ក្រុងរីយែន៖ ភូមិក្នុងតំបន់​ជួរភ្នំ​នៃ​ប្រទេស​អូទ្រីស ដែលស្គាល់​ជា​រីសត​មេឃា​ដ៏ពេញនិយមសម្រាប់​ក្រុម​គ្រួសារ ត្រូវបានបង្ខំឱ្យ​រៀន​រស់នឹង​បរិយាកាស​អស់​ព្រឹល​ទឹកកក ដោយសារ​បម្រែបម្រួល​អកាសធាតុ​ ដែល​ប្រែក្លាយ​ទៅជា​ទីឋាន​កីឡាជិះកង់​ថ្មី។

អ្នកជិះកង់​ឡើង​ភ្នំ​អាយុ​ត្រឹម ៣ ​ឆ្នាំ​ នៅលើ​វិថី​លោត​រលាក់​នៃ​ជម្រាល​ភ្នំ​ ដោយ​បាន​ទទួលបទពិសោធជីវិតថ្មី​នៅ​ទីក្រុង​ Sankt Corona am Wechsel ចម្ងាយ​ប្រមាណ​មួយ​ម៉ោង​ពី​ទីក្រុង​រីយែន និង​បាន​ធ្វើ​ជាម៉ូដែល​សម្រាប់​រីសត​កំពុង​ជួប​ការ​លំបាក​ដទៃ​ទៀត។

កាល់ ម៉ូហ្គេនបេសស័រ ដែល​បើកដំណើរ​ការ​ឧទ្យាន​ផ្សងព្រេងក្នុងក្រុង Sankt Corona am Wechsel បាន​និយាយថា​៖ «យើង​ធ្លាប់ជា​គោលដៅ​ទេសចរណ៍​រដូវរងា​មួយ​រយ​ភាគរយ។ ពេលនេះ យើង​ត្រូវគិតពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ហើយ​រដូវក្ដៅ​នឹងពេញ​និយម​»។

អ្នកជិះកង់ឡើងភ្នំ​ត្រូវបានខ្សែកាបអូសឡើងភ្នំ​នៅតំបន់ Wexl Trails ក្រុង St. Corona am Wechsel។​ AFP

សីតុណ្ហភាព​ចាប់ផ្ដើម​កើន​កម្ដៅខ្លាំង​ ដែល​រីសត​នានា​នៅ​ទូទាំង​តំបន់​ជួរ​ភ្នំ​ នឹងត្រូវ​ស្វែង​រក​ជម្រើស​ផ្សេង​ ហើយ​ខណៈ​វិបត្ដិ​កូវីដ​ក៏​លើកទឹកចិត្ដ​ឱ្យ​មាន​សកម្មភាព​ក្រៅ​អគារ​ផង​ដែរ។ ពលរដ្ឋអូទ្រីស​ជា​ច្រើន​រំពឹង​ថា ការ​ជិះកង់​លើ​ភ្នំ និង​កីឡា​រដូវ​ក្ដៅ​ជា​ច្រើន​ទៀត​អាច​ជំនួស​ឱ្យ​សកម្មភាព​កម្សាន្ដ​រដូវ​រងា​ក្នុង​ប្រទេស​តំបន់​ភ្នំ Alpine នេះ​ ជាទីដែល​កីឡាស្គី​ទឹកកក​រកចំណូល​បាន​ចំនួន​ ៣​ភាគរយ​នៃ​ GDP សរុប។

ព្រឹល​ទឹកកក​គ្រប​ដណ្ដប់​ជិត​មួយ​ខែ​ លែង​កើត​មាន​ក្នុង​តំបន់​ជួរភ្នំ​នៅ​រយៈ​កម្ពស់​​ក្រោម និង​កណ្ដាល​ក្នុង​ពាក់​កណ្ដាល​សតវត្សរ៍​មក​នេះ។ នេះ​បើយោងតាម​ការ​សិក្សា​កាលពីខែ​មីនា ដែលចុះផ្សាយ​ក្នុងព្រឹត្ដិបត្រ​វិទ្យាសាស្ដ្រ The Cryosphere។

របាយការណ៍​ថ្មីមួយ​របស់​គណកម្មការ​អន្ដររដ្ឋាភិបាល​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ (IPCC) បាន​រក​ឃើញ​ថា នៅ​តំបន់​ជួរ​ភ្នំ Alps ព្រឹល​នឹង​កាន់តែ​ខើចតិច​នៅតាម​តំបន់​ទាប​ជាង​ ១ ៥០០​ ម៉ែត្រ​នៃ​នីវ៉ូទឹកសមុទ្រ ពេញមួយសតវត្សរ៍ទី ២១​ នេះ។

ទេសចរជិះកង់នៅ​ឧទ្យានកង់តូច​មួយ​នៃក្រុង St. Corona am Wechsel ដែលធ្លាប់ជារីសត​ស្គីទឹកកក។ AFP

ស្ថិត​នៅ​កម្ពស់ ៩០០​ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ទីក្រុង Sankt Corona បាន​រុះរើ​រចនាសម្ព័ន្ធ​រដូវ​រងា​ក្នុង​ឆ្នាំ ​២០១៤ ក្រោយ​បាត់បង់​ភ្ញៀវ​ប្រចាំ​ឆ្នាំ ពី​៧ម៉ឺននាក់​​​មក​ត្រឹម ២៥០០០នាក់​ ២០​ឆ្នាំ​មកនេះ។

រទេះទឹកកក​រដូវក្ដៅ និង​បរិវេណ​ឡើង​ភ្នំ​ ត្រៀមបើក​ទទួលភ្ញៀវ​ តែ​ជោគវាសនា​ភូមិ​ឋាន ដែលមាន​ប្រជាជន ៤០០​ នាក់ ត្រូវ​ប្រែប្រួលទាំង​ស្រុង​ ពេល​ច្នៃបង្កើត​ផ្លូវ​ជិះកង់​តាម​ជម្រាល​ភ្នំ។

ខណៈ​គោលដៅជិះ​ឡើងភ្នំភាគច្រើន​មានសុទ្ធតែជម្រាលចោទ វិថី​រលក​លើ​ខ្ពង់រាប​ក្នុងក្រុង Sankt Corona ស័ក្ដិសមទាំងអ្នកជំនាញ និង​​កុមារ​តូចៗ​​ដែល​ពឹងលក់​កង់ជំនួយ ហើយពេលនេះទាក់ទាញភ្ញៀវ​បានប្រមាណ ១៣​ម៉ឺន​នាក់​ក្នុងមួយរដូវកាល។

អ្នកស្រី លីសា ហ្គោស៊ី អាយុ ៣៣​ឆ្នាំ ដែល​ធ្លាប់​ជិះស្គី​ទឹកកក​ក្នុងទីក្រុងនេះតាំងពី​កុមារភាព និង​ស្វាមីជាអ្នកជិះកង់ឡើងភ្នំ​ដ៏ល្អ​ម្នាក់បាន​និយាយថា៖ «​យើងពិតជាចូលចិត្ដមកលេង​ទីនេះជាលក្ខណៈ​គ្រួសារ។ ខ្ញុំគិតថា រដូវក្ដៅ​គឺជា​វេលា​ដ៏​ស័ក្ដិសម​បំផុត​ ពីព្រោះ​យើង​អាច​មាន​ការសកម្មភាព​ច្រើន​ទៀត​»៕ AFP/HR

ទេសចរជិះកង់នៅ​ឧទ្យានកង់តូច​មួយ​នៃក្រុង St. Corona am Wechsel ដែលធ្លាប់ជារីសត​ស្គីទឹកកក។ AFP