ភ្នំពេញ៖ រូបភាព​រំលេច​រូប​ព្រះពុទ្ធ ជ័យវរ្ម័នទី៧ ប្រាសាទ​ខ្មែរ ប្រធានាធិបតី​​អាមេរិក ​ប្រធានាធិបតី​ចិន ​ ផែនដី​​ព័ទ្ធ​​ប្រាង្គ​​​ប្រាសាទ​បុរាណ ​និង​ភព​ឯទៀត​​ដោយ​ប្រើ​ពណ៌​ស្រអាប់​​ជា​ស្នាដៃ​​ចុង​ក្រោយ​នៃ​​សហស្ថាបនិក​ជា​ទី​ស្រឡាញ់​នៃ​អង្គការ​ហ្វារ លោកគ្រូ ស្រី បណ្តូល ដែល​បាន​​លា​ចាកលោក​ដោយសារ​​ជំងឺ​កូវីដ​ ១៩ យ៉ាង​អាឡោះ​អាល័យ​បំផុត។

«ការងារ​នេះ​មិនទាន់​ហើយ​ទេ​ ចំណង​ជើង​ក៏​ខ្ញុំ​មិន​ដឹង​ថា ​យ៉ាងណា​ដែរ។ ខ្ញុំ​គូរ​បែប​ប្រើ​ការ​ស្រមៃ​បញ្ចូល​គំនិត​ក្នុង​នោះ​ ហើយ​មែនទែន​ទៅ​ ខ្ញុំ​ចង់​គូរ​បន្ថែម​រូប​មច្ឆា ចេតិយ​នៅ​ខាង​ក្រោម​ខាង​ស្ដាំ​ដៃ​តែ​មិន​ទាន់​មាន​ពេល​ធ្វើ​វា​ឱ្យ​រួចរាល់​»។ នេះ​ជា​សម្ដី​របស់​សិល្បករ​ ស្រី បណ្ដូល​ គ្រា​ដែល​លោក​​នៅ​មាន​ដង្ហើម។

គំនូរ​បញ្ចូល​​វប្បធម៌​ខ្មែរ​នឹង​សិល្បៈ​​សហសម័យ​​បង្កប់​​នូវ​អាថ៌កំបាំង​​​ បំផុស​ការ​ត្រិះរិះ​នេះ​ត្រូវ​បាន​​លោក​ធ្លាប់​ពន្យល់​ថា៖ «គំនិត​ខ្ញុំ​គឺ​ធ្វើ​ទាក់ទង​នឹង​​ពិភព​លោក​បច្ចុប្បន្ន​​នេះ​​ដូចជា ​ចិន អាមេរិក ពួក​គាត់​កំពុង​ប្រកួតប្រជែង​គ្នា​ទាំង​ផ្នែក​អវកាស សេដ្ឋកិច្ច ហើយ​វា​មាន​ឥទ្ធិពល​មក​លើ​ខ្មែរ​យើង។ ខ្ញុំ​ក៏​ទាញ​យក​​ទ្រឹស្ដី​ព្រះពុទ្ធ​មួយ​ថា ​កិច្ចការ​ទាំង​អស់​នេះ​ គឺ​គ្មាន​ន័យ​អ្វី​ទេ ព្រោះ​ចុង​ក្រោយ​​​ មនុស្ស​នឹង​ត្រូវ​បាន​ត្រឡប់​ទៅ​ជា​ដី​វិញ​»​។

ជា​អកុសល វេលា​ចុង​ក្រោយ​របស់​លោក​ បណ្ដូល នៅ​ថ្ងៃទី ៤​ ខែសីហា​ បាន​បន្សល់នូវ​ភាព​សោកសៅ​យ៉ាង​​ខ្លាំង​ដល់​សិស្ស​​សហគមន៍​​ហ្វារ​ និង​អ្នក​ដែល​ស្គាល់​រូប​លោក នៅ​ពេល​​លោក​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​ ១៩ ក្នុង​វ័យ​ ៤៩ ​ឆ្នាំ​។

