ក្រុង​បាងកក៖ ជោគវាសនា​មិន​ប្រាកដប្រជា​នៅចំពោះ​មុខ​អ្នក​លក់ដូរ​កំប៉ិកកំប៉ុក​ អ្នក​បើក​តាក់ស៊ី​ និង​ជនអនាថា​ ដែល​យក​ដំបូល​ស្ថានីយ​រថភ្លើង​ចំណាស់​មួយ​ទសវត្សរ៍​ក្នុង​ក្រុង​បាងកក​​ធ្វើ​ជា​ផ្ទះ​ទីពីរ​របស់​ពួកគេ។

សំណង់រចនាប័ទ្ម​អ៊ីតាលី​ ​បំពាក់​បង្អួចកញ្ចក់​នៅស្ថានីយ​រថភ្លើង ​Hua Lamphong នឹង​លែងបានបន្ទរ​សំឡេង​រថភ្លើង​ទាំង​ចេញ និង​ចូល​ស្ថានីយ​ទៀត។

អ្នកស្រី ប៊ុនឃើត ខាមផាកឌី ដែល​លក់​អាហារ​ដល់​អ្នក​ដំណើរ​នៅ​ស្ថានីយ​រថភ្លើងរយៈ​ពេល​ ២០ ​ឆ្នាំមក​នេះ បាន​និយាយ​ថា៖ «​យើង​ត្រូវ​ចាយ​វាយ​ដោយ​ត្បិត​ត្បៀត​​បំផុត។ ខ្ញុំ​កំពុង​យក​ប្រាក់​សន្សំ​មក​ចាយហើយ​​»។

ការ​កសាង​សំណង់ដំបូង​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩១០ ហើយ​ ៦​ឆ្នាំ​ក្រោយ​មក រថភ្លើង​ដំបូង​បាន​ប្រតិបត្ដិការ​ចូល​ស្ថានីយ។ AFP

ស្ដ្រី​ វ័យ ៥១ ​ឆ្នាំ បាន​ប្រាប់ AFP ថា ពេលនេះអ្នកស្រី រក​ចំណូល​បាន​តែ​ ១ ០០០ បាត (​១២​ ម៉ឺន​រៀល​) ក្នុង​មួយថ្ងៃ គឺ​ត្រឹមមួយភាគ​ដប់​នៃអ្វីដែល​អ្នកស្រី​ធ្លាប់​រក​បាន​កាលពី​មុន​ទាន់​មាន​វិបត្ដកូវីដ និង​ស្ទើរតែ​មិន​គ្រប់​ថ្លៃ​ជួល​ផ្ទះ​ផង។

សំណង់​ដំបូល​ដ៏វែង និង​ធំទូលាយ​នៃ​ស្ថានីយ​រថភ្លើង Hua Lamphong បានផ្ដល់​បទពិសោធ​នូវ​អារម្មណ៍​ដឹត​ដាម​នឹង​ការ​ធ្វើដំណើរ​នៅ​ប្រទេស​ថៃ។

វាជា​សំណង់​ដ៏​ជោគជ័យ​របស់​ស្ថាបត្យករ​អ៊ីតាលី ម៉ារីអូ តាម៉ាណូ ​ជាស្នាដៃ​រ​យ៉ាង​វិសេស​​ប្រចាំសតវត្សរ៍​នៅ​​ប្រទេស​ថៃ ដែល​រចនាប័ទ្ម​សំណង់​នេះ​យក​លំនាំតាម​ស្ថានីយ​កណ្ដាល​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​ ត្រូវបាន​កសាង​​ឡើង​នៅ​ចុង​សតវត្សរ៍​ទី ១៩។

សំណង់រចនាប័ទ្ម​អ៊ីតាលី​ ​បំពាក់​បង្អួចកញ្ចក់​នៅស្ថានីយ​រថភ្លើង ​Hua Lamphong នឹង​លែងបានបន្ទរ​សំឡេង​រថភ្លើង​។ AFP

លោក ដេវ ឃេនដាល់ អតីត​ពិធីករ​កម្មវិធី​ទេសចរណ៍​ទូរទស្សន៍​ Destination Thailand បាន​និយាយ​ថា៖ «​សំណង់​នេះ​ពិតជា​មាន​ភាព​លិចធ្លោរ​ ដែលរំលេច​នូវ​ស្ទីល​ស្ថាបត្យកម្មនៃកំណើត​​សិល្បៈនៅអឺរ៉ុប ហើយវាមាន​​ក្បាច់រចនា​ដ៏ដេរដាស និង​​លម្អិត​បែប​សាមញ្ញ​ៗ​»។

ការ​កសាង​សំណង់ដំបូង​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ​១៩១០ ហើយ​ ៦​ ឆ្នាំ​ក្រោយ​មក រថភ្លើង​ដំបូង​បាន​ប្រតិបត្ដិការ​ចូល​ស្ថានីយ។ ពេល​កូវីដ​មិន​ទាន់​លុកលុយខ្លាំង ស្ថានីយ​រថភ្លើង​បាន​ទទួល​អ្នកដំណើរ​ ៣៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ នេះ​បើយោងតាម​អាយស្មាយាន្ដ​រដ្ឋ​ថៃ។

វាជា​សំណង់​ដ៏​ជោគជ័យ​របស់​ស្ថាបត្យករ​អ៊ីតាលី ម៉ារីអូ តាម៉ាណូ។ AFP

អាជ្ញាធរ​គ្រោង​ប្រែក្លាយ​ស្ថានីយ​ចំណាស់​នេះ​ទៅជា​សារមន្ទីរ​រថភ្លើង និង​ទីកន្លែង​សម្រាប់​រៀបចំព្រឹត្ដិការណ៍​ពាណិជ្ជកម្ម​ ជាវិធី​អភិរក្ស​កេរ្ដិ៍តំណែល​អគារ។

ណារ៉េស កាយសៅ ដែល​អត់​មាន​កន្លែង​ជ្រក​ ២០ ​ឆ្នាំ បាន​និយាយថា​៖ «​ពេលនេះ ខ្ញុំ​អត់មាន​បាយហូរ​រាល់​ថ្ងៃ​នោះទេ។ ខ្ញុំ​ផឹក​ទឹក​ដើម្បី​បំបាត់​ភាព​ស្រេក​ឃ្លាន។ ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៀត ពេល​លែង​មាន​អ្នកដំណើរ​»៕ AFP/HR

​អ្នក​លក់ដូរ​កំប៉ិកកំប៉ុក​ អ្នក​បើក​តាក់ស៊ី​ និង​ជនអនាថា​ ប្រឈម​ជោគ​វាសនា​មិន​ប្រាកដប្រជា​។ AFP