ភ្នំពេញ៖ ថ្វី​ដ្បិត​ថា​ការ​ប្រើប្រាស់​សម្ភារ​ផ្ទះបាយ​ប្លែក​ និង​ស្អាតៗ​ មិន​បាន​បន្ថែម​រសជាតិ​ដល់​ម្ហូប ​តែ​វា​ជា​ក្ដីសុខ​មួយ​របស់​​មេផ្ទះ​​គ្រប់​រូប​។

ជាមួយ​រូបរាង​ក្រឡា​ឈើ​តាក់តែង​ដោយ​ធម្មជាតិ ជ្រញ់​ធ្វើ​ពី​ដើម​ម៉ៃសាក់​របស់​​សិប្បកម្ម​នៅ​រតនគិរី​ កំពុង​អន្ទង​ចិត្ត​ទាំង​អ្នក​ចម្អិន​ និង​អ្នក​​ទទួល​ទាន​ជាដើម​។​

ក្រៅ​ពី​បំពេញ​តួនាទី​របស់​វា​ក្នុង​ការ​ហាន់​បន្លែ​សាច់​ ជ្រញ់​​ប្រណីត​​ត្រូវ​បាន​ប្រើ​ជំនួស​ចាន​អាហារ​​ក្រៀម​ដូចជា ស្តេក ត្រី​សាល់ម៉ុន និង​គ្រឿង​សមុទ្រ​​​បាន​​យ៉ាង​ល្អ​​ឥត​ខ្ចោះ​ ដែល​អាច​វេច​ខ្ចប់​​ទៅ​ប្រើ​​​ក្នុង​ដំណើរ​កម្សាន្ត​ពិកនិក​នែបនិត្យ​ធម្មជាតិ​។

លោក សិរី មុនី​ ជា​ស្ថាបនិក​របស់​ប្រ៊េន​ VM ជ្រញ់​ប្រណីត​បាន​រៀបរាប់​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «បើ​និយាយ​ពី​គំនិត​កែច្នៃ​ វា​ក៏​ព្រោះ​ខ្ញុំ​ជា​អ្នក​រកស៊ី ហេតុ​នេះ​​ចេះ​តែ​ព្យាយាម​គិត​អ្វី​ថ្មីៗ​សម្រាប់​តម្រូវ​ការ​អតិថិជន​។ មែន​ទែន​ទៅ​ជ្រញ់​​នេះ​យើង​ច្នៃ​មិន​ទាន់​បាន ១ ​ខែ​ផង ហើយ​ទើប​តែ​សាក​ដាក់​លក់​ឃើញ​ថា​ តាមរយៈ​ទីផ្សារ​អនឡាញ​មាន​សម្ទុះ​គាំទ្រ​ច្រើន​»។​

រូបរាង​ពិសេស​នៃ​ជ្រញ់​​ម៉ៃសាក់​ ជា​អ្វី​ដែល​​ធ្វើ​​ឱ្យ​វា​​​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ក្រៅ​ពី​ភាព​​រឹងមាំ។

លោក មុនី បាន​បរិយាយ​ថា​​៖ «ដើម​ម៉ៃសាក់​នេះ​វា​មាន​ក្រយៅ​ ​ភ្នែក និង​ខ្លឹម​ហាក់​មាន​អ្នក​ឆ្លាក់​ពី​ធម្មជាតិ​តែ​ម្ដង​។ ខ្លះ​ដូចជា​រូប​ព្រះអាទិត្យ​រះ​ រូប​ឥន្ទ្រី រូប​មេអំបៅ ដោយ​ហេតុ​នោះ​ទើប​វា​ក្លាយជា​ជ្រញ់​មាន​រូបរាង​តែ​មួយ​នៅ​លើ​លោក​ ហើយ​វា​មិនមាន​ជ័រ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​»។

លោក​បាន​បញ្ជាក់​ថា វា​ជា​ប្រភេទ​ជ្រញ់​ស្វិត​ធន់​គ្រប់​ស្ថានភាព​កើត​ចេញ​​ពី​ការ​កែច្នៃ​បែប​ធម្មជាតិ​សុទ្ធសាធ​ មិន​មាន​ប្រើប្រាស់​ថ្នាំ​នោះ​ទេ​។