ស្នាដៃ​គំនូរ​ពុំទាន់​មានឈ្មោះដែល​បន្សល់ទុក​ដោយ​លោក ស្រី បណ្ដូល។ រូបថត Phare

គំនូរ​តែងតែ​ជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល​​​នៅ​ក្នុង​ជីវិត​របស់​លោកគ្រូ បណ្ដូល។ ក្នុង​វ័យ​ជំទង់​ លោក​បាន​រៀន​គូរ​រូប​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ ជាមួយ​អ្នកគ្រូ​ជនជាតិ​បារាំង​ឯ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ព្រំដែន​ថៃ ​ដែល​មនុស្ស​រាប់ពាន់​នាក់​បាន​រត់​គេច​ពី​របប​​ប្រល័យ​​ពូជសាសន៍​ខ្មែរ​ក្រហម​។

ជា​វិចិត្រករ​ ១ រូប​ លោក​ចាប់​ផ្ដើម​ការ​តាំង​ពិព័រណ៍​តាំង​ពី​ឆ្នាំ ១៩៩៨​ នៅ​វិចិត្រសាល​រៃយំ​ រហូត​ដល់​មាន​ឈ្មោះ​បោះ​សំឡេង​ និង​ឱកាស​តាំង​បង្ហាញ​ស្នាដៃ​នៅ​វិចិត្រសាល​​នៅ​អង់គ្លេស ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា​ អូស្រ្តាលី សហរដ្ឋ​អាមេរិក​ និង​បណ្ដា​ប្រទេស​​ច្រើន​ទៀត។ លោក​ក៏​បាន​បោះពុម្ព​សៀវភៅ​ ២ ​ក្បាល ​​ក្រោម​ចំណង​ជើង​ថា «ហ្មដំរី» និង «ក្រឡេក​មើល​អង្គរ»។

លោកគ្រូ បណ្តូល សកម្ម​នឹង​កិច្ចការ​នៅ​ហ្វារ​រហូតដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​លោក​​។ លោក​បាន​បង្រៀន​សិល្បៈ​ ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​តែង​ប្រើ​​ចំណេះដឹង​របស់​លោក ដើម្បី​ចែក​រំលែក ​និង​ប្រាកដ​ថា​ ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​ភ្លេច​​ធាតុ​សំខាន់​នៃ​សិល្បៈ​ខ្មែរ​។។ លោក​​តែង​ជំរុញ​សិស្ស​ឱ្យ​គិត​ក្រៅ​ប្រអប់​ដោយ​ការ​ប្រើ​ក្ដី​ស្រមើស្រមៃ​។

លោក អូស្មាន់​ ខាវ៉ាចា​ ជា​នាយក​ប្រតិបត្តិហ្វារ​ថា៖ «​លោកគ្រូ បណ្ដូល ​គឺ​ជា​វិចិត្រករ​ច្នៃប្រឌិត​ម្នាក់​។ សិល្បៈ​របស់​លោក​មាន​គ្រប់​ប្រភេទ​តាំងពី​គំនូរ​ដូច ទៅ​ចម្លាក់​មាន​ប្រើប្រាស់​ផ្សែង ក្រមួន និង​ខ្សែ​ភ្លើង»។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​៖ «យើង​នឹង​​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​បន្ត​កេរ​ដំណែល​ ​និង​ក្ដី​ស្រមៃ​​របស់​គាត់​។ ​យើង​នឹង​បន្ដ​អ្វី​ដែល​គាត់​ចាប់​ផ្ដើម​។ យើង​នឹង​យក​ជីវិត​គាត់​ជា​ការជំរុញ​ទឹក​ចិត្ត​យើង​ឱ្យ​ទៅ​មុខ​»។

