ក្រុងដូដូម៉ា៖ កោះ​ហ្សានហ្ស៊ីបា បាន​ប្រកាស​ផែនការ​កាលពីថ្ងៃអង្គារ​ថា នឹង​កសាង​អគារ​ខ្ពស់​បំផុត​នៅ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​ ដោយ​ចំណាយ​ប្រាក់ ១,៣ ​ពាន់​លាន​ដុល្លារ​ ដែល​លើស​ថវិកា​ប្រចាំឆ្នាំ​របស់​ដែន​កោះ​នេះ​ជាង ៦០​ ភាគរយ​ឯនោះ។

អគារពាណិជ្ជកម្ម​ហ្សានហ្ស៊ី​បា ដូមីណូ កម្ពស់ ៧០​ ជាន់ នឹងត្រូវបាន​អភិវឌ្ឍ​លើ​ឆ្នេរ​ភាគ​ខាងលិច ចម្ងាយ​ប្រមាណ ១៥ ​គីឡូម៉ែត្រ​ពី​តំបន់​ទីក្រុង​ថ្ម (Stone Town) ដែល​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ និង​ពាក់ព័ន្ធជាមួយការ​បង្កើត​​កោះ​សិប្បនិម្មិត​ រួមនឹង​កំពង់ផែនាវាកម្សាន្ដ និង​កបាល់​ខ្នាត​យក្ស។

ក្នុង​ទឹក​ប្រាក់​ជាង ៣​ ពាន់​ពាន់​លាន​ស៊ីលីង​តង់ហ្សានី ការ​ចំណាយ​សរុប​ទំនង​ជា​លើស​ថវិការ​ដែនកោះ​តូច​នេះ​រវាង​ឆ្នាំ​ ២០២១ និង​ឆ្នាំ ​២០២២ ជាង ៦០ ​ភាគរយ។

មូដរីក រ៉ាម៉ាដាន សូរ៉ាហ្គា ជា​រដ្ឋមន្ដ្រី​ការងារ សេដ្ឋកិច្ច និង​វិនិយោគ​ប្រចាំដែន​កោះ​ហ្សានហ្ស៊ីបា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គម្រោង​នេះ​នឹងជួយ​ជំរុញ​កិច្ច​ខិត​ខំ​ប្រឹងប្រែងរបស់រដ្ឋាភិបាល​ក្នុង​ការ​កៀរគរ​អ្នក​វិនិយោគទាំង​ក្នុង និង​ក្រៅ​ប្រទេស​មក​កាន់​ដែន​កោះនេះ។

ភាព​ល្បីល្បាញ​នៃផ្ទៃ​ទឹកសមុទ្រ​ខៀវ​ស្រងាត់​ និង​​រុក្ខជាតិ​គ្រឿងទេស កោះ​ហ្សានហ្ស៊ីបា ពឹង​អាស្រ័យ​ចម្បង​លើ​វិស័យ​ទេសចរណ៍។

គម្រោង​ចុង​ក្រោយ​នឹង​មាន​អាផាតមិនចំនួន ៥៦០ សណ្ឋាគារ​ប្រណីត រីសត ទីលានវាយ​កូនហ្គោល និង​កន្លែងរៀបចំ​មង្គលការ។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​ដោយ​ក្រុមហ៊ុន​ឌីហ្សាញមូលដ្ឋាន​នៅ​​ញូវយ៉ក និង​ឌូបៃ xCassia ​សម្ព័ន្ធ​ក្រុមហ៊ុន ​AICL Group របស់​តង់ហ្សានី និង ​Crowland Management Ltd របស់​ស្កុត។

ជេន-ផូល សាសៀ ស្ថាបនិក​ក្រុមហ៊ុន បាន​ឱ្យដឹងក្នុង​សេចក្ដីថ្លែង​ការណ៍​ថា៖ «​នឹក​ឃើញ​ដំបូង​នៅ​ទីក្រុង​​ប៉ារីស​ក្នុង​ឆ្នាំ​២០០៩ ក្រោយ​ពី​កាល​ឪពុក​ខ្ញុំ​នៅ​រស់ កូន​ប្រុស​ខ្ញុំពីរនាក់ និងរូប​ខ្ញុំ​លេង​ដូមីណូ ខ្ញុំ​ស្រមៃ​ចង់​កសាង​គម្រោង​នេះ​នៅ​រយៈ​ពេល​ជាងមួយ​ទសវត្សរ៍​»។

ពេល​បញ្ចប់​ការ​សាង​សង់ អគារ​ខ្ពស់​កប់​ពពក​នឹង​ក្លាយជា​អគារ​ខ្ពស់​បំផុត​លំដាប់ទី២ នៅ​អាហ្វ្រិក បន្ទាប់​ពី​អគារ Iconic Tower កម្ពស់ ៨០​ ជាន់​នៅ​អេហ្ស៊ីប ដែល​គ្រោង​រួចរាល់​ឆ្នាំ​ក្រោយ។

ជាមួយភាព​ល្បីល្បាញ​នៃផ្ទៃ​ទឹកសមុទ្រ​ខៀវ​ស្រងាត់​ និង​​រុក្ខជាតិ​គ្រឿងទេស កោះ​ហ្សានហ្ស៊ីបា ពឹង​អាស្រ័យ​ចម្បង​លើ​វិស័យ​ទេសចរណ៍ និង​រង​គ្រោះបាត់បង់​ចំណូល​​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​ពេល​វិបត្ដិ​កូវីដ​សកល៕ AFP/HR