អតិថិជន​មាន​ជម្រើស​ ៣ ​ប្រភេទ​ គឺ​ជ្រញ់​កម្រាស់ ៣ ហ៊ុន មុខ​កាត់ ​២ តឹក តម្លៃ​ ៩,៩ ដុល្លារ ៤ ហ៊ុន មុខកាត់ ២ ​តឹក​ឡើង តម្លៃ​ ១៥,៩ និង​ ៥ ​ហ៊ុន មុខ​កាត់ ៣ តឹក តម្លៃ ២៩,៩ ​ដុល្លារ​។

តែ​ជ្រញ់​ខ្លះ​មាន​​កម្រាស់​ពី ៧ ទៅ ៩​ តឹក​ និង​អាច​​តម្លៃ​​ដល់ ៧ ០០០ ​ដុល្លារ​ឯណោះ​។ លោក​ សិរី​ បញ្ជាក់​ថា​ តម្លៃ​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ ខ្នាត និង​ភាព​ពិសេស​ពី​ធម្មជាតិ​របស់​វា​។

លោក សិរី មុនី (ស្ដាំ) កាន់​បង្ហាញ​ជ្រញ់​ដើមម៉ៃសាក់​ដែល​មាន​ក្រយៅ​ពីធម្មជាតិ​សណ្ឋានរូបរាង​​ខុសៗគ្នា​។ រូបថត សហការី

លោក​​បាន​ប្រាប់​ពី​ដំណើរការ​ផលិត​ត្រួសៗ​ផង​ដែរ​ថា៖ «​ឈើ​មួយ​ដើម​មិនមែន​កាប់​ភ្លាម​វា​ចេញ​ជា​​ជ្រញ់​តែ​ម្ដង​ទេ។ សិប្បករ​ត្រូវ​ហាល​វា​ឱ្យ​ស្ងួត​ ហើយ​​ដាក់​នៅ​ឡ​សម្ងួត បន្ទាប់​មក​កាត់​សម្បក​ចេញ រួច​យក​ទៅ​ខាត់ ហើយ​ហាល ​ទើប​យក​វា​មក​លាប​ប្រេង​​អូលីវ​ដើម្បី​ឱ្យ​វា​មាន​សោភណភាព​ស្អាត​»។

ចាប់​ផ្ដើម​ចូល​ទីផ្សារ​ថ្មីៗ​លោក​ទទួល​បាន​ការ​សួរ​នាំ​ច្រើន ប៉ុន្តែ​លោក​ថា​ ពេល​នេះ​លោក​កំពុង​ពង្រឹង​គុណភាព​​ជ្រញ់ សេវាកម្ម​ដឹក​ជញ្ជូន និង​រៀបចំ​ដេគ័រ​ហាង ​ដើម្បី​អតិថិជន​អាច​មក​ទិញ​ផ្ទាល់​ និង​​ធ្វើការ​ចុះ​បញ្ជិកា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​​។

បើ​សិន​សម្ទុះ​គាំទ្រ​នៅ​តែ​កើន​ឡើង លោក​ថា​ នឹង​ផ្ដោត​ទៅ​លើ​ ៣ ​ខេត្ត​ដំបូង​សិន​គឺ បាត់ដំបង កំពង់ចាម និង​ភ្នំពេញ​ មុន​នឹង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ រួម​ទាំង​ពិចារណា​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​ពេល​នេះ​បរិមាណ​ការ​ផលិត​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ឱ្យ​ដឹង​ថា៖ «​បច្ចុប្បន្ន​យើង​មិន​ទាន់​មាន​ជ្រញ់​លក់​ឱ្យ​គ្រប់​ទេ​ ដោយសារ​ពេល​បង្ហោះ​សាក​មាន​ការ​កុម្ម៉ង់​ច្រើន​តែ​ផលិតភាព​អាច​ផលិត​ ១ ​​ខែ បាន​តែ​ ២ ​ពាន់​ជ្រញ់​។ វា​ជា​អាជីវកម្ម​មួយ​ស្ថិត​ក្នុង​បរិបទ​កូវីដ​យើង​​មិនទាន់​សូវ​ហ៊ាន​សម្រុក​ខ្លាំង​ទេ​»។

