ក្រុងកូវែត៖ កាលពី​ថ្ងៃ​អាទិត្យ ប្រទេស​កូវែត បាន​ប្រកាស​ផែនការ​ប្រែក្លាយ​នូវអ្វីដែល​ធ្លាប់​ជា​ «វាល​ខ្មោច​កង់​ឡាន» ដ៏​ធំ​ធេង​ទៅកាន់​ទីក្រុង​ថ្មីមួយ។

តំបន់​សំរាម​ទំហំ​ ២ ​គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ខាង​ជើង​ប្រទេស​ឈូង​សម័យ​ដ៏​សម្បូរ​ប្រេង​មួយ​នេះ ជាទីដែល​បញ្ចុះ​ខ្មោច​កង់​ឡាន​ ប្រមាណ​ជាង ៤០​ លាន​គ្រាប់។

តំបន់​កន្លែង​ចាក់​សំរាម​កង់​ឡាន​រយៈពេល​ ១៧​ ឆ្នាំ ដែល​ធ្លាប់​រង​នូវ​គ្រោះ​អគ្គីភ័យ​ ៣​ដង​ចន្លោះ​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០២០ បាន​បង្ក​​ជាក្ដី​កង្វល់​ផ្នែក​បរិស្ថាន​ ដោយ​ជំរុញ​ឱ្យអាជ្ញាធរ​បិទទីតាំង​នោះ។

តំបន់​សំរាម​ទំហំ​ ២​គីឡូម៉ែត្រ​ការ៉េ មាន​ពំនូក​ខ្មោច​កង់​ឡាន​ ប្រមាណ​ជាង ៤០​លាន​គ្រាប់។ AFP

រដ្ឋមន្ដ្រី​ធនធាន​ប្រេង មូហាមេដ អាល-ហ្វែរ បាន​និយាយ​នៅ​តំបន់​អតីត​ចាក់​សំរាម​ចម្ងាយ​ ៥ ​គីឡូម៉ែត្រពី​ខេត្ដ​អាល់-ចារ៉ា ថា​៖ «យើង​បាន​ផ្លាស់​ប្ដូរ​ពី​វេលា​ដ៏​លំបាក​បំផុត ដែល​ត្រូវបាន​គំរាម​កំហែង​ដោយ​ហានិភ័យ​បរិស្ថាន។ ថ្ងៃនេះ តំបន់​នេះ​មាន​សភាព​ស្អាត ហើយ​កង់​ឡាន​ទាំងអស់​ត្រូវបាន​រើ​ចេញ​ដើម្បី​យក​ទីតាំង​បើក​គម្រោង​ទីក្រុង​សាដ អាល់-​អាប់ឌុលឡាស​»។

កាលពី​ប៉ុន្មានខែមុន រថយន្ដ​ធំៗ​ផ្ទុកកង់ឡាន​បាន​ដឹក​ជាង ៤៤ ០០០​ ជើង​ពី​តំបន់​ចាក់​សំរាម​ទៅកាន់​តំបន់អាល់-​សាល់មី ក្បែរ​តំបន់​ឧស្សាហកម្ម​កូវែត​ ជាទី​ដែល​លោក ហ្វែរ និយាយថា ពួកវា​នឹង​ត្រូវបាន​​រក្សា​នៅទី​នោះ​បណ្ដោះ​អាសន្ន។

លោក​បាន​និយាយថា កង់​ឡាន​ទាំង​នោះ​នឹងត្រូវ​កាត់​ជា​បំណែក​តូចៗ​ ឬ​សម្រាប់​ប្រើ​ប្រាស់​ឡើង​វិញ​ទាំង​ក្នុង​​ស្រុក និង​នាំចេញ​ក្រៅ​ប្រទេស​ ហើយ​លោក​បាន​បន្ថែម​ថា ការ​រក្សា​ទុក​ត្រូវ​ធ្វើ​ឡើង​តាម​ស្ដង់ដារអន្ដរជាតិ​ ក្នុង​ករណី​មាន​អគ្គីភ័យ​កើតឡើង។

ប្រទេស​កូវែត បាន​ប្រកាស​ផែនការ​ប្រែក្លាយ​នូវអ្វីដែល​ធ្លាប់​ជា​ «វាល​ខ្មោច​កង់​ឡាន» ដ៏​ធំ​ធេង​ទៅកាន់​ទីក្រុង​ថ្មីមួយ។ AFP

យោងតាម​ សៃ អាប់ឌុលឡាហ អាល់-សាបា អគ្គនាយក​អាជ្ញាធរ​សាធារណៈ​បរិស្ថាន បាន​បង្ហាញថា កូវែត​មាន​គម្រោង​កែច្នៃ​កង់ឡាន​ និង​បញ្ចៀស​ការ​កកើត​កន្លែង​ចាក់សំរាម​នេះជា​ថ្មី។

លោក​បាន​ប្រាប់ AFP ថា​៖ «បច្ចុប្បន្ននេះ មាន​រោងចក្រ​មួយ​ ដែល​កែច្នៃ​កង់ឡាន​ ហើយ​យើង​រំពឹង​ថា​នឹង​មាន​រោងចក្រ​ច្រើន​ទៀត​ដើម្បី​ចូលរួម​ជួយ​ និង​ដោះស្រាយ​បញ្ហា​សំរាម​កង់ឡាន​»។

អាឡា ហាសសាន ប្រធាន​ EPSCO Global General Contracting បាន​ប្រាប់ AFP ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ចម្រាញ់​យក​សមាសធាតុ​វត្ថុ​ធាតុ​ចេញ​ពី​កង់ឡាន រួមទាំង សារធាតុ​កៅស៊ូសម្រាប់​ក្រាល​ផ្លូវ​ និង​ចិញ្ចឹម​ផ្លូវ។

អ្នកស្រី និយាយថា EPSCO មាន​សមត្ថភាព​កាត់​ ឬ​កែច្នៃកង់ឡាន​​ប្រមាណ ២​លានគ្រាប់​ក្នុង​មួយ​ឆ្នាំ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​រោង​ចក្រ​ដទៃ​ទៀត៕ AFP/HR

តំបន់​សំរាម​ទំហំ​ ២ ​គីឡូម៉ែត្រ​ការ៉េ មាន​ពំនូក​ខ្មោច​កង់​ឡាន​ ប្រមាណ​ជាង ៤០ ​លាន​គ្រាប់។ AFP