ក្រុងប៊ែរឡាំង៖ ស្ដ្រី​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​ផ្ដល់​កំណើត​កូន​ស្រី​នៅ​លើ​យន្ដហោះ​ទាហាន​អាមេរិក​ មិន​យូរប៉ុន្មាន​ក្រោយ​ពី​មកដល់​យន្ដហោះ​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​អាល្លឺម៉ង់។ នេះបើ​យោងតាម​កង​ទាហាន​អាកាស​អាមេរិក​បាន​​ឱ្យកាលពីថ្ងៃ​អាទិត្យ។

អំឡុង​ពេល​ហោះហើរ​ពី​មូលដ្ឋាន​កងទ័ព​នៅ​មជ្ឈិមបូព៌ា​ ស្ដ្រី​ម្នាក់​បាន​ចូល​បន្ទប់​សម្រាក​ និង​ចាប់​ផ្ដើម​មាន​អារម្មណ៍​មុន​ស្រួល។

បញ្ជាការ​កង​ទ័ព​អកាស​ចល័ត​អាមេរិក បាន​សរសេរ​លើ​ Twitter ថា​៖ «​មេបញ្ជាការ​កងទ័ព​អាកាស​បាន​សម្រេច​ចិត្ដ​បញ្ជា​ឱ្យ​ឡើង​ខ្ពស់​ដើម្បី​បង្កើន​សម្ពាធ​ខ្ពស់​ក្នុង​យន្ដហោះ​ ដែល​ជួយ​ដល់​ស្ថេរភាព និង​សង្គ្រោះ​ជីវិត​ម្ដាយ​»។

ពេល​ចុះ​ចត​ដល់​មូលដ្ឋាន Ramstein ភ្លាម ក្រុម​គ្រូពេទ្យ​កងទ័ព​អាមេរិក​បាន​ជួយ​ស្ដ្រីរូបនោះ​សម្រាល​កូន​ក្នុង​បន្ទប់​ដាក់អីវ៉ាន់។ ទាំង​ម្ដាយ និង​កូន​បន្ទាប់​មក​ត្រូវបាន​បញ្ជូន​មន្ទីរពេទ្យ​ជិតនោះ និង​មាន​ស្ថាភាព​សុខភាព​ល្អ។

រូបភាព​ពី​វីដេអូ ក្រោយពេល​​ស្ដ្រី​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​ផ្ដល់​កំណើត​កូន​ស្រី​នៅ​លើ​យន្ដហោះ​ទាហាន​អាមេរិក​។ AFP

វីដេអូ​ឃ្លីប​បញ្ចេញ​ដោយ​ទាហាន​អាមេរិក​បាន​បង្ហាញ​ថា ម្ដាយ​ដេក​លើ​ស្នែង​សែង​ដែល​សែង​ចេញ​ពី​យន្ដហោះដោយ​ទាហាន​អាមេរិក​នៅ​មូលដ្ឋាន​កង​ទ័ព​ភាគ​នីរតី​ប្រទេស​អាល្លឺម៉ង់។

មួយ​សប្ដាហ៍​ក្រោយ ក្រុម​តាលីបង់​បាន​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន ប្រតិបត្ដិការ​ជម្លៀស​ពី​បណ្ដា​ប្រទេស​នានា​នៅ​បន្ដ​ក្រោម​ស្ថានភាព​តឹងតែង​ ដែលហ៊ុំព័ទ​ដោយ​ភាព​ចលាចល និង​ជ្រួល​ច្របល់​ពេញ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល។

តាំងពីថ្ងៃទី ១៤​ ខែ​សីហា មនុស្ស​ប្រមាណ ១៧ ០០០ នាក់ ត្រូវ​បាន​ជម្លៀស​ដោយ​ទាហានអាមេរិក រួមទាំង ពលរដ្ឋ​អាមេរិក ២ ៥០០ នាក់។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​អាមេរិ​កបាន​ឱ្យដឹង​​ដូច្នេះ។

អាមេរិក​បាន​ទទួល​ភ្លើង​ខៀវពី​អាល្លឺម៉ង់​ក្នុង​​ការ​ទទួល​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដោយ​ផ្ទាល់​ ដែល​មាន​ជំរំចាំទទួល​ស្រេច។ មនុស្ស​ប្រមាណ ១ ១៥០ ​នាក់​ ដែល​ចុះ​នៅមូលដ្ឋាន​​ ​Ramstein កាលពីថ្ងៃ​សៅរ៍ ដោយ​រំពឹងថា នឹង​បាន​ទៅ​ដល់​ទឹក​ដី​អាមេរិក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕ AFP/HR