ក្រុង​ប្រាក៖ ភាពយន្ដ​រឿង «​As Far As I Can Walk» ដឹកនាំ​ដោយ​ផលិតករ​សែប៊ី​​ ស្ដេហ្វាន អាសេនចេវីក បាន​ឈ្នះ​ពាន​រង្វាន់​ Crystal Globe នៅ​មហោស្រព​ភាពយន្ដ​ Karlovy Vary Film Festival ក្នុង​សាធារណរដ្ឋ​ឆែក​ កាល​ពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​រៀបចំ​។

ភាពយន្ដ​សហផលិត​ដោយ​សែប៊ី និង​បារាំង លុចសំប៊ួរ ប៊ុលហ្គារី និង​លីទុយអានី បាន​រៀបរាប់​អំពី​ដំណើរ​រឿង​របស់​ជន​ចំណាក​ស្រុក​អាហ្វ្រិក​ ២ ​នាក់ ​នៅ​ប្រទេស​សែប៊ី។

អ្នក​ដឹកនាំ​រឿង​អង់គ្លេស​លោក​ មីហ្គែល កែរ បាន​ទទួល​ពាន​រង្វាន់​ Crystal Globe ចំពោះ​ការ​លក់​ដាច់​ច្រើន​នៅ​ទូទាំង​ពិភព​លោក​តាំង​ពី​ចាប់​ផ្ដើម​នៃ​មហោស្រព​ភាពយន្ដ ជា​ព្រឹត្ដិការណ៍​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​ភាគ​កណ្ដាល​ និង​ភាគ​ខាង​កើត​តំបន់​អឺរ៉ុប​។

តារា​ភាពយន្ដ​អាមេរិកលោក​ អេថាន ហាវកេ និង​ផលិតករ​ឆែក ចាន់ ស្វារ៉ាក ដែល​ល្បីល្បាញ​ចំពោះ​ភាពយន្ដ​ឈ្នះ​រង្វាន់​អូស្កា «Kolya» ឆ្នាំ​១៩៩៦ ក៏​បាន​ទទួល​ពាន​ប្រភេទ​ជា​ខ្សែ​ភាពយន្ត​ដែល​ទទួលបាន​ការ​ចែកចាយ​ទៅ​កាន់​រោង​ភាពយន្ដ​ច្រើន​ក្នុង​ពិភពលោក​ផង​ដែរ​។

មហោស្រព​ក៏​ទទួល​បាន​ការ​ចូលរួម​ពី​តារា​ភាពយន្ដ​អាមេរិក​លោក ចននី​ ឌេប គឺជា​ភ្ញៀវ​ពិសេស​ ១ ​រូប​ទៀត​នៅ​មហោស្រព​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី ២០ ដល់ ២៨​ ខែ​សីហា​ កន្លង​ទៅ​។

ដោយ​ពន្យារពេល​ពី​ខែ​កក្កដា រហូត​ដល់​ខែ​សីហា ដោយសារ​តែ​វិបត្ដិ​កូវីដ ១៩ មហោស្រព​នេះ​បាន​លក់​សំបុត្រ​អស់ ១១១ ២០៣ ​សន្លឹក​ ដែល​វា​ជា​ចំនួន​ច្រើន​គួរ​សម​ តែ​ក៏​​ជា​តួលេខ​​​ថយ​ចុះ បើ​ធៀប​នឹង​ចំនួន​ការ​ជាវ​​​កាល​ពី​ឆ្នាំ​ ២០១៩ ដោយ​​លក់​បាន​រហូត​ដល់​ ១៤ ​ម៉ឺន​សន្លឹក។

មហោស្រព​ភាពយន្ត​សាធារណរដ្ឋ​ឆែក Karlovy Vary Film Festival ត្រូវ​បាន​លុប​ចោល​កាល​ពី​ឆ្នាំ​មុន ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ដ៏​ធ្ងន់ធ្ងរ៕ AFP/HR