ភ្នំពេញ៖ នា​ពេល​ថ្មីៗ​នេះ​ មាន​ការ​ផលិត​​​ចម្រៀង​ឡើង​វិញ​មួយ​បទ​ ​​មាន​ចំណង​ជើង​ថា «ស្នេហ៍​បាត់​សម្រស់» ជា​​ការ​ច្របាច់​បញ្ចូល​គ្នា​​ឱ្យ​ក្លាយ​ជា​បទ​​​ចម្រៀង​ឆ្លើយឆ្លង​​​រវាង​ចៅស្រី និង​តា គឺ​សំឡេង​​​កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ​​​និង​​សំឡេង​លោក​តា ស៊ីន ស៊ីសាមុត ដើម្បី​ចេញ​នៅ​ចំ​ថ្ងៃ​គម្រប់​ខួប ៨៨ ឆ្នាំ អតីត​តារា​ចម្រៀង អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត នៅ​​ថ្ងៃ​ទី​ ២៣ សីហា​ ឆ្នាំ​​ ២០២១ កន្លង​មក​នេះ​។​ ​

ចម្រៀង​​មនោសញ្ចេតនា រៀបរាប់​ពី​សេចក្តី​ស្នេហា ​កំលោះ​ក្រមុំ​ កាល​ពី​សម័យ​​​មុន​ តាមរយៈ​បទ​​​​ «​ស្នេហ៍​​​បាត់​សម្រស់» ​https://www.facebook​.​​com/watch/?v​=​5577​23​2​9​8​610406 ផលិត​ឡើង​វិញ​​ ជា​ប្រភេទ​ចម្រៀង​ MV ​ហើយ​​មាន​ការ​សម្តែង​​ដោយ​​​ក្រុម​​សិល្បករ-សិល្បការិនី ជំនាន់​ក្រោយ​​ក្រុម​​​ហ្វារពន្លឺ​សិល្បៈ​។ បទ​​ចម្រៀង​នេះ​​ធ្វើ​ឡើង​​វិញ​ថ្មី ដែល​ត្រូវ​បាន​ផលិត និង​កែ​សម្រួល​ដោយ​​​ ​Minor Act ​សហការ​ជាមួយ​​​​ក្រុម​​ហ្វារពន្លឺ​សិល្បៈ​ សម្រាប់​ខ្សែ​ភាពយន្ត «​ចម្រៀង​ឥត​ព្រាង​ទុក»​ ដែល​នឹង​ចាក់​បញ្ចាំង​​​ពេល​ឆាប់ៗ​នេះ។​

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រី​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត​។ ហ្វេសប៊ុក

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ផ្នែក​​ព័ត៌មាន​នៃ​​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​​​ថា​៖ «​ថ្ងៃទី ២៣ ខែ​សីហា​ ជា​ថ្ងៃ​​គម្រប់​ខួប​ទី ៨៨ ឆ្នាំ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។​ ដើម្បី​​ជា​ការ​អបអរ​សាទរ​ជីវិត​របស់​លោក​ ស៊ីន​ ស៊ីសាមុត​​ យើង​មាន​មោទនភាព​ សូម​បង្ហាញ​​ការ​​ច្រៀង​ឡើង​វិញ​ ដោយ​ចៅស្រី​​​​លោក​​គឺ​កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា​ ​នៃ​​ចម្រៀង​ដ៏​ល្បី​របស់​លោក​​​មាន​ចំណង​​ជើង​ថា «ស្នេហ៍​បាត់​សម្រស់»។

ប្រភព​ដដែល​បន្ត​ថា៖ «​វា​ជា​ចម្រៀង​ឆ្លើយ​​ឆ្លង​មិន​ធ្លាប់​មាន​មួយ​ រវាង​​ លោក ស៊ីន ស៊ីសាមុត ​និង កញ្ញា ​ស៊ីន សេដ្ឋសុជ្ឈតា ដែលជា​ចៅស្រី​បង្កើត​របស់​គាត់​។ ​ចម្រៀង​ធ្វើ​ឡើង​វិញ​ថ្មី​មួយ​​នេះ ​ត្រូវ​បាន​ផលិត ​និង​កែ​សម្រួល​​ដោយ Minor Act ​ក្នុង​កិច្ច​សហការ​ជាមួយ​ Phare Ponleu Selpak ​សម្រាប់​ខ្សែ​ភាពយន្ត​រឿង​ «​ចម្រៀង​​ឥត​ព្រាង​ទុក» ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ ​និង​ជា​​ចម្រៀង​​ដែល​មាន​តម្លៃជា​និរន្តរ៍​របស់​លោក ​ស៊ីន ស៊ីសាមុត។ ការ​ផលិត​ឡើង​វិញ​នូវ​បទ​ «ស្នេហ៍បាត់សម្រស់» ទទួល​​បាន​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​ផ្នែក​​​​កិច្ចការ​សាធារណៈ​​របស់​ស្ថានទូត​អាមេរិក»។​

ចំណែក​​ក្រុម​ហ្វារពន្លឺ​សិល្បៈ​ក៏​បាន​បង្ហោះ​សារ​តាម​គេហទំព័រ​ខ្លួន​​​ដែរ​ថា​៖ «​​ប្រសិន​បើ​ពេញ ១ ​ឆ្នាំ​នេះ​ អ្នក​អាច​មើល​​វីដេអូ​ចម្រៀង​បាន​តែ​ ១ បទ​នោះ វីដេអូ​ចម្រៀង​នោះ​​ គួរ​តែ​ជា​បទចម្រៀង​​នេះ ​«ស្នេហ៍​បាត់​​សម្រស់​»​​! សប្តាហ៍​​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​ទី ៨៨ ​ឆ្នាំ របស់​​លោក​ ស៊ីន ស៊ីសាមុត»។ ​

ឯ​ចៅស្រី​​លោក​ ស៊ីន ស៊ីសាមុត កញ្ញា​ ស៊ីន សេដ្ឋសុជ្ឈតា ក៏​បាន​​ច្រៀង​ចម្រៀង​ ១ បទ​​ទៀត​ ដើម្បី​អបអរ​សាទរ​ និង​ឧទ្ទិស​ថ្ងៃ​​ខួប​ ៨៨ ឆ្នាំ​ ​លោក​តា​ខ្លួន​ដែរ​។ កញ្ញា​បាន​បរិយាយ​ថា៖ «​ស្ដាប់​ទៅ​វា​រាង​​កំប្លែង​បន្តិច​ តែ​បំណង​ប្រាថ្នា​តែ​ ១ គត់​ ក្នុង​អាជីព​ជា​សិល្បការិនី​​​ នាង​​ខ្ញុំ​គឺ​បាន​បក​ស្រាយ​ចម្រៀង​ផ្ទាល់​​​ជាមួយ​លោកតា។ ក្នុង​​​​ឱកាស​ខួប​កំណើត​គម្រប់ ៨៨ ឆ្នាំ​ របស់​លោកតា​ នាង​ខ្ញុំ​បាន​លើក​​បទចម្រៀង​ ១ បទ​ បកស្រាយ​​ឡើង​វិញ​ដែរ​ គឺ​បទ​ «​សំរោង​ចុងកាល់» រីករាយ​ថ្ងៃ​កំណើត​​លោកតា!»៕​