ក្រុង​ឌីបូទី៖ មើល​ពី​ចម្ងាយ ច្រាំង​ថ្ម​ពណ៌ខ្មៅ​មាន​គ្មាន​ខុស​ប្រក្រតី ដែល​ចាំង​រំលេច​ពន្លឺ​ព្រៀកៗ​ពីព្រះ​សុរិយា​ដ៏ក្ដៅ​ហែង​។ ប៉ុន្ដែ​ពេល​ទៅ​ដល់​ជិត ថ្ម​បាសាល់​ទាំង​នេះ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​គំនូរ​សត្វ​ជីរ៉ាហ្វ អូទ្រីស និង​រម៉ាំង​មុខ​ទាល​តាំងពី ៧ ​០០០ ​ឆ្នាំ​មុន​មក​ម្ល៉េះ។

ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​នេះ ដែលរំលេច​នៅលើថ្ម​ភាគ​ខាង​ជើង​ប្រទេស​ឌីបូទី ស្ថិត​ក្នុង​ចំណោម​សំណាកសិល្បៈ​​ថ្ម​ដ៏សំខាន់​បំផុត​នៃ​តំបន់ Horn of Africa ដ៏សម្បូរ​កេរ្ដិ៍តំណែល​បុរាណវត្ថុ​វិទ្យា​ និង​ជា​ទីកន្លែង​កំណើត​មនុស្ស​លោក​។

លាតសន្ធឹង ៣ ​គីឡូម៉ែត្រ​ ថ្ម​ប្រមាណ ៩០០​ ដុំ​នៅ​ Abourma បង្ហាញ​​ឱ្យឃើញ​នូវ​ជីវិត​បុរេប្រវត្ដិ​ដ៏អស្ចារ្យ​ និង​​តថភាព​ដែល​មនុស្ស​សម័យ​មុន​ប្រឈម​មុខ​ជាមួយ​សត្វព្រៃ​ និង​ការ​គង្វាល​សត្វ​។

ប៉ុន្ដែ​រូបភាព​បន្សល់​តាំងពី​ច្រើន​សតវត្សរ៍​ទាំង​នេះ ដែល​រំលេច​ច្បាស់​នៅ​លើ​ផ្ទាំង​ថ្ម​​ ក៏​ជា​កំណត់ត្រា​ពីសម័យ​មុន​ដ៏មានតម្លៃ និង​ជា​ដែនដី​ដែល​មានការ​ផ្លាស់​ប្ដូរ​ទៅតាម​បម្រែបម្រួល​អាកាសធាតុ​រាប់​ពាន់​ឆ្នាំ​ផង​ដែរ។

សត្វ​ព្រៃ​ដែលស្ថិត​នៅលើផ្ទាំង​ថ្មទាំងនេះ នៅតែ​បន្ដ​មាន​វត្ដមាន​នា​ពេល​បច្ចុប្បន្ន​ទាំង​នៅ​វាល​ទំនាប និង​វាល​ខ្ពងរាប​នៃ​តំបន់​អាហ្វ្រិក តែ​មិន​មែន​នៅ​ប្រទេស​ឌីបូទី​ទៀត​ឡើយ​ ដោយសារវាជា​ដែនដី​វាលខ្សាច់​ លែង​មាន​ទឹក និង​ធម្មជាតិ​បៃតង​។

អ៊ីប្រាហ៊ីម ដាបាល អាយុ ៥០​ឆ្នាំ ជា​អ្នកថែទាំ​ Abourma ​រៀបរាប់​ពី​ចម្លាក់​គំនូរ​សត្វព្រៃ​លើ​ផ្ទាំងថ្ម​។ AFP

អូម៉ារ មូហាមេដ កាមីល ជា​មគ្គុក៍ទេស​ទេសចរណ៍វ័យ​ក្មេង ដែល​នាំភ្ញៀវ​ទៅកាន់​តំបន់​ថ្ម Abourma បាន​និយាយ​ថា​៖ «នៅ Abourma យើង​ហាក់​ឃ្លាត​ឆ្ងាយ​ពី​ពិភព​ស៊ីវិល័យ​បន្ដិច​។ យើង​ស្ថិត​នៅ​ក្នុង​បុរេ​ប្រវត្ដិ​ ហើយ​យើង​កំពុង​រស់​នៅ​ក្នុង​បុរេ​ប្រវត្ដិ​»។

ថ្វីដ្បិតតែ​កន្លងផុត​ទៅ​ ៧០​ សតវត្សរ៍​យ៉ាង​ណាក៏ដោយ ក៏ Abourma មិនត្រូវបាន​ក្រុម​បុរាណវត្ថុ​វិទូ​មក​អើត​ឈ្ងោក​ឡើយ​រហូត​ដល់​ឆ្នាំ​ ២០០៥​។

បុរាណវត្ថុ​វិទូ Benoit Poisblaud និង​ក្រុម​ការងារ នៅតែ​មា​ការ​ងឿង​ឆ្ងល់​ចំពោះ​ទីឋាន​បុរេ​ប្រវត្ដិ​មួយ​នេះ ដែល​ខុស​ពី​ទីកន្លែង​ដទៃ​ទាំង​ក្នុង​តំបន់​ ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ​ ២៥​ឆ្នាំ​មកហើយ​។

លោក​បាន​និយាយ​ថា​៖ «Abourma នៅតែ​បន្ដ​ស្ថិត​ស្ថេរ​រាប់​ពាន់​ចំពោះ​គំនូរ​រូបភាព និង​សំណេរ​លើ​ផ្ទាំង​ថ្ម​ ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​ខុស​ៗគ្នា​ ដូចជា អ្នក​ប្រមាញ់ អ្នកស៊ាំង​សត្វ​ និង​មនុស្ស​ជំនាន់​ក្រោយ​ៗ​មក​ទៀត​។ រាប៉ពាន់​ឆ្នាំកន្លង រាប់ពាន់​តថភាព​»។

លោក​បាន​បន្ដ​ថា ចម្លាក់​ចំណាស់​បំផុត​នៅមុន​កំណើតព្រះយេស៊ូគ្រឹស្ដ​ ៥ ០០០​ ឆ្នាំ ខណៈ​គំនរូរូបភាពថ្មីៗ​ត្រូវបាន​គូរ​ប្រមាណ ២​ សហវត្សរ៍​មុន​។

អ៊ីប្រាហ៊ីម ដាបាល លូបាក ជា​អ្នក​បង្កាត់ពូជ​អូដ្ឋ និង​អ្នក​មើលថែ Abourma បាន​អះអាងថាបាន​ស្គាល់​គ្រប់​ថ្ម​ គ្រប់កៀនកោះ នៃ​បរិវេណ​ទម្រង់​ថ្មទាំង​នេះ​ច្បាស់​។

លោក​បាន​និយាយថា​៖ «​គ្មាននរណា​ម្នាក់ហ៊ាន​មកទីនេះ​ដោយ​គ្មាន​វត្ដមាន​ខ្ញុំ​ឡើយ​»៕ AFP/HR

ហ្វូង​អូដ្ឋ​សម្រាក​នៅ​ក្បែរ​ទីឋាន​ចម្លាក់​គំនូរថ្ម​បន្សល់តាំងពី ៧ ០០០ ​ឆ្នាំ​ មុន​នៅឌីបូទី។ AFP