ភ្នំពេញ៖ ក្រវិល​កង​​រុំ​សរសៃ​លួស​តូច​ឆ្មារ និង​រំលេច​នូវ​ត្បូង​ប៉ុន្មាន​គ្រាប់ កំពុង​ទទួល​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​​នារី​សម័យ​ថ្មី​ រហូត​ដល់​បង្ហាញ​វត្ដមាន​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ល្បី​លំដាប់​ពិភព​លោក Vogue ថែម​ទៀត។

ក្រវិល​ត្បូង វ៉លតុន ដែល​បញ្ចេញ​​ឆោម​សម្រស់​លើ​តារា​ម៉ូដែល​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ល្បីៗ​ឯនាយ​សមុទ្រ​ កើត​ចេញ​ពី​ទឹកដៃ​របស់​ស្ដ្រី​ខ្មែរ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​ និង​បង្ហាញ​បង្រៀន​ពី​អ្នក​ឌីហ្សាញ​មូល​ពី​ក្រុង​ញូវយ៉ក​។

រ៉ាជែល វ៉លសុន បានឱ្យ​ដឹង​ដំណើរ​ដើម​ទង​នៃ​ការ​បើក​សិប្បកម្ម​ជាង​ទង​នៅ​កម្ពុជា​ថា​៖ «​ពេល​​​នៅ​ញូវយ៉ក​ ខ្ញុំ​គ្មាន​អារម្មណ៍​បំពេញ​ការងារ​ជា​អ្នក​ដើរ​ម៉ូដ​នោះ​ទេ​។ ​វា​ហាក់​ដូចជា​ពោរពេញ​ទៅ​ដោយ​ភាព​ងងឹត ​និង​ឥតប្រយោជន៍​។ ក្នុង​ពេល​​នោះ ​ខ្ញុំ​ចង់​យក​ជំនាញ​ដែល​​មាន​ក្នុង​វិស័យ​​ហ្វេស្សិន ​និង​ជំនួញ​ទៅ​ធ្វើ​អ្វី​​​ជួយ​ដល់​អ្នក​ដទៃ​»។

រ៉ាជែល ដែល​រចនា​គ្រឿង​អលង្ការ​ ដូចជា ចិញ្ចៀន​ ក្រវិល ខ្សែដៃ និង​ខ្សែក ​​បន្ថែម​ភាព​ទាក់ទាញ​ជាមួយ​ការ​រចនា​​អង្កាំ​ជ័រ​ពណ៌​ស្រស់​ឆើត​ រួម​ទាំង​ត្បូង និង​គជ់ មាន​បំណង​លើក​កម្ពស់​ជាង​ទង​ជា​ស្ដ្រី​ក្នុង​​ការ​ទ្រទ្រង់​ខ្លួន​ឯង។

រ៉ាជែល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​កម្ពុជា​ជា​ប្រទេស​​មាន​​​តម្រូវការ ​និង​​សម្បូរ​ស្រ្តី​​មាន​បំណង​ជួយ​ទ្រទ្រង់​គ្រួសារ​​។ ខ្ញុំ​បាន​មក​មើល​ស្ថានភាព​ ៣ ​​សប្ដាហ៍ ​ជួប​ជាមួយ​ក្មេងស្រី​មួយ​ចំនួន​ និង​ស្រាវជ្រាវ​ពី​តម្រូវការ​ពួក​គាត់​។ ប៉ុន្មាន​ខែ​បន្ទាប់​ ខ្ញុំ​ឈប់​ពី​ការងារ ​និង​ផ្លាស់​មក​រស់នៅ​ទីនេះ​»។​

មក​ដល់​ភ្នំពេញ​ក្នុង​​ឆ្នាំ ២០១៣ រ៉ាជែល ​បាន​ជួប​ជាមួយ​ស្រីម៉ៅ ​ដែល​មុន​នេះ​ជា​ម្ចាស់​ហាង​សាឡន​មួយ​។ ​ចំណូល​ចិត្ត​ដូច​គ្នា​​ក្នុង​ការ​ផ្ដល់​អំណាច​​ឱ្យ​ស្រ្តី ក៏​ដូចជា​វិស័យ​ហ្វេស្សិន​ និង​ការ​តស៊ូ មិន​យូរ​ប៉ុន្មាន​អ្នក​ទាំង ២ ​បាន​បង្កើត «ពេញលេញ» ឡើង​។

