ក្រុងឡូសអេនជឺលេស៖ បណ្ដាញ​ផ្សព្វផ្សាយ​អាមេរិក​ បាន​រាយការណ៍​កាល​ពីថ្ងៃពុធ ដោយ​ដក​ស្រង់​ពី​ឯកសារ​ដាក់ជូន​តុលាការ​ក្រុង​ឡូសអេនជឺលេស​ថា​ និមិត្ដរូប​តន្ដ្រី លោក កាន់យ៉េ វ៉េស បាន​ផ្លស់​ប្ដូរ​ឈ្មោះ​ផ្លូវច្បាប់​ឱ្យស្រប​តាម​រហស្សនាម​ធ្លាប់​ប្រើ​កន្លង​មក គឺ «យ៉េ»។

តារារ៉េប វ័យ ៤៤ ឆ្នាំ​រូបនេះ ចង់​ផ្លាស់​ប្ដូរ​ឈ្មោះ​ពេញ​ កាន់យ៉េ អូម៉ារី វ៉េស មកត្រឹមពីរអក្សរ «យ៉េ» តែមួយ​ម៉ាត់​គត់ ដោយ​គ្មាន​​ឈ្មោះ​កណ្ដាល​ និង​ត្រកូល។ នេះ​បើយោងតាម​ NBC News និង​បណ្ដាញផ្សព្វផ្សាយ​អាមេរិក​ដទៃទៀត។​

NBC បាន​ផ្សាយ​ថា ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​តម្រូវ​ឱ្យមាន​ ​«ហេតុផលផ្ទាល់ខ្លួន» និង​ត្រូវ​ទទួល​ស្គាល់​ដោយ​ចៅក្រម។ លោក វ៉េស ត្រូវបាន​ហៅថា យ៉េ ម្ដង​កាល​ដែរ ដោយ​បានសរសេរកាលពីឆ្នាំ​២០១៨ ថា លោក​ត្រូវបាន​ស្គាល់​ជា «កាន់យ៉េ វ៉េស។ ខ្ញុំជា យ៉េ​»។

តារា​រ៉េប កាន់យ៉េ វ៉េស អតីត​ស្វាមី គីម កាដាសៀន​ សម្រេច​ប្ដូរ​ឈ្មោះ​ជាផ្លូវការ​ទៅជា យ៉េ។

លោក​បាន​ចេញអាល់ប៊ុម​ចម្រៀង​មួយ​ដោយ​ប្រើ​ឈ្មោះ​ដូច​គ្នា​នេះ​ កាលពី​ឆ្នាំ ២០១៨ នោះដែរ។

តារា​ចម្រៀង​រ៉េប និង​ជាផលិតករ​តន្ដ្រី​មក​ពី​ឈីកាហ្គោ បាន​ឈ្នះពាន Grammy ចំនួន ២១។ លោក​ឈាន​ជើង​ចូល​​វិស័យ​ចម្រៀង​រ៉េប​បន្ដិច​ម្ដងៗ​រហូត​ដល់​បង្កើត​អាល់ប៊ុម​ចម្រៀង​ជាហូរហែ ដោយ​លក់ថាស​ចម្រៀង​​ជាង ២០ ​លាន​បន្ទះ។

លោក វ៉េស កាន់តែ​មានឈ្មោះ​បោះសំឡេង​ពីរឿង​រ៉ាវ​ជីវិត​ច្រើន​ជាង​វិថីសិល្បៈ​ ក្រោយ​ពី​ដៃគូ​ជិត ​១ ​​ទសវត្សរ៍​របស់លោក​គឺ គីម កាដាសៀន បាន​ដាក់​ពាក្យ​បណ្ដឹង​លែងលះ​កាលពី​ដើម​ឆ្នាំ។

មុន​ពេល​ធ្លាយ​ដំណឹង សម្ព័ន្ធ​ស្នេហា​របស់ពួកគេបាន​ប្រេះឆា​អស់​រយៈ​ពេល​ជាច្រើន​ខែ​ដោយ​កត្ដា​មិនសូវ​ចុះ​សម្រុង​នឹង​គ្នា។ លោក​ វ៉េស មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ដ ហើយ​កាល​ពីឆ្នាំមុន លោក​ប៉ុនប៉ង​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អាមេរិក៕ AFP/HR

តារា​រ៉េប កាន់យ៉េ វ៉េស អតីត​ស្វាមី គីម កាដាសៀន​ បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី មុនពេលលែងលះ។