ក្រុងប៊ុយណូស៊ែរ៖ គ្រួសារ​ចៅកេត​កណ្ដុរ​យក្ស​ដែលមាន​ដើម​កំណើត​មក​ពី​អាមេរិក​ខាង​ត្បូង បាន​និង​កំពុង​ឈ្លាន​ពាន​សហគមន៍​បុរី​លំនៅឋាន​ប្រណីត​មួយ​ក្នុង​ប្រទេស​អាហ្សង់ទីន ដែល​បង្ក​ការ​ក្ដី​កង្វល់​ចំពោះ​បរិស្ថាន​ និង​គោលនយោបាយ​សង្គម​ដ៏​ចម្រូង​ចម្រាស។

បុរី ន័រដេលតា លើផ្ទៃដី ១ ៦០០​ ហិកតា សាង​សង់​នៅ​តំបន់​ជាយ​ក្រុង​ប៊ុយណូស៊ែរ ស្ថិត​លើ​ដីសើម​ពី​ទន្លេ​ប៉ារ៉ាណា ដែល​ជា​ជម្រក​ធម្មជាតិ​របស់​ពពួក​សត្វ​កណ្ដុរ​យក្ស កាពីបារ៉ា។

អ្នករស់​នៅ​ក្នុង​បុរី​ប្រណីត​នេះ​ជា​ច្រើន​បាន​ត្អូញត្អែអំពី​បញ្ហា​កណ្ដុរ​យក្ស​លុក​លុយ​ទីធ្លារ​ផ្ទះ ខាំ​សត្វ​ចិញ្ចឹម និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍។ ដោយ​ស្គាល់​ជា ខាភីនឆូ ឬ​ឈីឃ្វីរ៉េ កណ្ដុរ​ការពិបារ៉ា គឺជា​កណ្ដុរ​ធំ​បំផុត​​ក្នុង​លោក​ និង​អាច​មាន​ប្រវែង​រហូត​ដល់​ ១,៣៥​ ម៉ែត្រ និង​មាន​ទម្ងន់​រហូតដល់ ៨០​ គីឡូក្រាម។

ជីវវិទូ សេបាស្ទៀន ឌី ម៉ារទីណូ នាយក​ផ្នែក​អភិរក្ស នៅ​អង្គការ​មូលនិធិ​Rewilding Argentina បាន​ប្រាប់ AFP ថា​៖ «​បុរី ន័រដេលតា គឺជា​តំបន់​សើម​ក្បែរ​ទន្លេ ដែល​គួរ​តែមិន​ត្រូវបាន​អភិវឌ្ឍ។ ពេលនេះ វា​បានប៉ះពាល់​ដល់​ធម្មជាតិ ហើយ​ពលរដ្ឋ​ត្រូវតែ​ចេះ​សម្រប​ខ្លួន​រស់នៅជាមួយ​ពពួក​កណ្ដុរ​យក្ស​ទាំង​នេះ​»។

កសាង​ឡើង​កាលពី​ ២០​ឆ្នាំ​មុន បុរី ន័រដេលតា មាន​សំណង់​ផ្ទះ ការិយាល័យ មជ្ឈមណ្ឌល​ផ្សារ​ទំនើប សាលារៀន ព្រះវិហារ​មួយ អគារ​ជ្វីស និង​បឹង​សិប្បនិម្មិតមួយ​ ដែលជា​ជម្រក​របស់​បក្សី​ទឹក។

ពូជ​កណ្ដុរ​ធំ​បំផុត​​ក្នុង​លោក​ អាច​លូតលាស់ដល់​ប្រវែង ១,៣៥ ​ម៉ែត្រ និង​ទម្ងន់​ ៨០​ គីឡូក្រាម។ AFP

ភើឡា ប៉ាកហ្គី ជាពលរដ្ឋ​ក្នុង​​បុរី​ម្នាក់ និង​ជា​សកម្មជន​កណ្ដុរ​កាពីបារ៉ា បាន​ប្រាប់ AFP ថា​៖ «​កណ្ដុរ​ខាភីនឆូ តែងតែមាន​វត្ដមាន​នៅទីនេះ។ យើង​រមែង​ឃើញ​ពួកវា​ញឹកញយ។ ប៉ុន្ដែ​បីបួន​ខែ​កន្លង​ទៅនេះ ក្រុម​ការងារ​សំណង់​បាន​មក​ធ្វើ​ការ​សាង​សង​អគារ​សេស​សល់​ និង​ការ​ទន្ទ្រាន​បង្ហើយ​ក៏​កើតការ​រុករាន​ឡើង​ខ្លាំង​»។

បុរី ន័រដេលតា និង​បុរី​ប្រណីត​ផ្សេងៗ​នៅ​លើ​ដី​សើម​ក៏​ប្រឈម​បញ្ហា​ស្រដៀង​គ្នានេះ​នៅ​អាហ្សង់ទីន។

វេជ្ជបណ្ឌិត ម៉ារទីណូ បាន​ឱ្យដឹងថា​ ការ​កើន​ឡើង​នៃ​វត្ដមាន​កណ្ដុរ​យក្ស​កាពីបារ៉ា ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន តែ​ក៏ដោយសារ​កំហុស​របស់​មនុស្ស​ផង​ដែរ។

កណ្ដុរ​កាពីបារ៉ា គឺជា​ចំណី​សម្រាប់​ពពួកសត្វ​ខ្លា​ចាហ្គ័រ ពូម៉ា កញ្ច្រោង ឆ្មាព្រៃ និង​ឆ្កែព្រៃ តែ​សត្វ​ទាំងអស់​នេះលែង​មាន​វត្ដមាន​នៅ​ប្រទេស​អាហ្សង់ទីន​ទៀត​ហើយ។

នៅ​ក្នុង​ព្រៃ​ កណ្ដុរ​កាពីបារ៉ា មានអាយុ​កាល​រស់​នៅ​ពីចន្លោះ ៨ ទៅ ១០​ ឆ្នាំ​ និង​ផ្ដល់​កំណើត​កូន​រហូតដល់ ៦​ ក្បាល​ មួយ​ឆ្នាំ​ម្ដង៕ AFP/HR

បុរី ន័រដេលតា លើផ្ទៃដី ១ ៦០០ ​ហិកតា សាង​សង់​នៅ​តំបន់​ជាយ​ក្រុង​ប៊ុយណូស៊ែរ ស្ថិត​លើ​ដីសើម​ពី​ទន្លេ​ប៉ារ៉ាណា។ AFP