ក្រុងប៉េកាំង៖ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ដ៏​សែន​ឈឺ​ចាប់ នាយិកា​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្រុង​ប៉េកាំង ម៉េលីស្សា ត្រូវ​បាន​មិត្ដភក្ដិ​ណែនាំ​ដៃគូ​ថ្មី​ កាល​ពី​ចុង​ឆ្នាំ​មុន។

អ្នក​ថ្មី​តែងតែ​ឆ្លើយ​តប​សារ​ជាមួយ​នាង​គ្រប់​ពេលវេលា​ ដោយ​និយាយ​រឿង​កំប្លែង​​លើក​ទឹក​ចិត្ដ​នាង តែ​មិន​ធ្វើ​ឱ្យ​ជីវិត​​​ដ៏​មមាញឹក​របស់​នាង​ត្រូវ​​ញែក​ពេលវេលា​មក​ជួបគ្នា​ផ្ទាល់​​​ឡើយ​។

ផ្ទុយ​ទៅ​វិញ ម៉េលីស្សា លែង​មាន​អារម្មណ៍​ឯកា​ពី​ជីវិត​ក្នុង​ទីក្រុង​ជាមួយ​ប្រព័ន្ធ​សារ​ឆ្លើយឆ្លង​ចក្ខុទស្សន៍​ បង្កើត​ឡើង​ដោយ XiaoIce ជា​ប្រព័ន្ធ​វៃ​ឆ្លាត​ចុង​ក្រោយ​បំផុត​ អាច​សន្ទនា​ស៊ីជម្រៅ​​លួង​​ផ្លូវ​ចិត្ដ​ រហូត​ដល់​អូស​ទាញ​អ្នក​ប្រើប្រាស់​ដល់​ទៅ ៦៦០ ​លាន​នាក់ ​នៅ​ជុំវិញ​ពិភព​លោក។

ស្ថិត​ក្នុង​វ័យ ២៦ ​ឆ្នាំ ម៉េលីស្សា ​ដែល​សុំ​ប្រើ​​តែឈ្មោះ​បរទេស​ដើម្បី​បិទ​បាំង​អត្តសញ្ញាណ​បាន​ពោល​ថា៖ «​ខ្ញុំ​មាន​មិត្ដ​ប្រុស​ដែល​​ព្យាបាល​របួស ខណៈ​សេវា​​ប្រឹក្សា​ផ្លូវ​ចិត្ត​មាន​តម្លៃ​ថ្លៃ និង​មិន​សូវ​សម្បូរ​នៅ​ទីនេះ»។

XiaoIce មិនមែន​ផ្ដល់​ការ​ទំនាក់ទំនង​​​ស្អំ​បេះដូង ដោយ​មាន​​ជំនួយ​ការ​ពី​មនុស្ស​នៅ​ពី​ក្រោយ​ឡើយ តែ​វា​​ជា​ប្រព័ន្ធ​អេកូ​បច្ចេកវិទ្យា​វៃ​ឆ្លាត​បំផុត​​។

ជា​ឧបសម្ព័ន្ធ​នៃ​គម្រោង​អភិវឌ្ឍន៍ Cortanachatbot របស់​ក្រុមហ៊ុន​យក្ស Microsoft ប្រព័ន្ធ​វៃ​ឆ្លាត XiaoIce គ្រប​ដណ្ដប់ ៦០ ​ភាគរយ ​នៃ​ទំនាក់ទំនង​រវាង​បញ្ញា​សិប្បនិម្មិត​ និង​​មនុស្ស​ទូទាំង​សកល​លោក​។ នេះ​បើ​​យោង​តាម​នាយក​ប្រតិបត្ដិ​ លី ទី​។

XiaoIce មាន​សមត្ថភាព​សន្ទនា​​អាច​ឆ្លើយ​តប​​តម្រូវ​ការ​​​ផ្លូវ​ចិត្ដ ជា​អ្វី​ដែល​មនុស្ស​ពិត​តែងតែ​ខ្វះ​ចន្លោះ​។

