ក្រុងប៉េកាំង៖ ឈ្មោះ​របស់​​តារាភាពយន្តស្រីដ៏ល្បីល្បាង​នាង​ ចាវ​ វៃ ដែល​គេ​ស្គាល់ថា​តួ​នាង ត្រចៀកកាំ ត្រូវបាន​លុបចេញ​ពី​គេហទំព័រ​វីដេអូ​ និង​បញ្ជី​រាយនាម​ស្នាដៃ​សិល្បៈ​នានា ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​បង្កើន​យុទ្ធនាការ​ប្រឆាំងនឹង​វប្បធម៌​តារា​ល្បី​បំពុលសង្គម។

លទ្ធផល​ស្វែងរក​ឈ្មោះ ចាវ វៃ ​ឬ ​វីគី ចាវ ដែលជា​តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ ត្រូវបាន​ជាប់បម្រាម​ដោយ​បណ្ដា​គេហទំព័រ​ផ្សាយ​វីដេអូ​ធំៗរបស់​ចិន នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

ឈ្មោះ​របស់​តារាសម្ដែង​ស្រី​វ័យ ៤៥​ឆ្នាំ​រូបនេះ ​​ក៏​ត្រូវបាន​ដកចេញភ្លាមៗពី​បញ្ជី​រាយនាម​សិល្បករ​សិល្បការិនី​ក្នុង​កម្មវិធី​​ទូរទស្សន៍​ធំ​ៗ ខណៈ​វេទិកា​ចែករំលែក​ព័ត៌មាន​ពិសេស​ពី​​​អ្នកនាង ចាវ វៃ នៅលើ​បណ្តាញ​សង្គមចិន​ Weibo ក៏ត្រូវ​បាន​បិទ​យ៉ាង​អាថ៌កំបាំង​ផងដែរ។

តារាសម្ដែង ចាវ វៃ ដែល​ត្រូវបាន​គេ​ស្គាល់តាម​រយៈ​តួអង្គ ត្រចៀក​កាំ ក្នុង​រឿងភាគ​បុរាណចិន។ AFP

តំណភ្ជាប់​ព័ត៌មាន hashtag «​កំពូល​ប្រធានបទពី​ ចាវ វៃ ត្រូវបានបិទ» ទទួលបាន​​ចំនួន​មើលរហូតដល់ ៨៥០លាន​ដង។

មកទល់ពេល​នេះ​មិនមាន​ហេតុផល​ផ្លូវការណ៍​​ណាមួយ​​បញ្ជាក់ពី​ការ​លប់ឈ្មោះ និង​បន្សាត់​វត្តមាន​ ចាវ វៃ​ពី​សង្គម​សិល្បៈ​នោះទេ។

ប៉ុន្តែ​កាលពីដើម​ឆ្នាំ តារាស្រី​ ចាវ វៃ និង​ស្វាមី​របស់​នាង​ត្រូវបាន​ហាមឃាត់​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​នៅ​ផ្សារ​ហ៊ុន​ស៊ាងហៃ ​កាលពីដើម​ឆ្នាំនេះ​ដោយសារតែ​ការដេញថ្លៃ​ដណ្តើម​យកបាន​បរាជ័យ​នៅ​ឆ្នាំ ២០១៦ ហើយ​​អាជ្ញាធរ​ធ្វើការ​សម្រេច​ថា​ «សកម្មភាព​នេះ​បាន​រំខាន​ដល់​សណ្តាប់ធ្នាប់​ទីផ្សារពាណិជ្ជកម្ម​»។

ឈ្មោះ​របស់​ ចាវ វៃ ​ត្រូវបាន​ដកចេញភ្លាមៗពី​បញ្ជី​រាយនាម​សិល្បករ​សិល្បការិនី​ក្នុង​កម្មវិធី​​ទូរទស្សន៍​ធំ​ៗ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឈានដល់​ការ​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​កម្សាន្ត​របស់​ចិន ហើយ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​ទូរទស្សន៍ CCTV បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា៖ «មួយរយៈ​នេះ​ការបរាជ័យ​ខាង​សីលធម៌​របស់​សិល្បករ​ និង​ការរំលោភច្បាប់​ការដាំដុះ​រូបពន្លក​សិល្បៈ​ក្មេង​ស្រករ​ក្រោយ​ខុស​​​វ័យ​សមស្រប និង​ភាពវឹកវរ​ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​​នៅក្នុង​សង្គម។ យើង​ត្រូវតែ​ស្តារ​បរិយាកាស​អក្សរសិល្ប៍​និង​សិល្បៈ​ដែល​ស្អាត​និង​សុចរិត​ឡើងវិញ​ដល់​សាធារណជន»។

​ចិន​បានចេញ​បទបញ្ជា​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ ​ហាមឃាត់​បញ្ជី​ចំណាត់ថ្នាក់​តារា​ល្បី ៗ និង​រឹតបន្តឹង​ការគ្រប់គ្រង​លើ​​ក្លិប​អ្នកគាំទ្រតារា​ ​និង​ទី​ភ្នាក់ងារ​គ្រប់គ្រងតារាដែល​បង្ក​នូវ​​​ភាពច្របូកច្របល់។

គេហទំព័រ​ផ្សាយ​វីដេអូ iQiyi បាន​និយាយថា​ ខ្លួន​បាន​បញ្ឈប់​កម្មវិធី​ប្រឡង​​ទេពកោសល្យ​ស្វែង​រក​ពន្លក​អ្នកសិល្បៈ​​​ទាំង​អស់​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ក្រុម​តន្ត្រី​យុវវ័យ​​​ចិន​មួយក្រុម​ដែល​មានសមាជិក​ជា​​​កុមារ​ថ្នាក់​បឋមសិក្សា​ត្រូវបាន​រំសាយ​ចោល​កាលពីដើម​សប្តាហ៍​នេះ​ ក្រោម​ហេតុផល​អាយុរបស់​​ពួកគេ​នៅក្មេង​ពេក​នាំ​ឱ្យ​មានការ​រិះគន់​​ជា​សាធារណៈ៕ AFP/HR

តារាស្រី​វ័យ ៤៥​ឆ្នាំ ចាវ វៃ មាន​ចម្ការ​ទំពាំង​បាយជូរនៅ​បារាំង និងទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ។ AFP