ក្រុង​រ៉ុកលែន៖ នៅ​ក្នុង​ទូក​ឯ​នាយ​សមុទ្រ​ភាគ​​ឦសាន​អាមេរិក ស្ត្រីវ័យ ១០១ ​ឆ្នាំ វីជីនា អូលីវើរ កាន់​បង្កង​ធំៗ​​យក​ខ្សែ​ចង​តង្កៀប​យ៉ាង​​ស្ទាត់​ជំនាញ​​​ដូច​អ្វី​ដែល​លោក​យាយ​សក់​ស​​រូប​នេះ​​ បាន​ធ្វើ​តាំង​ពី​អាយុ​ ៧ ឆ្នាំ។

លោក​យាយ អូលីវើរ ជា​អ្នក​មាន​​អាជ្ញាប័ណ្ណ​​នេសាទ​បង្កង​ដ៏​ចំណាស់​ជាង​គេ​បំផុត​នៅ​រដ្ឋ Maine និង​មាន​ចំណេះដឹង​ច្រើន​ពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​នេសាទ​បង្កង​​។

អ្នក​នេសាទ​វ័យ​ជាង​ ១ សតវត្សរ៍​រូប​នេះ​​ ចេញ​ទូក​​ ៣ ​​ថ្ងៃ​ ក្នុង ១ ​សប្តាហ៍​ ជាមួយ​កូន​ប្រុស​អាយុ ៧៨ ឆ្នាំ ឈ្មោះ មេកស៍ ​ដែល​ជួយ​បើក​​ទូក។

ដៃ​ចាប់​កាន់​បង្កង​សម្បក​ខ្មៅ​រលោង ​​លោក​យាយ​បាន​​និយាយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​រឿង​នេះ រហូត​ដល់​ខ្ញុំ​ស្លាប់»។

កើត​នៅ​ឆ្នាំ ១៩២០ លោក​យាយ ​អូលីវើរ ​បាន​រស់នៅ​លើ​ដង​វិថី​ដដែល​​នៃ​​​ក្រុង​រ៉ុកលែន ​ពេញ​ ១ ជីវិត​។​

លោក ដេវីដ ឃូសេនស ជា​អតីត​ប្រធាន​សមាគម​បង្កង​រដ្ឋ​ Maine បាន​​និយាយ​ថា៖ «គាត់​​ពិត​ជា​មនុស្ស​អស្ចារ្យ។ ខ្ញុំ​ឃើញ​គាត់​​នេសាទ​បង្កង​តាំង​ពី​ខ្ញុំ​ដឹង​ក្ដី​រហូត​ដល់​សព្វថ្ងៃ»។

លោកយាយ អូលីវើរ ជា​អ្នក​មាន​​អាជ​្ញាប័ណ្ណ​​នេសាទ​បង្កង​ដ៏​ចំណាស់​ជាងគេ។ AFP

នៅ​ថ្ងៃ​ត្រូវ​ចេញ​ទៅ​នេសាទ លោក​យាយ អូលីវើរ​ ក្រោក​ពី​ដំណេក​នៅ​ម៉ោង ៣ ​កន្លះ​ទៀបភ្លឺ ហើយ​ចេញទូក​នៅ​ម៉ោង ៥ ព្រឹក​ព្រហាម​មុន​ថ្ងៃ​រះ។

២​ នាក់​ម្ដាយ​កូន​បើក​​រថយន្ត​ម៉ាក​ឆេវី​ ស៊េរី​ឆ្នាំ ១៩៥៦ ទៅ​កំពង់ផែ​ រួច​​បន្ត​​ចេញ​ទូក​ទៅ​​លើក​​ទ្រុង​​បង្កង។​

យាយ ​អូលីវើរ ​និង​កូន​ប្រុស​ មេសក៍​ មាន​ទ្រុង​​​រាយ​ក្នុង​ទឹក​​ ២០០-៣០០ ​ទ្រុង​ ត្រូវ​ទាញ​ឡើង​មក​យក​បង្កង ដើម្បី​វាស់​វែង​​ទំហំ និង​ចង​តង្កៀប​ទុក​ដាក់​យ៉ាង​រៀប​រយ។ ពាក់​ស្រោមដៃ​កៅស៊ូ​ លោក​យាយ អូលីវើរ ពិនិត្យ​មើល​បង្កង​ថា ​តើ​វា​​ធំ​ល្មម សម​នឹង​ទម្ងន់​ស្រប​ច្បាប់​នេសាទ​ ឬ​នៅ មុន​នឹង​ទាញ​​កៅស៊ូ​ចង​តង្កៀប​​វាយ៉ាង​រៀបរយ​។

ជួនកាល លោកយាយ​ក៏ជួយ​បញ្ជា​​ចង្កូត​ទូក​លើ​ផ្ទៃ​សមុទ្រ តែ​ប្រសិន​បើ​អាកាសធាតុ​ចុះ​អ័ព្ទ អូលីវើរ មិន​ហ៊ាន​​ប្រថុយ​បើកបរ​ផ្លូវ​ទឹក​ទេ ដោយសារ​​​មិន​ទុក​ចិត្ត​ក្រសែ​ភ្នែក​វ័យ​ជរា។

ឃើញ​ម្ដាយ​នៅ​សកម្ម និង​រហ័ស​រហួន​ការងារ​នេសាទ លោក មេសក៍ បាន​​និយាយ​ថា៖ «គាត់​ចុះ​ទូក​គ្រប់​ពេល។ គាត់​មិន​ដែល​ឈប់​ទេ ទោះ​ហត់​ប៉ុនណា​ក៏​ដោយ»។

ទិន្នផល​បង្កង​របស់ម្ដាយ​ និង​កូន​វ័យ​ចំណាស់​​នេះ​ ត្រូវ​បាន​នាំ​យក​ទៅ​លក់​នៅ Spruce Head Lobster Pound Co-Op ​ដែល​ជា​កន្លែង​ហ៊ាន​ផ្ដល់​តម្លៃ​ល្អ​សម្រាប់​ការ​លក់​​បោះដុំ​ដល់​អ្នក​ទាំង ២។

មក​ដល់​វេលា​ដ៏វែង​ឆ្ងាយ​នៃ​ជីវិត​​អ្នក​នេសាទ​បង្កង លោកយាយ អូលីវើរ​ មិន​ដែល​ឈប់​ទាល់​តែ​សោះ។

អ្នក​នេសាទ​វ័យ​ ១០១ ​ឆ្នាំ​រូប​នេះ​បាន​ពោល​​ថា៖ «​ខ្ញុំ​ធ្វើ​អ៊ីចឹង ព្រោះ​​ខ្ញុំ​មិន​ចង់​នៅ​លើ​កៅអី​រុញ​ទេ»៕ AFP/HR