«ពេញលេញ» ​ផ្ដល់​ការ​បណ្តុះបណ្តាល​​ជំនាញ​ជាង​ទង​ដល់​ស្ដ្រី​ខ្មែរ​​ ព្រម​ទាំង​​បើក​ថ្នាក់​ភាសា​អង់គ្លេស និង​កម្មវិធី​ផ្សេងៗ​ទៀត​ ដើម្បី​​​ជួយ​ដល់​ស្ត្រី​បន្ថែម​ឱ្យ​មាន​លទ្ធភាព​ទ្រទ្រង់ ​និង​ងើប​ឈរ​ដោយ​ខ្លួន​ឯង​បាន​។

រ៉ាជែល ​​ស្រីម៉ៅ រួម​ទាំង​បុគ្គល​ជាង​ទង​បាន​សហការ​គ្នា​ច្នៃ​ម៉ូដ​ និង​ឌីហ្សាញ​គ្រឿង​អលង្ការ​តម្លៃ​ចន្លោះពី​ ២២-២៤៩​ ដុល្លារ​ ដោយ​ខ្លួន​ឯង ដែល​កើត​ចេញ​ពី​កម្លាំង​ចិត្ដ និង​ភាព​ស្រស់​ស្អាត​របស់​អ្នក​បង្កើត​ជូន​ដល់​អ្នក​ពាក់​ទាំងឡាយ​។ ​

សិប្បកម្ម​ជាង​ទង «​ពេញ​លេញ» ទទួល​ការ​កុម្ម៉ង់​ម៉ូដ​ទៅ​តាម​ចំណូល​ចិត្ដ​អតិថិជន​ ដោយ​ផ្ដោត​សំខាន់​លើ​គុណភាព​ ជា​ថ្នូរ​នឹង​ការ​វិនិយោគ​ដល់​សិប្បករ​ផង​ដែរ​។ ​

អ្នក​រៀន​ច្នៃ​គ្រឿង​អលង្ការ​ខ្លួន​ឯង រ៉ាជែល ​​ប្រាប់​ពី​គំនិត​ចេញ​ម៉ូដ​ថា​៖ «យើង​ទទួល​បាន​ការ​បំផុស​គំនិត​ពី​គ្រប់​កន្លែង មិត្តភក្តិ សិល្បករ ធម្មជាតិ និង​ពេល​ខ្លះ​តាម​សុបិន​ទៀត​ផង​។ យើង​ព្យាយាម​គិត​មុន​ទៅ​លើ​ស្ទីល​ ឬ​ពណ៌​បែបណា​អាច​ពេញ​និយម​ទៅ​ថ្ងៃ​មុខ​។ យើង​ផ្ដោត​លើ​ភាព​បុរាណ ​តែ​ភ្ជាប់​ភាព​ទាន់​សម័យ»​។​

សិប្បករ​ផលិត​គ្រឿងអលង្ការ ពេញលេញ ទទួល​បានការ​បណ្ដុះបណ្ដាល និង​លើកទឹកចិត្ត​ឱ្យ​បន្តការសិក្សា​។ រូបថត សហការី

ទាំងនេះ បាន​នាំ​ឱ្យ​ ​«ពេញ​លេញ» ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទស្សនាវ​ដ្ដី​ល្បីល្បាញ​ក្នុង​ពិភព​លោក ដូចជា Vogue, People, The Huffington Post, the New York Post និង OK! ជាដើម​។

រ៉ាជែល ​បាន​រំឭក​ពី​បទពិសោធ​ល្អៗ ដែល​អតិថិជន​និយាយ​ពី​ការ​សាង​​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​​ ពេល​ពួក​គេ​បាន​ជួប​គ្នា​នៅ​កម្ពុជា។