យ៉ាងណា​មិញ ​មហិច្ឆតា​នា​ថ្ងៃ​អនាគត​របស់​​​លោក​ គឺ​ចង់​ឃើញ​ជ្រញ់​ប្រណីត​ត្រូវ​បាន​ប្រើ​​ជំនួស​ចាន​សម្រាប់​​​អាហារ​ដូចជា​សាច់អាំង​ និង​ពេល​ទៅ​ពិកនិក ព្រោះ​វា​ស័ក្ដិសម​នឹង​បរិយាកាស​ដំណើរ​កម្សាន្ត​តែ​ម្ដង។

លោក​មាន​ដៃគូ​សហការ​ដែល​មាន​ចម្ការ​ម៉ៃសាក់​​ជាង​ ១០០ ​ហិកតា ​នៅ​រតនគិរី ​និង​បាន​ចំណាយ​ពេល​ដាំ​ជាង​ ២២ ​ឆ្នាំ​។

លោក​ សិរី ​បាន​រៀបរាប់​ពី​គុណសម្បត្តិ​​នៃ​ដំណាំ​នេះ​ថា​​៖ «ម៉ៃសាក់​​ជា​ដំណាំ​កសិទេសចរណ៍ និង​កសិឧស្សាហកម្ម​។​ យើង​អាច​យក​វា​មក​កែច្នៃ​ហើយ​ជំរុញ​​ឱ្យ​មាន​កំណើន​​ទេសចរ​នៅ​ក្នុង​ស្រុក​ព្រោះ​ម៉ៃសាក់​​ចូលរួម​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន​។ វា​ជា​ឈើ​ប្រណី​ត​ហើយ​ដាំ​ក្នុង​រយៈពេល​ខ្លី​ និង​កាប់​ហើយ​ដុះ​ឡើង​វិញ​»។

ក្រៅ​ពី​ផ្គត់ផ្គង់​ជ្រញ់​នៅ​ក្នុង​ទីផ្សារ​ គោលដៅ​របស់​លោក​ដែល​​ជា​អ្នក​ប្រឹក្សា​​​​យោបល់​ដល់​​ដៃគូ​សហការ​​​​ផង​ដែរ​នោះ គឺ​ចង់​ឱ្យ​ផ្ដល់​ជម្រើស​គ្រឿង​ដេគ័រ​ផ្ទះ ជណ្ដើរ និង​សង្ហារិម ដោយ​ប្រើ​ឈើ​ម៉ៃសាក់​ដែល​មាន​គុណភាព​​ល្អ​ជំនួស​ឱ្យ​​ឈើបេង ឬ​ឈើ​នាងនួន។​

លោក មុនី មាន​ដៃគូសហការ​ដែល​មានចម្ការម៉ៃសាក់ជាង ១០០​ហិកតា​នៅ​រតនគិរី​។ រូបថត សហការី

លោក​ សិរី​ បាន​និយាយ​ថា​៖ «VM ជ្រញ់​ប្រណីត​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​នៅ​សម័យ​កូវីដ​។ យើង​ធានា​ថា ​បងៗ​ដែល​ទិញ​ទៅ​ទទួល​ទាន​នឹង​មាន​អារម្មណ៍​ល្អ មាន​ប្រណីតភាព​​ សោភណភាព​ និង​ឱជារសឆ្ងាញ់​។ យើង​​អរគុណ​អ្នក​គាំទ្រ​ដែល​បាន​យល់​​ថា ​ឈើ​ម៉ៃសាក់​អាច​ទៅ​ជំនួស​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ចូលរួម​ការពារ​បរិស្ថាន ​និង​កាត់​បន្ថយ​នូវ​​ការ​ចំណាយ​ទៅ​លើ​ចាន​»។

លោក​ក៏​ទទូច​ឱ្យ​មាន​ការ​គាំទ្រ​​ផលិតផល​ក្នុង​ស្រុក​ដែល​​​ចូលរួម​ចំណែក​​ជំរុញ​​ឱ្យ​មាន​​កំណើន​ការងារ​ដល់​ប្រជាជន​ផង​ដែរ​។

លោក​បាន​បន្ថែម​ទៀត​​ថា៖ «សព្វថ្ងៃ​យើង​អាច​ផ្ដល់​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជាង ៥០ ​នាក់​ដែរ។ យើង​ចង់​ជំរុញ​ឱ្យ​បងប្អូន​ទាំង​អស់​គិត​ថា ​ការ​កែច្នៃ​​ឈើ​ម៉ៃសាក់​នេះ​ជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ទីផ្សារ​ក្នុង​បរិបទ​អាស៊ាន​»៕