង​នេះ ​ត្រូវ​បាន​​លោក អ៊ឹម ឈាន ជា​កសិករ​ខេត្ត​ឧត្តរមានជ័យ​សាកល្បង​ដាំ ដោយ​ប្រើ​ពូជ​ថ្មី​នាំចូល​ពី​ក្រុមហ៊ុន​តៃវ៉ាន់​ ក្រោម​ការ​​​ការ​ណែនាំ​ពី​អង្គការ​អភិវឌ្ឍន៍​ហូឡង់ (SNV)​​។

អង្គការ​អន្តរជាតិ​​​នេះ​ បាន​ជ្រោមជ្រែង​​​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​យូរ​អង្វែង​សម្រាប់​ប្រជាជន​ក្រីក្រ ដោយ​​ជួយ​​ឱ្យ​ពួក​គេ​អាច​បង្កើន​​ប្រាក់​ចំណូល ​​​និង​ទទួល​បាន​សេវាកម្ម​មូលដ្ឋាន​តាមរយៈ​​ការ​ផ្ដោត​ទៅ​លើ​វិស័យ​​កសិកម្ម ថាមពល ទឹក និង​អនាម័យ។

លោក អ៊ឹម ឈាន បាន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ច្រើន​​តាំង​ពី​ការ​ដាំដុះ ថែទាំ ប្រមូលផល វេច​ខ្ចប់ និង​ការ​ពង្រឹង​អាជីវកម្ម​ពី​អង្គការ។

ជា​កសិករ​បង្គោល​មួយ​របស់​អង្គការ​​នេះ​អស់​រយៈ​ជាង​ ៥ ឆ្នាំ​មក​ហើយ​ លោក​​​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «តាមរយៈ​អង្គការ​ទើប​ឆ្នាំ​មុន​ក្លាយ​ជា​ឆ្នាំ​ដំបូង​ដែល​ខ្ញុំ​​ជា​អ្នក​ទី១​ សាកល្បង​ដាំ​ឪឡឹក​លឿង​ពូជ​ពិសេស​ពី​តៃវ៉ាន់​»។

លោកបានរៀនរាល់បច្ចេកទេស និងដំណើរការផលិតកម្ម ដោយមានការគាំទ្រពីអ្នកជំនាញពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីអង្គការ SNV ក្រោមកម្មវិធីឈេន (CHAIN) ដែលជាគម្រោងសាកវប្បកម្មនៅកម្ពុជាដើម្បីបង្កើនប្រាក់ចំណូលនិងអាហារូបត្ថម្ភ ពីរយៈកាលឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២។

លោក លឹម សុគន្ធដារុណ ​អនុប្រធាន​កម្មវិធី​ឈេន​របស់​អង្គការ​ បាន​ទទួល​ស្គាល់​ថា​ កសិករ​ ​ឈាន​ ចាប់​បាន​ទិចនិក​ក្នុង​ការ​ដាំដុះ​បែប​ទំនើប​បាន​យ៉ាង​លឿន​។

លោក ​ដារុណ បាន​រៀបរាប់​ទៀត​ថា៖ «​គាត់​ដាំ​ឪឡឹក​លឿង​នេះ​តាម​ស្ដង់ដា​ខេមហ្គេប (CAMGAP) ជាមួយ​នឹង​​បច្ចេកទេស​ដោយ​ការ​គ្រប​កៅស៊ូ​លើ​រង និង​ប្រព័ន្ធ​តំណក់​ទឹក ​ដើម្បី​​ធានា​ថា​ ឪឡឹក​លឿង​របស់​គាត់​នឹង​មាន​ទឹក​គ្រប់គ្រាន់​ហើយ​នឹង​ផ្តល់​នូវ​ទិន្នផល​ខ្ពស់​»។

អនុប្រធាន​កម្មវិធី​ឈេន​រូប​នេះ​បាន​បន្ត​ថា៖ «ភាព​រីក​ចម្រៀន​លើ​ឪឡឹក​​​លឿង​​របស់​គាត់​ធ្វើ​ឱ្យ​មាន​គេ​ស្គាល់​ច្រើន​​នៅ​ខេត្ត​ឧត្តរមានជ័យ។ គាត់​រួម​ទាំង​អាច​បង្កើន​ប្រាក់​ចំណូល​តាមរយៈ​​​ការ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​​នៅ​ភ្នំពេញ​ជាច្រើន​ផង​ដែរ​។ ឯដំណាំ​ផ្សេង​ទៀត​ក៏​គាត់​ធ្វើ​​​បាន​ល្អ​ដែរ​»។

ក្នុង​រយៈពេល​ ១ ឆ្នាំ​កន្លង​ទៅ​លោក​ ឈាន ​ប្រមូល​ផល​បាន ២ ​ដង​រួច​មក​ហើយ ​និង​បាន​ជិត​ ១០ ​តោន​ម្ដងៗ​ ក្នុង​ដី​កន្លះ​ហិកតា​។

