ក្រុងអូស្លូ៖ ស្លាក​សញ្ញា​ថ្មីមួយ​ដែល​ដាក់​នៅ​ព្រំដែន​ទន្លេ​ប្រទេស​ន័រវែស​ ជាមួយ​ប្រទេស​រុស្ស៊ី បាន​ក្រើន​រំឭក​ដល់​ភ្ញៀវ​ទេសចរ​ថា ការ​បត់​ជើង​តូច​បែរ​ទៅ​ភាគី​រុស្ស៊ី​ គឺជា​ទង្វើ​ខុស​ច្បាប់​ ដោយ​ត្រូវ​រង​នូវ​ការ​ពិន័យជាប្រាក់​ថែមទៀត​។

សរសេរ​ជាភាសា​អង់គ្លេស​ រំលេច​អក្សរ​ដិតៗ​ ស្លាកសញ្ញា​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ ចាកូបសេលវ៉ា ដែល​ខ័ណ្ឌ​ចែក​ន័រវែស​ពី​រុស្ស៊ី​ បាន​សរសេរ​ថា «​ហាម​នោមបែរ​ទៅកាន់​រុស្ស៊ី​»។

មេបញ្ជាការ​ព្រំដែន​ន័រវែស ជេនស៍-អាន ហ៊ុយឡាន់ បាន​ប្រាប់ AFP ថា៖ ​ស្លាកសញ្ញា​នេះ​ទំនង​ជា​តម្លើង​ដោយ​អ្នក​មាន​បំណង​ល្អ​ដើម្បី​ព្រមាន​ដល់​អ្នក​មាន​អត្ដចរិត​មិន​ថ្លៃថ្លូរ​»។

អ្នក​ល្មើស​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ ៣ ០០០​ ក្រូន័រ (ជិត ២​ លាន​រៀល)។ តំបន់​នោះ​មាន​ការ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ត្រើយ​ខាង​ន័រវែស ជាទីដែល​គយគន់​ប្រទេស​រុស្ស៊ី​យ៉ាង​ងាយ និង​មាន​​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ​។

លោក ហ៊ុយឡាន់ បាន​និយាយ​ថា៖ «​ការ​បត់ជើង​តូច​តាម​ធម្មជាតិ​មិន​មែនជា​បញ្ហាចោទ​ឡើយ តែ​វា​អាស្រ័យ​លើ​អត្ដចរិត​របស់​បុគ្គល​ម្នាក់​ៗ​។ ក្នុង​ករណី​បំពាន​ ជនល្មើស​នឹង​ប្រឈម​ច្បាប់​គ្រប់គ្រង​អត្ដចរិត​នៅ​តាមព្រំដែន​»។

រូបតំណាង៖ ប៉ូលិសន័រវែស​ប្រចាំ​នៅ​ព្រំដែន​ត្រួតពិនិត្យ​អ្នកដំណើរ​ឆ្លង​កាត់។ AFP

ច្បាប់​ន័រវែស​បាន​ហាម​ឃាត់​ទង្វើ​បំពាន​នៅ​តាម​ព្រំ​ដែន​ ដែលម៉ាក់ងាយ​ដល់​រដ្ឋ​ក្បែរ​ខាង ឬ​អាជ្ញាធរបស់​គេ។ យោងតាម​លោក ហ៊ុយឡាន់ ដែល​មានភារកិច្ច​រក្សា​ភាពថ្លៃថ្នូរ​នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ​ បាន​ឱ្យដឹងថា អាជ្ញាធរ​រុស្ស៊ី​មិន​ដែល​តវ៉ា​អំពី​ហេតុការណ៍​នោម​នេះទេ​។

វេបសាយ Barents Observer ដែល​បាន​បង្ហោះរូបថត និង​សំណេរ​ស្ដីពីស្លាកសញ្ញា​ បាន​រំឭក​ថា មនុស្ស​ ៤​ នាក់ ត្រូវបាន​ចាប់​ខ្លួន​ដោយ​ឆ្មាំ​ព្រំដែន​ន័រវែសកាលពី​ច្រើន​ឆ្នាំ​មុន​ ក្រោយ​ពី​ពួកគេគប់​ថ្ម​នៅ​ខាង​ភាគី​រុស្ស៊ី​ ហើយ​កាលពី​រដូវ​រងា​ឆ្នាំ​មុន ស្ដ្រី​ម្នាក់​ត្រូវ​បាន​ថត​សកម្មភាព​ដោយ​កាមេរ៉ា​សុវត្ថិភាព ត្រូវបាន​ពិន័យ​ប្រាក់ ៨០០០ក្រូន័រ​ ដោយ​បាន​ដាក់​ដៃ​ខាង​ឆ្វេង​ចូលដែនដី​រុស្ស៊ី​។

លោក ហ៊ុយឡាន់ បាន​បន្ដថា​៖ «​អស់​លោកអាច​គិតថា វិធាន​ការនេះធ្ងន់ធ្ងរពេក តែ​យើង​គ្រាន់តែ​បង្កើត​ច្បាប់​នៅតាម​ព្រំដែន​ឱ្យមាន​ការ​គោរពគ្នា​»។

ព្រំដែន​គោក​របស់​ន័រវែសជាមួយ​រុស្ស៊ី​លាត​សន្ធឹង​ ១៩៧,៧​គីឡូម៉ែត្រ​ គឺជា​ព្រំដែន​ខាង​ជើង​នៅ​អាក់ទិក​របស់​អង្គការ​ណាតូ​។

ទីក្រុង​អូស្លូ និង​មូស្គូ មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​តាម​ប្រពៃណី ថ្វីដ្បិតតែ​ភាព​តានតឹង​បា​នកើនឡើង​តាំងពីរុស្ស៊ី​រំលោភ​​បំពាន​ឧបទ្វីប​គ្រីមៀ​ក្នុង​ឆ្នាំ​២០១៤៕ AFP/HR

អ្នក​ល្មើស​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ ៣០០០​ក្រូន័រ (ជិត ២​លាន​រៀល)។