ក្រុង​ញូវដេលី៖ រដ្ឋធានី​ញូវដេលី​ ឥណ្ឌា​បាន​បើក​ដំណើរការ​ «ប៉ម​សម្អាត​ខ្យល់» លើក​ដំបូង​របស់​ខ្លួន​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​គោល​បំណង​កាត់​បន្ថយ​​ខ្យល់​កខ្វក់​​​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​មុន​អាយុ​រាប់​ពាន់​នាក់​រាល់​ឆ្នាំ។

ជាតិ​ពុល​ក្នុង​ខ្យល់​លើស​ពី​កម្រិត​​​​សុវត្ថិភាព​រហូត​ដល់ ២០ ដង ​ពិសេស​នៅ​រដូវរងា​នៅ​ពេល​ដែល​ប្រជាជន ២០ លាន​នាក់ ​នៅ​ទីក្រុង​នេះ​ហ៊ុមព័ទ្ធ​ដោយ​ស្បៃ​អ័ព្ទ​កខ្វក់​​ពណ៌​ប្រផេះ។

ប៉ម​​កម្ពស់ ២៥ ម៉ែត្រ មាន​សមត្ថភាព​បូម​ខ្យល់ ១ ០០០ ម៉ែត្រគុប​ ក្នុង​ ១ ​​វិនាទី​ តាមរយៈ​តម្រង​ដែល​កាត់​បន្ថយ​ភាគ​ល្អិត​ដែល​ប៉ះពាល់់​សុខភាព។

ប៉ម​នេះ​ចំណាយ​ការ​សាងសង់​​អស់ ២ លាន​ដុល្លារ​ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ​ការ​ដំឡើង​​ប៉ម​សម្អាត​​ខ្យល់​ទូទាំង​​ទីក្រុង​នឹង​ត្រូវ​ចំណាយ​ប្រាក់​​ច្រើន​សន្ធឹក ហើយ​​គួរ​តែ​​​​ផ្តោត​វិធានការ​លើ​ប្រភព​នៃ​ផ្សែង​អ័ព្ទ​វិញ​។

ទាំង​នេះ​រួម​បញ្ចូល​ទាំង​ផ្សែង​យានយន្ត ​ឧស្សាហកម្ម​តូច​ធំ​ សកម្មភាព​សាងសង់​ ការ​ដុត​កាក​សំណល់​ ឥន្ធនៈ និង​ការ​ដុត​​កម្ដៅ​​នា​រដូវរងា។

លោក ការធីក ហ្គាណេសាន មក​ពី​ក្រុម​ប្រឹក្សា​ថាមពល​បរិស្ថាន​ និង​ទឹក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ «ចូរ​យើង​ដឹង​ឱ្យ​ច្បាស់​ថា ​នេះ ​គឺ​ជា​ការ​ឥតប្រយោជន៍»។

លោក​បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ​ លុយ​បង់​ពន្ធ​ត្រូវ​បាន​ចំណាយ​ ហើយ​សុំ​ឱ្យ​ក្រុង​ញូវដេលី​ត្រឹម​តែ​​ទី​​សាកល្បង​​សម្រាប់​ទីក្រុង​ឥណ្ឌា​ដទៃ​ទៀត»។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ ​ឥណ្ឌា​មាន​ទីក្រុង​ ១៤ ក្នុង​ចំណោម​ទីក្រុង​ចំនួន ១៥ ដែល​មាន​ការ​បំពុល​បរិស្ថាន​ខ្លាំង​បំផុត។

ការ​សិក្សា​ឆ្នាំ ២០២០ ពី​ព្រឹត្តិបត្រ​សុខភាព​ Lancet បាន​រក​ឃើញ​ថា ​ប្រទេស​នេះ​មាន​​មនុស្ស​ស្លាប់​ ១,៦៧ ​លាន​នាក់ ​​ពី​ការ​បំពុល​បរិយាកាស​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​ក្នុង​នោះ​ទីក្រុង​ញូវដេលី មាន​ជិត​ ១៧ ៥០០ នាក់​។

នៅ​ឆ្នាំ​ ២០១៨ ​ចិន​បាន​សង់​ប៉ម​ចម្រោះ​ខ្យល់​កម្ពស់ ៦០ ​ម៉ែត្រ​​នៅក្នុង​ទីក្រុង​ស៊ីអាន ​​ប៉ុន្តែ​វា​​មិន​បាន​បន្ត​ទៅ​ទីក្រុង​ដទៃទេ​៕ AFP/HR