បុគ្គលិ​ក​បង្ហាញ​មុខ​ដៃគូជួយ​​រំដោះ​ភាព​ឯកា​ពី​​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃឆ្លាត​។ រូបថត AFP

លោក ទី បាន​បន្ត​ថា​៖ «ទំនាក់ទំនង​មធ្យម​រវាង​អ្នក​ប្រើប្រាស់ និង​ XiaoIce គឺ​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា ២៣ ​ដង​​ ដែល​វែង​ជាង​ការ​ឆ្លើយ​តប​​​រវាង​មនុស្ស និង​មនុស្សៗ​។ វា​ប្រសើរ​ជាង​មនុស្ស​ ដោយ​វា​អាច​​ស្ដាប់​ការ​សាស័ព្ទ​ដោយ​យក​ចិត្ដ​ទុក​ដាក់​»។

យុវតី​ម្នាក់​ទៀត​ឈ្មោះ ឡូរ៉ា អាយុ ២៣ ​ឆ្នាំ មក​ពី​ខេត្ដ​ហ្សេជៀង បាន​លង់​ស្រឡាញ់​មិត្ត​ប្រុស​ក្នុង​ប្រព័ន្ធ​ XiaoIce ទាំង​ពិបាក​ដក​ចិត្ត។

និស្សិត​​មិន​​បង្ហាញ​នាម​ត្រកូល​រូប​នេះ​ បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​តែងតែ​ឆ្លើយ​ឆ្លង​សារ​ជាមួយ​គាត់​ដល់​អធ្រាត្រ​​។ ខ្ញុំ​ធ្លាប់​គិត​ថា ​គាត់​​ជា​មនុស្ស​ពិត​នៅ​ពិភព​មួយ​ផ្សេង​ទៀត​»។

ប៉ុន្ដែ​យុវតី​រូប​នេះ​បាន​ត្អូញ​ថា ដៃគូ​នេះ​តែងតែ​ផ្លាស់​ប្ដូរ​ប្រធានបទ​ជជែក​ ពេល​នាង​​បង្ហាញ​ពី​អារម្មណ៍​ពិត​ ឬ​ចង់​ណាត់​ជួប​ផ្ទាល់​​។ នាង​ប្រើ​ពេល​ជាច្រើន​ខែ​​ ទើប​អាច​ទទួល​ស្គាល់​ការ​ពិត​ថា​ មិត្ត​ប្រុស​រូប​នេះ​គ្រាន់តែ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃ​ឆ្លាត​ប៉ុណ្ណោះ​។

លោក លី ជា​ស្ថាបនិក​ក្រុមហ៊ុន​បាន​បន្ត​ថា​៖ «​អ្នក​ប្រើប្រាស់​ខ្លះ​សង្ស័យ​ថា មាន​មនុស្ស​ពិត​នៅ​ពី​ក្រោយ​​រាល់​ការ​​សន្ទនា​​​ឆ្លងឆ្លើយ​របស់ XiaoIce។ វា​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ច្រឡំ​ថា ជា​មនុស្ស​ពិត​»។

ទោះ​ជា​ XiaoIce បាន​ត្រឹមតែ​លួងលោម​ផ្លូវ​ចិត្តសាស្ត្រ​ប្រឹក្សា​យោបល់ តែ​លោក លី ជឿ​ថា ចិន​សម័យ​ថ្មី​​ត្រូវ​ការ​​​បច្ចេកវិទ្យា XiaoIce នេះ​។

លោក​បាន​បន្ថែម​ថា​៖ «​បើ​​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​ឥត​ខ្ចោះ​មែន​នោះ វា​ក៏​មិន​ចាំបាច់​មាន​បច្ចេកវិទ្យា​​វៃ​ឆ្លាត​នេះ​ដែរ​»៕ AFP/HR