រ៉ាជែល និយាយ​ថា៖ «​យើង​ទទួល​បាន​សារ​ពី​ស្វាមី​ភរិយា​ ដែល​បាន​ជួប​គ្នា​នៅ​កម្ពុជា​។ ពួក​គេ​ថា កន្លែង​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​របស់​ពួក​គេ​ គឺ​ការ​មក​ទិញ​គ្រឿង​អលង្ការ​នៅ​កម្ពុជា​ពី​ហាង​នេះ»​។

អ្នកស្រី​​បន្ដ​ថា៖ «​ថ្មីៗ​នេះ​គេ​បាន​សូម​ឱ្យ​យើង​ជួយ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ចំនួន​សម្រាប់​ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​​។ យើង​មាន​កិត្តិយស​ណាស់​ដែល​ជា​ផ្នែក​តូច​មួយ​ក្នុង​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​»។

យ៉ាង​ណា​មិញ ​អតីត​តារា​ម៉ូដែល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ​ការ​តស៊ូ​ជាមួយ​កូវីដ​ គឺ​ពិត​ជា​រឿង​មួយ​ដ៏​ពិបាក តែ​​សុខភាព​ និង​សុវត្ថិភាព​របស់​សិប្បករ​​គឺ​ជា​រឿង​ចម្បង​។ ជា​លទ្ធផល គ្រឿង​អលង្ការ​ «​ពេញលេញ» ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​ការ​លក់​អនឡាញ​ ១០០ ភាគរយ​។

ប៉ុន្ដែ ​រ៉ាជែល ​ក៏​ចង់​អរគុណ​ដល់​គ្រប់គ្នា​ដែល​នៅតែ​បន្ត​គាំទ្រ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ដូចជា ​ Tiktok, Instagram, និង www.penhlenh.com ផង​ដែរ​។

រ៉ាជែល វ៉លសុន និង​ស្រីម៉ៅ បាន​បង្កើត​​អលង្ការ​ ពេញលេញ ដើម្បី​លើកកម្ពស់ស្ត្រី និង​វិស័យ​ហ្វេស្សិន។ រូបថត សហការី

អ្នកស្រី​បន្ត​ថា​៖ «គោលដៅ​របស់​យើង​ គឺ​ចង់​បន្ត​ការ​លូតលាស់​តាម​អនឡាញ​ដើម្បី​ឱ្យ​យើង​អាច​ជួល​បុគ្គលិក​បន្ថែម​។ យើង​ជឿ​ជាក់​ថា​ ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​យើង​នឹង​ជះ​ឥទ្ធិពល​​កាន់​តែ​ច្រើន ​និង​បង្កើត​សហគមន៍​មួយ​ប្រកប​ដោយ​និរន្តរភាព​»។

រ៉ាជែល បាន​បន្ថែម​ថា៖ «ឆ្នាំ​នេះ​​​យើង​ក៏​ចាប់​ផ្ដើម​កម្មវិធី​អាហា​រូបករណ៍ ​និង​កំពុង​ផ្ដល់​ឱ្យ​ក្មេងស្រី​ ២ ​នាក់​ ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ។ យើង​សង្ឃឹម​ថា ​កម្មវិធី​នេះ​ដើរ​បាន​ល្អ​ ដើម្បី​ឱ្យ​យើង​អាច​ជួយ​ដល់​ក្មេងស្រី​ដទៃ​ទៀត​ដែរ»​។

អ្នកស្រី​បញ្ជាក់​ទៀត​ថា៖ «បេសកកម្ម​យើង​ គឺ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ដែល​ថា ​បុរស​ជា​មាស ​ស្រ្តី​ជា​ក្រដាស​ដែល​ងាយ​នឹង​ប្រឡាក់​របស់​ខ្មែរ​ និង​បង្កើត​ចលនា​ឆ្ពោះ​ទៅ​រក​ភាព​ស្មើគ្នា​នៅ​ទូទាំង​ពិភព​លោក​»។​

សម្រាប់​ព័ត៌មាន​បន្ថែម «Penh Lenh» អាច​ទំនាក់ទំនង​បាន​តាម​កម្មវិធី Tiktok @penhlenhdesigns និង​វេបសាយ www.penhlenh.com៕