ភ្នំពេញ៖ ចម្រាញ់ពីកុនជាង ៦០០ រឿង មកពីជាង ៧៥ ប្រទេស ព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ Venice International Film Critics'' Week ក្រុងវេនិស លើកទី៣៦ បានជ្រើសរើសខ្សែភាពយន្តថតនៅកម្ពុជា ជាពិសេសក្នុងការបញ្ចាំងសម្ពោធកម្មវិធីដែលធ្វើឡើងពីថ្ងៃទី ១ ដល់ ១១ ខែកញ្ញា ឆាប់ៗខាងមុខនេះ។

ថតនៅកម្ពុជា និងសម្ដែងដោយតួខ្មែរ ភាពយន្តរឿង «Karmalink» ឬ «ជាតិក្រោយ» ជាវណ្ណកម្មពីអ្នកដឹកនាំរឿងអាមេរិកលោក ជេក វ៉ចថែល (Jake Wachtel) ក្រោមផលិតកម្ម Valerie Steinberg មានមូលដ្ឋាននៅក្រុងឡូសអេនជឺលេស និងសហផលិតករខ្មែរលោក សុខ វិសាល ពីផលិតកម្ម ៨០២។

លោក វិសាល លើកឡើងថា៖ «វាជាកុនខ្មែរដំបូងមានការថតបែបលាយវិទ្យាសាស្រ្តហើយពាក់ព័ន្ធនឹងជំនឿទៅលើកម្មនឹងកើតឡើងក្នុងអនាគត។ សរុបទៅមានជាតិមុន ជាតិក្រោយ និងពាក់ព័ន្ធជាមួយធម៌»។

សាច់រឿងប្រទាក់ក្រឡាគ្នាពីអនាគតកាលរវាងចៃបច្ចេកវិទ្យាទ្រព្យស្ដុកម្នាក់ និងសហគមន៍ក្រីក្ររកអង្ករច្រកឆ្នាំងពុំបាន គឺក្មេងប្រុសអាយុ ១៣ ឆ្នាំ ឡេង ហេង ដែលមានសុបិនយ៉ាងប្រត្យក្សវិលទៅកាន់អតីតជាតិ។

ហេង និងមិត្តភក្តិជឿថា ពួកគេត្រូវស្វែងរកពុទ្ធបដិមា ១ អង្គ ដើម្បីស្រោចស្រង់ជម្រករបស់ពួកគេ និងស្វែងរកជំនួយពីអ្នករើសសំរាមក្បែរខាងផ្ទះឈ្មោះ ស្រីលក្ខណ៍។

ក្រោយពីជុំជើងគ្នា ពួកគេបានផ្សងព្រេងប្រមាញ់ពុទ្ធបដិមា។ ប៉ុន្តែពេលក្ដីសុបិនរបស់ ហេង លាយឡំអតីតជាតិ និងបច្ចុប្បន្នភាព អារម្មណ៍នៃការទទួលយកអត្តសញ្ញាណរបស់ខ្លួនចាប់ផ្ដើមច្របូកច្របល់។ កាន់តែបន្តដំណើរឆ្ពោះទៅគោលដៅ កាន់តែពិបាកនឹងទទួលយកការពិត។

នេះ គឺជាសាច់រឿងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រ «ជាតិក្រោយ» ដែលត្រូវបានថតនៅកម្ពុជា ដោយមានយុវជន-យុវតីខ្មែរជាតួអង្គសំខាន់ ហើយក៏ជាអតីតសិស្សរបស់អ្នកដឹកនាំរឿងអាមេរិកលោក វ៉ចថែល។ លោកមកនៅកម្ពុជានៅឆ្នាំ ២០១៥ ដើម្បីបង្រៀនការផលិតភាពយន្តដល់កុមារនៅសហគមន៍ត្រឡោកបែក ដែលក្លាយជាទីតាំងមួយក្នុងខ្សែភាពយន្តនេះផងដែរ។

ផលិតករ និង​អ្នកដឹកនាំ​ថត​ភាពយន្ត​លោក ជេក វ៉ចថែល។ រូបថត សហការី

ការជ្រើសរើសចូលព្រឹត្តិការណ៍ប្រកួតខ្សែភាពយន្តដ៏ធំនៅអ៊ីតាលី លោក វ៉ចថែល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «វាគួរឱ្យរំភើប និងជាកិត្តិយសបំផុត។ វាជាសក្ដានុពលកើតចេញពីការខិតខំរបស់ក្រុមការងារដែលបានប្រែក្លាយសុបិននេះទៅជាការពិត។ ខ្ញុំបានចំណាយពេលរៀបចំអស់រយៈពេល ៦ ឆ្នាំ ឥឡូវអាចប្រើវេទិកានេះចែករំលែកវាជាមួយពិភពលោក»។

អ្នកនិពន្ធ និងដឹកនាំរឿងរូបនេះបន្ថែមថា ភាពយន្តត្រូវបានជ្រើសរើស ព្រោះលោកគិតថា វាសមស្របនឹងកម្មវិធីនៅក្រុងវេនិស ដោយសាច់រឿងមានភាពថ្មីប្លែក ហើយមនុស្សមិនធ្លាប់បានទស្សនារឿងខ្មែរមានលក្ខណៈវិទ្យាសាស្រ្តពីមុនមកទេ។