លោក ឈាន​ បាន​លើក​ឡើង​ថា​​៖ «ខ្ញុំ​ដាំ​ឪឡឹក​លឿង​នេះ​ពេញ​ ១ ឆ្នាំ​។ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ឃើញ​ការ​ដាំ​នេះ​​ផ្តល់​ផ្លែ​ផល​ល្អ ​បើ​ទោះ​បីជា​នៅ​ជួប​ប្រទះ​បញ្ហា​សត្វ​ល្អិត​មួយ​ចំនួន​ ប៉ុន្តែ​សង្ឃឹម​ថា ​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ​»។

ក្រៅ​ពី​ទឹកដី​​ឧត្តរមានជ័យ​ ឪឡឹក​លឿង​​​ក៏​ត្រូវ​បាន​ដាំ​​តាម​ការ​​អនុវត្ត​កម្មវិធី​ឈេន​នៅ​ខេត្ត​ព្រះវិហារ សឹ្ទងត្រែង និង​ក្រចេះ។

វា​ជា​ប្រភេទ​ដំណាំ​​អាច​ដាំ​​ប្រមូលផល​​ពេញ​ ១ ឆ្នាំ​ អាស្រ័យ​លើ​ពូជ​នៃ​ផ្លែ​ឪឡឹក​ និង​សណ្ឋាន​ដី​។ លោក ឈាន ថា​ បើ​ដី​ទួល​មិន​សូវ​ជោកជាំ​ទឹក​ កសិករ​អាច​ប្រមូល​ផល​បន្ទាប់​ពី​ដាំ​បាន​ប្រហែល​ ២ ​ទៅ​​ ៣ ​ខែ​ ហើយ​វេលា ​ដែល​ល្អ​ដាំ​ជាង​គេ​គឺ ​ខែ​មេសា និង ខែ​ឧសភា​។

លោកអាច​ប្រមូលផល​ផ្លែឪឡឹក​លឿង​​ម្ដង​បាន ១០​ តោន ​​និង​មួយឆ្នាំ​អាច​ធ្វើបាន ២​ដង​។ រូបថត សហ​ការី

កសិករ​វ័យ ៣៤ ​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​​ពី​ភាព​ខុសគ្នា​រវាង​ឪឡឹក​លឿង​ និង​ឪឡឹក​ក្រហម​ទាំង​បច្ចេកទេស ការ​មើលថែ​ តម្លៃ និង​រសជាតិ​។

លោក​បាន​បញ្ជាក់​ប្រាប់​ថា៖ «ការ​ដាំ​ឪឡឹក​លឿង​ទាមទារ​បច្ចេកទេស​ច្បាស់​លាស់​ហើយ​ការ​ថែទាំ​ក៏​ត្រូវ​ដិតដល់​ជាង។ ទឹក ​និង​ការ​ដាក់​ជី​ត្រូវ​សមាមាត្រ​ ដើម្បី​ទទួល​បាន​នូវ​រសជាតិ​ និង​ទំហំ​ដែល​ចង់​បាន​។ បើ​យើង​ថែទាំ​ដិត​ដល់​ គឺ​ទទួល​បាន​ផ្លែ​ធំៗ​វា​អាច​ចាប់​ពី​ ៦​-​៨​ គីឡូ​។ តម្លៃ​វា​ថ្លៃ​ខ្លាំង​ជាង​ តែ​រសជាតិ​វា​ផ្អែម​ឆ្ងាញ់​ហើយ​ស្រួយ​ ហូប​ទៅ​មិន​ក្ដៅ​ក​»។

ក្រៅ​ពី​នេះ​កសិករ ឈាន​ ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ដំណាក់កាល​ដែល​ពិបាក​ជាង​​គេ​ គឺ​ពេល​ដំណាំ​ចេញ​​ក្ដិប។ បើ​មើល​​ថែ​ទាំ​​មិន​ដិត​ដល់​ វា​​ងាយ​ស្អុយ​រលួយ អាច​ស្រួច​ក្បាល​ស្រួច​កន្ទុយ​ ឬ​មិន​ចេញ​រាង​ពង​ក្រពើ​ស្អាត​ទេ​។​

