ភ្នំពេញ៖ សិល្បៈ​ដំឡើង និង​វីដេអូ​ចំណង​ជើង​ព្រះគន្លង (២០១៦-២០១៧) របស់​​លោក ខ្វៃ សំណាង ដែល​ផ្ដោត​លើ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង និង​ពិធី​ប្រពៃណី​ជំនឿ​សាសនា​​របស់​ពួក​គេ​ ត្រូវ​បាន​នាំ​យក​ទៅ​ដាក់​បង្ហាញ​នៅ​ព្រឹត្តិការណ៍​​មហោស្រព​សិល្បៈ​អន្តរជាតិ​ Helsinki Biennial ក្រុង​ហែលស៊ិនគី ប្រទេស​ហ្វាំងឡង់ រហូត​ដល់​ថ្ងៃទី ២៦ ខែ​ កញ្ញា ឆ្នាំ​ ២០២១។

ព្រឹត្តិការណ៍​​មហោស្រព​សិល្បៈ​អន្តរជាតិ​ The Helsinki Biennial: The Same Sea (សមុទ្រ​តែ​មួយ) ប្រមូល​ផ្ដុំ​ដោយ​ក្រុម​សិល្បករ​សិល្បការិនី​ចំនួន ៤១ នាក់ ឬ​ក្រុម​មក​ពី​ជុំវិញ​ពិភព​លោក​មក​បង្ហាញ​ស្នាដៃ​សិល្បៈ​សហសម័យ​នៅ​ដែន​កោះ វ៉ាលីសារី អតីត​ដែនដី​យោធា​បន្សល់​នូវ​​ស្លាក​ស្នាម​ពី​សង្គ្រាម​។

មហោស្រព​អន្តរជាតិ​នេះ​ក៏​មាន​ការ​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​ច្រើន​ទម្រង់​មាន​ទាំង​រូបថត វីដេអូ និង​ចម្លាក់ ដែល​កើត​ចេញ​ពី​ការ​ស្រាវជ្រាវ និង​ចំណាយ​ពេល​រស់នៅ​ស្វែង​យល់ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​រយៈពេល​ជាង ​១ ​ឆ្នាំ​ របស់​សិល្បករ ​ខ្វៃ​ សំណាង។

កើត​នៅ​ឆ្នាំ ១៩៨២ នៅ​ទឹកដី​ខេត្ត​ស្វាយរៀង លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គំនូរ​ពី​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​នៅ​រាជធានី​ភ្នំពេញ ជាទី​ដែល​លោក​រស់នៅ និង​ធ្វើ​ការ​រហូត​ដល់​បច្ចុប្បន្ន។

សិល្បករ​​​ពហុជំនាញ​សិល្បៈ​រូប​នេះ​​ និយម​បង្កើត​ស្នាដៃ​​ពី​ពិធី​វប្បធម៌​ប្រពៃណី និមិត្ត​រូប​ជំនឿ​សាសនា ប្រវត្តិសាស្ត្រ​ អាណានិគមនិយម សកលភាវូបនីយកម្ម​ អេកូឡូស៊ី បរិស្ថាន និង​មនុស្សធម៌។

ដោយ​ឡែក​នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​សិល្បៈ​ឯ​ដែន​កោះ​វ៉ាលីសារី ប្រទេស​ហ្វាំងឡង់ ស្នាដៃ​កាល​ពី​ជាង ៤ ​ឆ្នាំ​មុន​​របស់​លោក​មាន​ចំណង​ជើង​ថា ព្រះគន្លង ជា​ប្រភេទ​សិល្បៈ​ដំឡើង​​​ដែល​ច្របាច់​បញ្ចូល​រវាង​ស្នាដៃ​វីដេអូ ក្បាំង​មុខ​ធ្វើ​ពី​វល្លិ ឫស្សី លោហៈ និង​រូបថត ដែល​កើត​ចេញ​ពី​ការ​សិក្សា​ស្វែង​យល់​ពី​និមិត្តរូប ជំនឿ វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ជង។

ស្នាដៃ​របស់អ្នកសិល្បៈ​ឯទៀត​​នៅ​ Helsinki Biennial ឯ​កោះ​វ៉ាលីសារី។ ហ្វេសប៊ុក

ក្នុង​សំណេរ​លើ​វេបសាយ​របស់​លោក ខ្វៃ សំណាង​ បាន​បរិយាយ​ថា៖ «ខ្ញុំ​ជា​សិល្បករ​​ប្រណិប័តន៍​នូវសិល្បៈ​ពហុទម្រង់ ដោយ​ផ្ដោត​លើ​ការ​ច្នៃ​ប្រឌិត​សោភណភាព និង​យុត្តិធម៌​សង្គម។ ខ្ញុំ​ជា​សិល្បករ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ជំនាញ​ថតរូប ផលិត​វីដេអូ ចម្លាក់ និង​ស្នាដៃ​ដំឡើង»។

បច្ចេកទេស​ប្រើប្រាស់​វល្លិ​ជា​ក្បាំង​មុខ តំណាង​ឱ្យ​ក្រុម​សភាវ​មិនមែន​មនុស្ស ដែល​ជា​ទស្សនៈ​ជំនឿ​ពី​ចក្កវាឡ​នៃ​វប្បធម៌​នេះ។

លោក​ក៏​បាន​សហការ​ជាមួយ​នាដកា របាំ​ប្រពៃណីបុរាណ​ ង៉ែត រ៉ាឌី ក្នុង​ការ​បង្កើត​​កាយវិការ​រាំ ដែល​តំណាង​ឱ្យ​ទីតាង​ស័ក្ដិសិទ្ធិ​ជា​ច្រើន​នៅ​ជ្រលង​ភ្នំ។

យោង​តាម​វេបសាយ news.artnet.com ​ស្នាដៃ​សិល្បៈ​​មួយ​ចំនួន​ត្រូវ​បាន​ដាក់​តាំង​នៅ​ទីឥត​ដំបូល តែ​ ស្នាដៃ​របស់​លោក សំណាង​ រំលេច​នៅ​ក្នុង​​សាល​ងងឹត​។

ព្រឹត្តិការណ៍​​មហោស្រព​សិល្បៈ​អន្តរជាតិ​ Helsinki Biennial ស្វាគមន៍​សាធារណជន​ដោយ​សេរី ប៉ុន្តែ​អ្នក​ចូលរួម​ត្រូវ​បង់​ថ្លៃ​ជិះ​នាវា​មក​កោះ​ដោយ​ខ្លួន​ឯង៕