ភ្នំពេញ៖​ ការ​ប្រកួត​​ជ្រើសរើស​​​សា្នដៃ​​តែង​និពន្ធ​រឿង​ខ្លី​ ពានរ​​ង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​លើក​​​ទី​២ ​ឆ្នាំ ២០២១​ ចាប់​ផ្តើម​​ទទួល​ស្នាដៃ​​​​បេក្ខជន​ចូលរួម​ប្រកួត​ហើយ ក្រោម​ប្រធានបទ​​ «ជីវិត​រស់នៅ​​ប្រចាំ​​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ក្នុង​របប​​​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត»​ ដែល​​សមាគម​​​អ្នក​​និពន្ធ​​​​ខ្មែរ​​ ​សហការ​រៀបចំ​ជាមួយ​​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​។ ​

បើ​​តាម​សេចក្តី​ជូន​ដំណឹងពី​គេហទំព័រ​​ផ្លូវ​ការ​​​សមាគម​​អ្នក​​និពន្ធ​ខ្មែរ ​កាល​ពី​ចុង​សប្តាហ៍​​​កន្លង​​​មក​​​​​នេះ​បាន​ឱ្យ​ដឹង​ថា៖ «​សូម​ប្រគេន ​និង​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណជន​មេត្តា​​ជ្រាប​​ថា មជ្ឈមណ្ឌល​​​ឯកសារ​កម្ពុជា​ ដោយ​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​សមាគម​​​អ្នក​និពន្ធ​ខ្មែរ​ បាន​រៀបចំ​​​ការ​ប្រកួត​​​​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ «ពាន​រង្វាន់​អក្សរ​សិល្ប៍​ស្លឹករឹត»​ លើក​ទី២ ឆ្នាំ ២០២១​ ក្រោម​​ប្រធាន​​បទ​ «ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ក្នុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត»​ ក្នុង​​​គោល​បំណង​រួម​ចំណែក​លើក​ស្ទួយ​ពី​តម្លៃ​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​ និង​ថែ​រក្សា​​ប្រវត្តិសាស្ត្រ ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​​ក្នុង​របប​កម្ពុជា​​​ប្រជាធិបតេយ្យ ប៉ុល​ ពត ​តាមរយៈ​​ស្នាដៃ​និពន្ធ​»។​​

ប្រភព​​ខាង​លើ​​បាន​បន្ត​ថា៖ «​សិស្ស​ និស្សិត​ គ្រូបង្រៀន​ អ្នក​និពន្ធ ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នក​រស់រាន​​មាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម​ អាច​ចូលរួម​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ស្នាដៃ​ តែង​និពន្ធ​នេះ​​​ ដោយ​​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ជ្រើសរើស​ ដូចជា​ទី​១- ខ្លឹមសារ​រឿង​ត្រូវ​​តែ​ជា​ស្នាដៃ​និពន្ធ​ថ្មី «អំពី​ជីវិត​​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​​កម្ពុជា ឆ្លង​កាត់​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត» ​ដក​ស្រង់​​​ចេញ​​ពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រាន​មាន​ជីវិត ពី​របប​ខ្មែរ​ក្រហម​ និង​មិន​ប្រតិដ្ឋ​សាច់​រឿង។ ទី២-​ ស្នា​ដៃ​សាច់​រឿង ​​​មាន​​ចំនួន​ទំព័រ​ចាប់​ពី​ ១២០​ ដល់ ២០០ ទំព័រ ​សម្រាប់​អត្ថបទ​​វាយ​កុំព្យូទ័រ ​ឬ​ចាប់​ពី ២០០ ដល់ ២៥០ ទំព័រ សម្រាប់​អត្ថបទ​​សរសេរ​ ដោយដៃ​នៅ​លើ​ក្រដាស​ A4។ ទី៣​- ​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរ ​«​Khmer OS Siemreap» ​ទំហំ ១២ មិន​ដាក់​​ក្បាល ឬ​ជើង​ទំព័រ។

ទី​​៤-​ លួច​ចម្លង​ស្នា​ដៃ​របស់​អ្នក​ដទៃ ឬ​ធ្លាប់​ទទួល​បាន​ជយលាភី​រួច​ហើយ​ នឹង​មិន​ត្រូវ​បាន​​ជ្រើសរើស​ទេ​។ ទី​៥- សាច់​រឿង​​ត្រូវ​មាន​ខ្លឹមសារ និង​ប្រភព​ច្បាស់លាស់​ដោយ​ភ្ជាប់​ឯកសារ​​យោង​មក​​ជាមួយ​ផង​»។

ពាន សម្រាប់​ក្រុម​ជយលាភី កាលពី​​ឆ្នាំ​ ២០២០​​​។ហេង ជីវ័ន

ស្នាដៃ​សំណេរ​សាច់​រឿង​ទាំង​អស់ ​នឹង​ត្រូវ​ពិនិត្យ​មុន​ពេល​ដែល​​ស្នាដៃ​ទាំង​នេះ​ ត្រូវ​រៀប​រៀង​បោះ​ពុម្ព​ផ្សាយ ​ចងក្រង​ជា​សៀវភៅ ​ឬ​ផលិត​ជា​ភាពយន្ត។​ ស្នាដៃ​ទទួល​​​ជយលាភី​ចាប់​ពី​លេខ ១ ដល់ ៥​ ​នឹង​​​ទទួល​បាន​រង្វាន់​ជា​ថវិកា​ វិញ្ញាបនបត្រ​ និង​​ពានកិត្តិយស​ ហើយ​ស្នាដៃ​ពី​លេខ ៦ ដល់ ១០ ​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត។

សាធារណជន​មាន​បំណង​​ចូលរួម​ប្រកួតប្រជែង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ ត្រូវ​​​បាន​លើក​​​​​ទឹក​​ចិត្ត​​​ឱ្យ​ចាប់​ផ្តើម​​​ធ្វើ​កិច្ចការ​​​នេះ ដោយ​ខ្លួន​ឯង​ រួច​ផ្ញើ​ស្នាដៃ​​ខ្លួន​មក​កាន់​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​ ​ឬ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃទី​ ៣១​ ខែ មីនា ​ឆ្នាំ​ ២០២២ ឬ​តាម​អាសយដ្ឋាន​នៃ​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​ ផ្ទះ​លេខ ៦៦​ វិថី​ព្រះសីហនុ​ សង្កាត់​​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ (ក្បែរ​វិមានឯករាជ្យ)​ តាមរយៈ​សារ​​​អេឡិចត្រូនិក truthbunthorn.s@dccam.org ឬ​ទាក់ទង​ទូរស័ព្ទ​លេខ ០១២ ៩៩៦ ៧៥០។ ទីស្នាក់ការ​​សមាគម​អ្នក​និពន្ធ​ខ្មែរ​ ស្ថិត​ក្នុង​បរិវេណ​វត្ត​បទុមវតី​ រាជធានីភ្នំពេញ ​តាមរយៈ​សារ​អេឡិចត្រូនិក​៖ Khmerwriterkwa@gmail.com ​ឬ​តាម​ទូរស័ព្ទ​​លេខ ០៨៩ ៨៥៦ ៧៦៤, ​០៧៨ ៧៨៨ ៩៩០៕​