កម្ពុជាច្រើនត្រូវបានពិភពលោកខាងក្រៅស្គាល់តាមរយៈរឿងខ្មែរក្រហម ឬសម័យអង្គរ តែវាហាក់ខ្វះចន្លោះអ្វីមួយ។

លោក វ៉ចថែល បានលើកឡើងថា៖ «ប្រាកដណាស់រឿងទាំងអស់នោះសំខាន់ តែតាមរយៈសាច់រឿង «ជាតិក្រោយ» លោកចង់បង្ហាញពីអនាគតឱ្យមនុស្សបាននិយាយពីភាពសំខាន់ដែលសង្គមទាំងមូលមានទិសដៅឆ្ពោះទៅមុខក្នុងប្រទេសកម្ពុជា»។

អ្នកដឹកនាំរឿងរូបនេះថា កម្ពុជាជាប្រទេសដែលមានទាំងលក្ខណៈប្រពៃណី និងភាពទំនើបរួមគ្នាគួរឱ្យចាប់អារម្មណ៍។ ស្របនឹងការរីកចម្រើនលឿនគួរឱ្យកត់សម្គាល់ ការផលិតកុនលាយវិទ្យាសាស្រ្តនៅប្រទេសនេះមានលក្ខណៈធម្មជាតិបំផុត។

លោករឹតតែសប្បាយចិត្តដែលស្នាដៃរបស់ខ្លួនត្រូវបានចាក់បញ្ចាំងជូនទស្សនិកជននៅរោងកុនផ្ទាល់ ខណៈពេលមហោស្រពភាពយន្តជាច្រើននៅតែដំណើរការចាក់បញ្ចាំងតាមអនឡាញ ព្រោះពិភពលោកពុំទាន់រសាយអស់វិបត្តិជំងឺនៅឡើយ។

លោកបាននិយាយថា៖ «ការបាននៅក្នុងបន្ទប់ជាមួយទស្សនិកជនហាក់ដូចវេទមន្ត ហើយដោយវាជាភាពយន្តបែបវិទ្យាសាស្ត្រ វាមានបែបផែនពិសេសច្រើន ដូចជាការរចនាសំឡេង និងគ្រប់ទិដ្ឋភាពទាំងអស់។ វានឹងជាទស្សនីយភាពដ៏ប្លែកមួយពេលបញ្ចាំងលើអេក្រង់ធំក្នុងរោងភាពយន្ត»។

ភាពយន្ត​រឿង «ជាតិក្រោយ» សម្ដែង​ដោយ​តួខ្មែរ​ជា​ច្រើន​រូប​។ រូបថត សហការី

លោក វ៉ចថែល ក៏មានចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានសង្ឃឹមខ្ពស់ទៅលើរឿង សង្ឃឹមវាអាចទៅដល់ពិភពលោកទាំងមូល រួមទាំងទស្សនិកជនខ្មែរផងដែរ។ ខ្ញុំបានប្រឹងអស់ពីសមត្ថភាព ដើម្បីឱ្យគេបានយល់ពីខ្មែរ។ សង្ឃឹមគ្រប់គ្នាមានមោទនភាពដូចដែលខ្ញុំមានមោទនភាពទៅលើវា»។

សហផលិតករខ្មែរ សុខ វិសាល ឆ្លើយតបទៅនឹងការរំពឹងរបស់លោកចំពោះទស្សនិកជនខ្មែរថា៖ «និយាយឱ្យត្រង់ខ្ញុំក៏មិនដឹងថា យ៉ាងណាដែរ ដោយសារកុននេះមិនមែនជាកុនមនោសញ្ចេតនា ឬកំប្លែងដូចពួកគាត់ធ្លាប់មើល តែខ្ញុំគិតថាសម្រាប់អ្នកចូលចិត្តបច្ចេកទេសច្រើន និងភាពប្លែកប្រហែលជាពេញចិត្តរឿងនេះ»។

លោកបានថ្លែងពីមោទនភាពចំពោះរឿងនេះថា៖ «ខ្ញុំសប្បាយចិត្ត និងមានមោទនភាពដែលកុនខ្មែរ ផលិតនៅស្រុកខ្មែរ តួសម្ដែងខ្មែរ និងក្រុមការងារខ្មែរជាច្រើនបានចូលរួមនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ និងនៅអាមេរិក»។

ថ្វីបើមិនទាន់មានកាលបរិច្ឆេទសម្ពោធក្នុងស្រុក តែអ្នកដឹកនាំរឿងអាមេរិកសូមឱ្យគ្រប់គ្នារង់ចាំការចាក់បញ្ចាំងនៅកម្ពុជា ព្រោះវាជារឿងដ៏អស្ចារ្យ រីករាយ និងបែបផ្សងព្រេងដែលមិនធ្លាប់មានពីមុនមក៕