តាម​ការ​សង្កេត​របស់​លោក ការ​សម្គាល់​ឪឡឹក​ដែល​​​អាច​ប្រមូល​ផល​បាន​គឺ ទី១ វា​ងាប់​ដៃតោង​ និង​ទង​វា។ ទី២ មើល​ទៅ​លើ​តួ​ឪឡឹក​ឡើង​ម្សៅ​ និង​ពេល​ជូត​ចេញ​ឃើញ​សណ្ឋាន​​រលោង។ ​ចំណុច​​សំខាន់​​ គឺ​ត្រូវ​ដឹង​ថា​ ឪឡឹក​ហ្នឹង​​វា​កាន់​ក្តិប​ថ្ងៃ​ណា​។ បើ​អ្នក​ដាំ​ដឹង​ហើយ ត្រូវ​​រាប់​ពី​ចំនួន ​២៧​-​២៨ ថ្ងៃ ជា​វេលា​​ឪឡឹក​អាច​កំណត់​ថ្ងៃ​បេះ​បាន​ហើយ​។

លោក​បាន​រៀប​រាប់​ពី​អត្ថ​ប្រយោជន៍​របស់​ផ្លែ​ឪឡឹក​លឿង​ដែរ​ថា​៖ «វា​ជួយ​រក្សា​សុខភាព​ភ្នែក​ លើក​កម្ពស់​ការ​រំលាយ​​អាហារ​​ឱ្យ​មាន​សុខភាព​ល្អ ជំនួយ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​ បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សុខភាព​បេះដូង លើក​កម្ពស់​មុខងារ​តម្រង​នោម​ឱ្យ​មាន​សុខភាព​ល្អ ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក បន្ថយ​ការ​ឈឺ​សាច់ដុំ ​និង​អស់​កម្លាំង និង​មុខងារ​ជាច្រើន​ទៀត​»។

លោក​ក៏​បាន​អរគុណ​ដល់​អង្គការ​​ជា​ខ្លាំង​ ព្រោះ​កន្លង​មក​អង្គការ​តែងតែ​ជួយ​ទាំង​ការ​បណ្ដុះបណ្ដាល​ និង​ទាំង​ទំនាក់ទំនង​​​ទីផ្សារ​​​​ផល​ដំណាំ​​​។

កសិករ​ល្បី​ដាំ​​​ដំណាំ​ឪឡឹក​លឿង​បាន​ល្អ​រូប​នេះ​​បាន​និយាយ​​ថា៖ «មុន​ពេល​មាន​អង្គការ​ខ្ញុំ​ដាំ​តិចតួច​ប៉ុណ្ណោះ​ តែ​​ក្រោយ​ទទួល​បាន​ការ​បង្ហាត់​បង្ហាញ​​ច្រើន​ ​ខ្ញុំ​បាន​ពង្រីក​ការ​ដាំដុះ​ ហើយ​មាន​ទាំង​ទៀប មៀន ប៉េងប៉ោះ ខាត់ណា ស្ពៃក្ដោប។ ខាង​​អង្គការ​គេ​មិន​ទាមទារ​អ្វី​ក្រៅ​ពី​រីករាយ​ឃើញ​យើង​ទទួល​បាន​ជោគជ័យ​​ និង​តែងតែ​ព្យាយាម​រក​បច្ចេកទេស​ថ្មីៗ​ជួយ​ដល់​កសិករ​យើង​»។

អនុប្រធានកម្មវិធីឈេនរបស់អង្គការ ដារុណ ក៏សង្ឃឹមថា កម្មវិធីឈេនអាចបន្តក្នុងការពង្រីកទីផ្សារសម្រាប់បន្លែក្នុងស្រុក បើទោះជាជំងឺកូវីដកំពុងរីករាលដាល។

លោក​បាន​បន្ត​ថា៖ «​យើង​ចង់​ពង្រឹង​​បច្ចេកវិទ្យា​សម្រាប់​ការ​ផលិត​អាហារ​​ដោយ​សុវត្ថិភាព​ ​បង្កើត​លក្ខខណ្ឌ​អាកាសធាតុ​សមស្រប និង​កិច្ច​សហការ​ភាព​ជា​ដៃគូ​ឯកជន ​និង​សាធារណៈ»។

លោក ដារុណ​ បាន​​បន្ថែម​ទៀត​ថា៖ «លើស​ពី​នេះ​​យើង​ត្រូវ​ការ​ការ​កែ​លម្អ ​ការ​ត្រួត​ពិនិត្យ​គុណភាព​បន្លែ​ក្នុង​ស្រុក​​ក្នុង​គោល​បំណង​បង្កើន​ការ​ប្រកួត​​ប្រជែង​ក្នុង​ស្រុក​ និង​គោរព​តាម​ស្តង់ដា​សុវត្ថិភាព​ប្រទេស​។ ដូច្នេះ​វា​នឹង​ទាក់ទាញ​ហើយ​ទទួល​បាន​​ការ​ជឿ​ទុក​ចិត្ត​កាន់​តែ​ច្រើន​ពី​ការ​គាំទ្រ​ក្នុង​ស្រុក ​ហើយ​កសិករ​នឹង​មាន​ទីផ្សារ​ប្រសើរ​ជាង​មុន​ ដើម្បី​ផ្គត់ផ្គង់​»៕