ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ បង្កើតភាពភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែស្ត្រីខ្មែរ សញ្ជាតិអូស្ត្រាលី អ្នកនាង ហ្សារីណា ដែលជាប្រពន្ធប្រកាសលែងលះលោក ស៊ុក សុភា តារាសម្តែងប្រុសល្បីក្នុងចម្រៀងរឿង «ទុំទាវ» ក្រោយពីបានរៀបការជិត ១០ ឆ្នាំមកនោះ។
ចេញពីហ្វេសប៊ុកស្ត្រីជាភរិយាដែលមានគណនីឈ្មោះ Sarina Lucky Luy បានចេញសារប្រកាសក្តែងៗថា៖ «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅគាត់ធ្វើអ្វីជាសិទ្ធិរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយមានតែពាក្យថា ឆ្អែត!»។
អ្នកនាង ហ្សារីណា ក៏បន្តសារទៀត ក្រោយពីមានការជជីកសួរនាំនោះថា៖ « ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលែងសើចទេ។ សុំបកស្រាយថា ដែលយើងលែងគ្នា មិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើឱ្យយើងឃើញថា គ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនឱ្យតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្សដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បាលជាដាច់ខាត»។
អ្នកនាងបន្ថែមថា៖ «បើបងបានប្ដី មិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធអោយបានច្បាស់លាស់ផង យើងអោយឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ់គ្រួសារគេ តែសុំអោយចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង ២ ហ្នឹងឱ្យបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំឱ្យតែខ្ញុំជួយហើយ មើលរំលង ឬមិនឱ្យតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំឱ្យតែមិនឃើញតម្លៃខ្ញុំអាចបោះចោលដូចគ្នា»។
គួររំឮកដែរថា តារាសម្តែងលោក ស៊ុក សុភា បានរៀបការជាមួយនឹងភរិយា ហ្សារីណា ដែលជាជនជាតិខ្មែរ មានសញ្ជាតិអូស្ត្រាលីនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១២៕