ក្រុង​ហ្សឺណែវ៖ ធ្លាប់​​​ជាភារកកិច្ច​របស់​បុរស​អស់​រយៈ​ពេល​​ជាង ៦០០ ​ឆ្នាំ ជាលើកដំបូង ស្ដ្រី​ម្នាក់​ត្រូវបាន​ផ្ដល់​មុខ​នាទី​ជា​អ្នក​ស្រែក​ប្រាប់​ពេល​វេលា​រៀង​រាល់​មួយ​ម៉ោង​ម្ដង​នា​ពេល​រាត្រី​ពី​លើ​ប៉ម​ជួង​ព្រះវិហារកាតូលិក​ Lausanne។

ក្រុង​ស្វ៊ីស​នេះ បាន​ប្រកាស​កាលពីថ្ងៃ​ព្រហស្បតិ៍ថា កាសសាន់ត្រេ បេរដូស ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​ជំនួយ​ការ​អ្នក​យាម​កាម​យប់​នៅ​ព្រះវិហារ​ Lausanne នៅថ្ងៃទី ១៦ ខែ​សីហា។

សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា​៖ «​នេះជា​លើកដំបូង​ដែល​តួនាទីនេះ​ ត្រូវបាន​ផ្ដល់ឱ្យស្ដ្រី​ជា​អ្នក​ធ្វើ​ ដែល​ជួយ​ថែរក្សា​ប្រពៃណី​បន្សល់​តាំងពី​ឆ្នាំ​ ១៤០៥ ក៏ដូចជា​ជួយ​អភិវឌ្ឍ​ផង​ដែរ​»។

អ្នកនាង បេរដូស ទំនងជា​ស្ដ្រី​ដំបូង​បំផុត​ដែលត្រូវបាន​តែងតាំង​ឱ្យបំពេញ​កិច្ចការ​នេះប្រចាំ​​នៅ​តំបន់​អឺរ៉ុប។ ស្ដ្រី​យាមយប់​ថ្មី​រូបនេះ បាន​និយាយ​ថា ខ្លួន​ពិតជា​រំភើប​ចំពោះ​ភារកិច្ច​ថ្មី​នេះ។

បុរស​អ្នកយាម​ព្រះវិហារ Lausanne គោះជួង​ទម្ងន់ ៣៦០០​គីឡូក្រាម​។ AFP

អ្នក​មាន​កំណើត​កើត​ជា​ក្នុង​ទីក្រុង Lausanne រូបនេះ បាន​ឱ្យ​ដឹងថា​៖ «​តាមដែល​ខ្ញុំអាច​នៅចាំ​បាន ប្រពៃណីនេះ​ធ្វើ​ឱ្យ​ខ្ញុំចូលចិត្ដ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​តែងតែ​មាន​បំណង​ចង់​ធ្វើ​ជា​នារី​យាម​យប់​»។

អ្នក​នាង​ចូលរួម​ជាមួយ​ក្រុមការងារ​ជា​បុរសៗ​ ដែល​តែងតែឡើង​ប៉ម​ជួង​ព្រះវិហារ​រៀងរាល់​រាត្រី​អស់រយៈ​ពេល ៦១៦ ​ឆ្នាំ។ ពេញមួយ​ឆ្នាំ​ៗ ចាប់​ពី​ម៉ោង ១០​ យប់​ដល់​ម៉ោង ២ ​ទៀបភ្លឺ អ្នក​យាម​យប់​ ពាក់​មួក​ខ្មៅធំ និង​កាន់​ចង្កៀង​ ដើរ​ឆ្ពោះទៅកាន់ជួងព្រះវិហារ​បំពេញ​ភារកិច្ច​ជា​អ្នក​ប្រាប់​ម៉ោង​ពេល​ដល់​ពលរដ្ឋ​ទីក្រុង​ដ៏ស្រស់ត្រកាល​នៅ​ក្បែរបឹង ហ្សឺណែវ។

លើកលែងតែជំនួស​ម្ដងកាល ស្ដ្រី​មិន​ដែល​កាន់​មុខ​តំណែង​នេះ​ឡើយ។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍ខាងលើ ដែល​ដកស្រង់​ព័ត៌មាន​ពី​អ្នក​យាម​រាត្រី​លើ​ឈូង​សមុទ្រ​អឺរ៉ុប។

ប្រភព​ដដែល​បាន​បន្ដថា​៖ «​ព្រះវិហារ Lausanne ជាទីកន្លែង​មាន​ប្រជាប្រិយ​មួយ​ក្នុង​តំបន់​»៕ AFP/HR

ទិដ្ឋភាព​ព្រះវិហារ Lausanne ដែល​បន្ដប្រពៃណី​រាប់​រយឆ្នាំ​ដោយ​ការ​គោះជួង​ប្រាប់​ម៉ោង​​ពលរដ្ឋ។ AFP