លោក​ក៏​មាន​ការងារ​ទើប​តែ​បញ្ចប់​មួយ​ផ្សេង​ទៀត​ដែល​តំណាង​ឱ្យ​អប្សរា ​និង​អ្នក​នយោបាយ​ ដែល​គ្រោង​នឹង​​ដាក់​តាំង​នៅ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ២៣ ខែ​ តុលា​ ឆ្នាំ ២០២១ បន្ទាប់​មក​បង្ហាញ​នៅ​ឯ​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​នៅ​ភ្នំពេញ​។

អ្នកនាង​ ម៉ហ្គេន ដារ៉ាស​ ជា​អ្នក​សម្របសម្រួល​ទំនាក់ទំនង​នៅ​ហ្វារ​បាន​ឱ្យ​ដឹង​ថា នឹង​ព្យាយាម​​ធ្វើ​ឱ្យ​ស្នាដៃ​ដែល​នៅ​សេសសល់​របស់​លោកគ្រូ បណ្ដូល​ អាច​បង្ហាញ​ជូន​​សាធារណជន​ និង​មនុស្ស​ជំនាន់​ថ្មី​ឱ្យ​យល់​ និង​រៀន​ពី​សិល្បៈ​របស់​គាត់​។

លោកបាន​ធ្វើការ​យ៉ាង​សកម្ម​នឹង​កិច្ចការ​សិល្បៈ នៅ​ហ្វារ​រហូតដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​លោក​​។ រូបថត Phare

អ្នកនាង​បាន​បរិយាយ​ស្នាដៃ​របស់​លោក បណ្ដូល ថា៖ «រាល់​ស្នាដៃ​គាត់​យើង​អាចឃើញ​ការ​តាំង​ចិត្ត​មោះមុត​ទៅ​លើ​គំនិត​ថ្មីៗ​។ គាត់​បាន​ប្រើ​សិល្បៈ​​គំនិត និមិត្តសញ្ញា រឿង​ព្រេង​និទាន និង​កំណាព្យ​​ ដើម្បី​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​គាត់​ និង​រឿង​រ៉ាវ​របស់​ប្រទេស​កម្ពុជា ​ដែល​ឆ្លង​កាត់​អតីតកាល​​ខ្មៅ​ងងឹត​ទៅ​ជា​ភាព​ស្រស់​ស្អាត​ជាសកល ​និង​មាន​អត្ថន័យ​»។

លោកគ្រូ បណ្ដូល​ មាន​បំណង​ចង់​ឃើញ​សាលា​ជំនាញ​សិល្បៈ​សូនរូប​​រីកចម្រើន​​ និង​លើក​ទឹក​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយ​ជា​សិល្បករ​ផ្នែក​នេះ​កាន់​តែ​ច្រើន​។

ក្នុង​កិច្ចសម្ភាសន៍ ១ ​លោក ​បណ្ដូល​ ធ្លាប់​បាន​ថ្លែង​ថា​៖ «យើង​ចង់​ផ្តល់​ឱ្យ​សិស្ស​នូវ​ជំនាញ​បច្ចេកទេស​ពេញលេញ​ ចំណេះដឹង​មូលដ្ឋាន​ និង​វប្បធម៌​ដ៏​រឹងមាំ​នៃ​សិល្បៈ​ និង​សមត្ថភាព​ក្នុង​ការ​យល់ដឹង​ វិភាគ​ និង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ភាព​ច្នៃ​ប្រឌិត​។ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា ​អនាគត​ដ៏​ត្រចះត្រចង់​នឹង​មក​ដល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

ពេល​ការ​បិទ​ខ្ទប់​ត្រូវ​បាន​បញ្ចប់​ និង​ភរិយា​របស់​លោកគ្រូ​ បណ្ដូល​ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ហ្វារ​ គ្រោង​នឹង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​មរតក​​របស់​គាត់​ឱ្យ​បាន​សមរម្យ​។

សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សិល្បករ​រូប​នេះ​ អាច​ចូលរួម​បរិច្ចាគ​​ទៅ​​​ភរិយា​របស់​លោក ស្រី បណ្ដូល ​តាមរយៈ ABA bank account: Ourn Chansophorn 002 191 255៕