ក្រុង​​ហ្សាការតា៖ ស៊ីស្វាន់តូ ជា​ជាង​​ឡាន​មិន​ជោគជ័យ​រហូត​ដល់​គ្រាមួយ វីដេអូ​លើ​អ៊ីនធឺណិត​បាន​ប្រែក្លាយ​សហគមន៍​របស់​ខ្លួន​ទៅ​ជា​តារា និង​ផ្លាស់ប្ដូរ​សហគមន៍​កសិកម្ម​ក្រីក្រ​ទៅ​ជា​ «​ភូមិ​យូធូប​» ដ៏​ល្បីល្បាញ​​​​នៅ​ឥណ្ឌូនេស៊ី​។

ដំណើរ​រឿង​ពី​ភាព​តោក​យ៉ាក​ទៅ​ជា​អ្នក​មាន​ឈ្មោះ​បោះ​សំឡេង​ ចាប់​ផ្ដើម​តាំង​ពី ៤ ​ឆ្នាំ​មុន ពេល​លោក​ពុះពារ​រក្សា​ហ្គារ៉ាស​ជួសជុល​រថយន្ដ​ពី​ការ​ដួល​រលំ​ក្នុង​ទីប្រជុំជន​ដាច់​ស្រយាល កាសេហ្គេរ៉ាន់ ជាទី​ស្ទើរ​តែ​មិន​​ត្រូវ​បាន​គេ​ស្គាល់​លើ​ផែនទី​។

លោក​រក​ចំណូល​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​ និង​ជួប​ឧបសគ្គ​ច្រើន ពេល​សមាជិក​គ្រួសារ​កាន់​តែ​រីក​ធំ​ តែ​ការងារ​បន្ទាប់បន្សំ​ ដូចជា រើស​អេតចាយ និង​ដាំ​សណ្ដែក​ ក៏​មិន​អាច​រក​ចំណូល​គ្រប់គ្រាន់​ទប់​នឹង​ការ​ចំណាយ​បាន​។

លោក​បាន​សម្រេច​ចិត្ដ​ថា លោក​មិន​ពឹង​ផ្អែក​ទៅ​លើ​ «​ព្រហ្មលិខិត​ក្នុង​ការ​បន្ដ​ជីវិត​រស់​» នោះ​ឡើយ​ រហូត​ដល់​ថ្ងៃ​មួយ​លោក​ជួប​បញ្ហា​ក្នុង​ការ​ជួសជុល​ម៉ូតូ​តម្លៃ​ថ្លៃ ទើប​​បង្ហោះ​វីដេអូ​អនឡាញ​ ដើម្បី​ស្វែងរក​ជំនួយ​។

រំពេច​នោះ ក៏​នឹក​ឃើញ​គំនិត​មួយ លោក ស៊ីស្វាន់តូ សម្រេច​ចិត្ដ​ផលិត​វីដេអូ​ជួសជុល​ម៉ូតូ​ ឡាន​ងាយៗ​។ ដោយ​ប្រើ​កម្ចី​ទិញ​ទូរស័ព្ទ​ ជាង​ឡាន​រូប​នេះ​បាន​ចាប់​ផ្ដើម​ថត​វីដេអូ​ពី​សកម្មភាព​នានា​ឥត​ឈប់ឈរ​។

លោក ស៊ីស្វាន់តូ អាយុ ៣៨ ឆ្នាំ ដែល​ទទួល​បាន​អ្នក​គាំទ្រ​ជាង ២ ​លាន​នាក់​លើ​បណ្ដាញ​សង្គម​យូធូប បាន​និយាយ​ថា​​៖ «​ខ្ញុំ​ប្រើ​ពាក្យ​ពេចន៍​និយាយ​បែប​ធម្មតាៗ»។

លោក​បន្ដ​បង្ហោះ​វីដេអូ​ជារឿយៗ​ជាមួយ​ក្រុម​ការងារ​តូច​មួយ ដែល​ផ្ដិត​យក​សកម្មភាព​របស់​លោក​ជួសជុល​ម៉ូតូ ឡាន ឬ​ដំណើរ​នេសាទ​នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​។ ជំនួញ​ដ៏​កាក់​កប​របស់​លោក ស៊ីស្វាន់តូ ដែល​លោក​អះអាង​ថា អាច​រក​ចំណូល​បាន​រហូត​ដល់ ១៥០ ​លាន​រូព្យា (១ ម៉ឺន​ដុល្លារ)​ ១ ​ខែ មិន​បាន​យូរ​នោះ​ទេ។

ជាងឡាន​បរាជ័យ​​ក្លាយជា​អ្នក​មាន​ចំណូល​កាក់កបពី​យូធូប​។ រូបថត AFP

មាន​ចចាម​អារ៉ាម​លើក​ឡើង​ថា ជាង​ឡាន​កំពុង​មាន​ប្រជាប្រិយភាព​រូប​នេះ​​ ចេះ​អំពើ​អាបធ្មប់​ ហើយ​ឪពុក​ម្ដាយ​ខ្លះ​បាន​រារំាង​កូន​មិន​ឱ្យ​ចូល​ហ្គារ៉ាស​ ដោយ​បារម្ភ​ថា ពួក​គេ​ត្រូវ​អំពើ។

លោក ស៊ីស្វាន់តូ បាន​និយាយ​ថា​៖ «​យើង​ក៏​មាន​ការ​ជួបជុំ​អ្នក​ភូមិ​ ហើយ​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ពួក​គេ​ថា ខ្ញុំ​មាន​មុខ​របរ​នេះ​ហៅ​ថា យូធូប។ មនុស្ស​ភាគ​ច្រើន​អត់​ដែល​ស្គាល់​នោះ​ទេ​»។

លោក​បាន​បង្រៀន​មេរៀន​ឥត​គិត​ថ្លៃ​​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ ហើយ​ពេល​នេះ យ៉ាង​តិច​មនុស្ស ៣០ ​នាក់ នៅ​ភូមិ​កាសេហ្គេរ៉ាន់ បាន​បង្កើត​គណនី​យូធូប​ផ្ទាល់​ខ្លួន​ ដោយ​ខ្លះ​មាន​អ្នក​ចូល​ទស្សនា​រាប់​សែន​ដង​។

ចំណោម​ពួក​គេ លោក ធីវ៉ាន់ អាយុ ៤៥ ​ឆ្នាំ ជា​អ្នក​លក់​អាហារ​សម្រន់ ដែល​ធ្លាប់​រក​ចំណូល​បាន​ ៥ ​ម៉ឺន​រូព្យា (១៤ ០០០ ​រៀល​) ក្នុង ​១ ​ថ្ងៃ​។

ប្រធាន​សហគមន៍​ សៃហ្វូដឌីន ដែល​​​ប្រើ​ឈ្មោះ​អត់​ត្រកូល​តាម​ប្រពៃណី​​​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​៖ «​កាសេហ្គេរ៉ាន់ ជា​ភូមិ​ក្រីក្រ​បំផុត​ តែ​ពេល​នេះ យើង​អាច​ប្រកួត​ប្រជែង​នឹង​បណ្ដា​ភូមិ​ដទៃ​ហើយ»​។

លោក​បាន​បន្ត​ទៀត​ថា៖ «វា​ជា​ការ​លើក​​ទឹក​ចិត្ដ​ដល់​យុវជន​ដទៃ​ទៀត​។ ពួក​គេ​មិន​បាន​ប្រើ​ទូរស័ព្ទ​ឱ្យ​មាន​ជា​ប្រយោជន៍​ឡើយ​។ ពួក​គេ​អាច​រក​ប្រាក់​ពី​វា​»៕ AFP/HR