ក្រុង​លីម៉ា៖ នា​វេលាសម្រាក​ក្នុង​អាកាសធាតុ​ដ៏ត្រជាក់​នៅជួរភ្នំ Andes ពលរដ្ឋ​ប៉េរូ​ជាច្រើន​នាក់​នាំគ្នា​ឡើង​ភ្នំ​ ដើម្បីរៀបចំ​ប្រពៃណីកាត់​កោរ​រោម​វីឃ្យូណា​ដ៏​មាន​តម្លៃ​បន្សល់​ពី​​ដូនតា​រាប់​សតវត្សរ៍។ សត្វ​វីឃ្យូណា គឺជា​សណ្ដានសាច់​ញាតិ​ជាមួយ​អម្បូរ​សត្វ​ឡាម៉ា។

មួយ​សប្ដាហ៍​រៀង​រាល់​ឆ្នាំ កសិករ​ភូមិ​តូតូរ៉ូម៉ា ចម្ងាយ​ប្រមាណ ៥០​ គីឡូម៉ែត្រ​ភាគ​នីរតី​បឹង​ ទីទីកាកា បាន​សហការគ្នា​រៀបចំ​ពិធី​កាត់​កោរ​ដែល​អ្នក​ស្រុក​បាន​ហៅថា «​ឆាកឃ្យូ»។

ពួកគេ​ឡើងតាម​ជម្រាល​​ភ្នំ​ និង​កៀង​សត្វ​វីឃ្យូណា​ប្រមាណ ៥០០ ​ក្បាល ​ចុះ​ទៅកាន់​វាលទំនាប​ ​ព័ទ្ធ​សំណាញ់​កម្ពស់ ៣ ​ម៉ែត្រ​ ដែល​ជា​វិធាន​ការ​ទប់​ស្កាត់​ការ​រត់​គេច​របស់​ហ្វូង​សត្វ។

កសិករ​ព្រួត​គ្នា​ចាប់​សត្វ​ ដើម្បីធ្វើ​ការ​កាត់កោរ​រោម​ដ៏​ទន់​ល្មើយ​នេះ។ AFP

កសិករទាំង​ស្រី​ទាំង​ប្រុស និង​ខ្លះ​ស្ពាន​កូន​តូច​ ដើរ​ពុះពារ​អាកាសធាតុ​ត្រជាក់​ និង​ពាក់​មួក​ធំសម្រាប់​ការពារ​កម្ដៅថ្ងៃ។ ឆ្នាំ​នេះ ពួកគេក៏​បាន​ពាក់​ម៉ាស​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា​ថែម​ទៀត។

ពេទ្យសត្វ ចេម ហ្វីហ្គេរ៉ូយ៉ា បាន​ប្រាប់ AFP ថា​៖ «​វាជា​ប្រពៃណី​ដូនតា ដែល​ចាប់​ផ្ដើម​អនុវត្ដ​តាំងពី​យូរ​លង់​មកហើយ ហើយ​បច្ចុប្បន្ន យើង​កំពុងរៀបចំ​សម្រួល​កិច្ចការ​សាធារណៈ​មួយ​ចំនួន​»។

ជេស៊ុស ភីលកូ ម៉ាម៉ានី កំពុង​ដើរ​តាម​គំរូ​ឪពុក និង​ដីតា​របស់​លោក។ លោក​បាន​ប្រាប់ AFP ថា៖ «​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ប្រមូល​ផល​រោម​សត្វ​នេះតាំងពី​ឆ្នាំ​១៩៨៦​»។

រោមសត្វ​មួយ​គីឡូក្រាម​លក់​ក្នុង​តម្លៃ ៤០០​ ដុល្លារ (​១,៦ ​លាន​រៀល​)។ AFP

មាន​សត្វ​វីឃ្យូណា ប្រមាណ ២០ ម៉ឺន​ក្បាល ហើយ​ពិធី​ឆាកឃ្យូ​ប្រចាំ​ឆ្នាំ បានជួយ​ទ្រទ្រង់​ពលរដ្ឋ​ ២៩០​ សហគមន៍​នៅ​តំបន់​ជួរ​ភ្នំ Andes នៃ​ប្រទេស​ប៉េរូ។

រោម​សត្វ​វីឃ្យូណា មាន​តម្លៃ​ខ្ពស់​សម្រាប់​គុណភាព​រោម​ទន់​ល្មើយ​ និង​ជា​ផលិតផល​ថ្លៃ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។

សត្វ​វីឃ្យូណា រស់​នៅ​កម្ពស់​ហួស​នីវ៉ូទឹក​សមុទ្រ​យ៉ាងតិច ៣ ៥០០ ​ម៉ែត្រ។ ដូច្នេះ ដើម្បី​ប្រមូល​ផល​រោម​ទន់​ៗ​របស់​ពួកវា​ គឺជា​កិច្ចការ​ដ៏​លំបាក​មួយ។ សហគន៍​នានា​នៅ​ជួរ​ភ្នំ Andes ប្រទេស​ប៉េរូ ផលិត​រោម​សត្វ​វីឃ្យូណា ប្រមាណ ១០​ តោន​រៀង​រាល់​ឆ្នាំ។

រោមសត្វ​មួយ​គីឡូក្រាម​លក់​ក្នុង​តម្លៃ ៤០០ ​ដុល្លារ (​១,៦​ លាន​រៀល​) ហើយ​ក្នុង​ឆ្នាំ​២០១៩ ប៉េរូ នាំចេញ​រោមសត្វ ៧​ តោន ​ក្នុង​តម្លៃ ៣ ​លាន​ដុល្លារ៕ AFP/HR

កសិករ​ព្រួត​គ្នា​ចាប់​សត្វ​ដើម្បីធ្វើ​ការ​កាត់កោរ​រោម​ដ៏​ទន់​ល្មើយ​នេះ។ AFP

អ្នកប្រមូលផលត្រូវ​ឡើង​ភ្នំ​ជម្រកសត្វ​វីឃ្យូណា​ មាន​​​កម្ពស់​ចាប់ពី​៣៥០០​ម៉ែត្រពីនីវ៉ូសមុទ្រ។ AFP