ក្រុង​ការ៉ាកាស៖ ម៉ារ៉ាសៃបូ ត្រូវ​បាន​ស្គាល់​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ប្រេង​វេណេស៊ុយអេឡា តែ​វិបត្ដិ​កង្វះ​ប្រេង​ដ៏​រ៉ាំរ៉ៃ​បាន​បង្ខំ​ឱ្យ​អ្នក​នេសាទ ហ្វ្រេងឃ្លីន រ៉ូមេអូ ប្រើ​ទូក​ក្ដោង​ ហើយ​អ្នក​បើកបរ​​រថយន្ដ​ក្រុង​លោក ម៉ានូអែល ប្ដូរ​មក​ធាក់​រ៉ឺម៉ក​វិញ​។

វេណេស៊ុយអេឡា ស្ថិត​ក្នុង​តំបន់​ប្រេង​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​ តែ​ក្រោយ​ធ្លាក់​ការ​ផលិត​ពី​ជាង ៣ ​លាន​បារ៉ែល​ ក្នុង​ ១ ថ្ងៃ​ នៅ​ឆ្នាំ​ ២០១៤ មក​ត្រឹម​តែ ៥ ម៉ឺន​បារ៉ែល​ នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ន័យ​ថា ប្រទេស​នេះ​ត្រូវ​ការ​ប្រេង​នាំចូល​។

ស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ​ក្នុង​រដ្ឋ​ហ៊្សូលីយ៉ា ភាគ​នីរតី​ប្រទេស លោក រ៉ូមេអូ បាន​បង្ហាញ​ច្រវា​សម្រាប់​ចែវ​ទូក​លើ​បឹង ម៉ារ៉ាសៃបូ ជា​បឹង​ធំ​បំផុត​មួយ​នៅ​អាមេរិក​ខាង​ត្បូង​។

យុវជន​អាយុ ២៨ ​ឆ្នាំ​រូប​នេះ ​បាន​និយាយ​ខណៈ​ត្រឡប់​ពី​នេសាទ​វិញ​ថា​៖ «​យើង​ប្រើ​ក្ដោង​ ដោយសារ​គ្មាន​ប្រេង​។ វា​ជា​រឿង​ធម្មជាតិ​ទៅ​ហើយ ដែល​ត្រូវ​ប្រើ​ក្ដោង និង​ច្រវា​»។

ប្រេង​បាន​ក្លាយ​ជា​វត្ថុ​ប្រណីត​ក្នុង​តំបន់​ដែល​មាន​​​ស្ថានីយ​ហ្គាស​ផ្គត់ផ្គង់​​តិច​តួច​ ខណៈ​អតិថិជន​តម្រង់​ជួរ​រង់ចាំ​ជា​ច្រើន​គីឡូម៉ែត្រ​ ដែល​ស្ថានីយ​មួយ​ចំនួន​តូច​នៅ​បន្ដ​ចែកចាយ​។

ពលរដ្ឋ​គ្មានលទ្ធភាព​ប្រើសាំង ត្រូវ​ប្រើកម្លាំង​ធាក់ឈ្នាន់​កង់ ៣ ធ្វើដំណើរ​។ រូបថត AFP

ខណៈ​ប្រេង​សាំង​ធ្លាប់​តែ​មាន​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​នៅ​វេណេស៊ុយអេឡា ពេល​នេះ វា​មាន​តម្លៃ​ ២​ ដុល្លារ (៨ ​ពាន់​រៀល​) ក្នុង ១ ​លីត្រ​លើ​ទីផ្សារ​ងងឹត​ ដែល​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ពលរដ្ឋ។

ប្រជា​នេសាទ​តែងតែ​លក់​ទិន្នផល​របស់​ពួក​គេ​ក្នុង​ទីក្រុង​អាណានិគម​ ម៉ារ៉ាសៃបូ មុន​ពេល​ឆ្លង​បឹង​ទៅ​កាន់​ផ្ទះ​សម្បែង​ក្នុង​ក្រុង​ឡូស ពួតុស ដេ អាល់តាហ្គាស្យា តែ​បើ​មិន​មាន​ខ្យល់​ល្មម​ទេ ពួក​គេ​អាច​វិល​ពេញ​បឹង​។

លោក ហេនឌ័រ អ៊ូដាណេតា អាយុ ៥១ ឆ្នាំ ដែល​ធ្លាប់​ជា​យោធា​ដ៏​មាន​មោទនភាព​ម្នាក់​បាន​ត្អូញ​ថា​ ​ការ​ធាក់​រ៉ឺម៉ក​ដោយ​ជើង​ បាន​បង្ក​ជា​បញ្ហា​ឈឺ​ខ្នង តែ​លោក​មិន​អាច​ឈប់​ជាន់​ឈ្នាន់​បាន​ឡើយ​ ដោយសារ​តែ​ត្រូវ​ជួយ​ភរិយា​​ដែល​បាត់បង់​ក្រលៀន​ និង​ត្រូវ​ការ​ថ្នាំ​សង្កូវ​ជា​ប្រចាំ​។

ទោះបី​ជា​លំបាក លោក​គ្មាន​បំណង​ចាកចេញ​ពី​មាតុភូមិ​ជា​ទី​ស្រឡាញ់​ ឬ​ចូលរួម​ភៀស​ខ្លួន​ទៅ​ក្នុង​ជំរំ​ប្រទេស​កូឡំប៊ី ជាមួយ​ពលរដ្ឋ​ជាង ១,៨ លាន​នាក់​ទៀត​ឡើយ​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​កើត​នៅ​ទីនេះ ហើយ​ខ្ញុំ​នឹង​ស្លាប់​ទៅ​វិញ​នៅ​ទីនេះ​ ដោយ​ត្រូវ​ពុះពារ​ពី​កម្លាំង​ញើស​ឈាម​ ដូចជា​ទាហាន​ការពារ​ជាតិ​អ៊ីចឹង។ ខ្ញុំ​ធ្វើ​ការ​ដោយ​ប្រើ​រ៉ឺម៉ក​នេះ​ចិញ្ចឹម​ជីវិត​»៕ AFP/HR