ក្រុងវ៉ាស៊ីងតោន៖ YouTube បាន​ឱ្យដឹង​កាលពីថ្ងៃពុធថា ក្រុមហ៊ុន​នេះបាន​លុប​វីដេអូ​ចំនួន​ជាង ១​ លាន​ឃ្លីប​ ដោយ​ «​ផ្ទុក​នូវ​ព័ត៌មាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពីវីរុស​កូរ៉ូណា​» តាំងពី​ចាប់ផ្ដើម​ធ្លាក់​ក្នុង​​វិបត្ដិ​កូវីដ។

សេចក្ដីថ្លែងការណ៍​ចេញដោយ​វេទិការ​វីដេអូ​កម្មវិសិទ្ធិ​របស់​ Google ត្រូវបាន​ធ្វើឡើង​នៅពេល​បណ្ដាញសង្គម​បាន​រងនូវ​ការ​រិះគន់​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​ដឹក​នាំ​នយោបាយ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ប៉ះពាល់ ក៏ដូចជាប្រាកចាក​អំពី​បញ្ហា​វិរុស និង​ប្រធាន​បទ​ផ្សេងៗ​ទៀត។

YouTube បាន​បន្ដ​ឱ្យក្នុង​ប្លុក​ដែល​ក្រុមហ៊ុន​នេះ​ផ្អែក​ទៅលើ «ព័ត៌មាន​ទទួល​បាន​ពី​​អ្នក​ជំនាញ​ប្រចាំ​នៅ​អង្គការ​សុខភាព​នានា​» រួមទាំង មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺអាមេរិក និង​អង្គការ​សុខភាព​ពិភពលោក តែ​បាន​កត់​សម្គាល់​ថា ក្នុង​ករណី​ខ្លះ «​ព័ត៌មាន​ខុស​» ខ្លះ​មិន​ចាំ​បាច់​ពឹងលើ​អ្នក​ជំនាញ​វិនិច្ឆ័យ​ឡើយ​ តែពឹង​លើ​សភាពពិត។

ប្រធាន​ផ្នែក​ផលិត​ នៀល មូហាន់ បាន​សរសេរ​ថា​៖ «​គោលការណ៍​របស់​យើង​ផ្ដោត​លើ​ការ​លុប​វីដេអូ​ទាំងណា ដែល​បង្ក​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ពិភពលោក។ តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ យើង​បាន​លុប​វីដេអូ​ជាង ១​ លាន​ឃ្លីប ទាក់ទង​នឹង​ព័ត៌មាន​កូវីដ​ដ៏​គ្រោះថ្នាក់​នេះ។ ក្នុង​ពេល​នៃ​វិបត្ដិ​កូវីដ​សកល​នេះ មនុស្ស​គ្រប់រូប គួរតែទទួល​បាន​នូវ​ព័ត៌មាន​ពិត​ប្រាកដ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​»។

ក្រុមហ៊ុន​នេះបាន​លុប​វីដេអូ​ចំនួន​ជាង ១​លាន​ឃ្លីប​ ដោយ​ «​ផ្ទុក​នូវ​ព័ត៌មាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពីវីរុស​កូរ៉ូណា​»។

YouTube បាន​ឱ្យដឹង​ថា ខ្លួន​កំពុង​ពន្លឿន​នីតិវិធី​លុប​វីដេអូ​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ខណៈ​បញ្ជ្រៀប​ព័ត៌មាន​ពិត​ពី​ប្រភព​ផ្លូវ​ការ​នានា។

មូហាន់ បាន​និយាយថា បណ្ដាញ​សង្គម​នេះ​ទើប​លុប​វីដេអូ​ជិត ១០​ លាន​ឃ្លីប​មួយ​ត្រីមាស​ដំបូង ហើយ​វីដេអូភាគច្រើន​ក្នុង​ចំណោម​នោះ​មាន​អ្នក​ចូល​ទស្សនា​មិន​ដល់ ១០ ​ដង​ផង។

លោក​បាន​បន្ដថា​៖ «​ការ​លុប​ចោល​ក្នុង​ឆាប់​រហ័ស​គឺជារឿង​ចាំ​បាច់​ តែយើង​ដឹង​ថា នៅមិន​ទាន់​គ្រប់​គ្រាន់​នោះទេ។ រឿង​សំខាន់​បំផុតដែល​យើង​អាច​​ធ្វើ​បាន​គឺ​ថា បង្កើន​រឿងល្អ និង​កាត់បន្ថយ​រឿង​អាក្រក់។ បច្ចុប្បន្ន ពេល​យើង​ស្វែង​រក​ព័ត៌មាន ឬដំណឹង​អ្វីមួយ ពួកគេ​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​គុណភាព មិន​មែន​ជា​ដំណឹង​ស្លុត​ចិត្ដ​នោះទេ​»។

YouTube ក៏​បាន​បន្ថែមថា ខ្លួន​បាន​លុប​វីដេអូ​រាប់​ពាន់​ឃ្លីប​ដែលបាន​បំពាន​គោល​នយោបាយ​បោះឆ្លោត​ស្ដិពី​ការ​ផ្សាយ​ព័ត៌មាន​មិនពិត តាំងពី​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែ​វិច្ឆិកា ដោយ​វីដេអូ​ភាគច្រើន​ត្រូវបាន​លុបចោល​មុន​ពេល​មានការ​ទស្សនា​ដល់ ១០០​ ដង​៕ AFP/HR