ក្រុង​អង់ការ៉ា៖ តុក្កតា​ដាយណូស័រ​ពុកផុយ​នៅ​ក្រៅ​សួន​កម្សាន្ដ​ ដែល​ត្រូវបាន​បោះ​បង់​ចោល​បាន​បង្ហាញ​ឱ្យ​ពី​មហិច្ឆតា​ កាកសំំណល់ និង​បញ្ហា​ប្រឈម​របស់​គណបក្ស​កាន់​អំណាច​ដ៏​យូរ​របស់​លោកប្រធានាធិបតី​តួកគី រេខេប តាយយីព អេដូហ្គេន។

បញ្ហា​កើតឡើង​បាន​ចាប់​ផ្ដើម​លើ​ ឧទ្យាន​កម្សាន្ដ​ធំ​បំផុត​នៅ​អឺរ៉ុប «​Wonderland Eurasia» និង​ត្រូវបាន​លោក អេដូហ្គេន ហៅថា «​និមិត្ដរូបនៃ​មោទនភាព» ក្នុង​ពេល​បើក​សម្ពោធ​នៅ​ទីក្រុង​អង់ការ៉ា កាលពី​ខែមីនា ឆ្នាំ​ ២០១៩។

រយៈ​ពេល ២ ​ថ្ងៃ​ ក្រោយ​កាត់​ខ្សែ​បូរ ឧបករណ៍​រទេះ​ក្រឡាប់​ចាក់​បាន​ខូច ដែល​ធ្វើ​ឱ្យ​ចូលលេង​ភ័យ​លស់​ព្រលឹង​ ស្រែក​រក​ម៉ែ​រក​ឪ​ជួយ។ បន្ទប់​ទឹក​សាធារណៈ​ក៏​កខ្វក់​ ឧបករណ៍​ខ្លះ​នៅ​មិន​ទាន់​សាង​សង់​រួច ហើយ​បរិវេណ​មួយចំនួន​នៅ​មិន​អាច​ចូល​លេង​បាន​បើទោះបីជា​ទឹក​ប្រាក់​ ៨០១ ​លាន​ដុល្លារ​ ត្រូវបាន​ចំណាយ​លើ​​ការ​កសាង​ឧទ្យា​កម្សាន្ដ​ស្រដៀង Disneyland របស់​តួកគីយ៉ាង​ណាក៏ដោយ។

ឧទ្យាន​នេះ​បាន​បិទ​ទ្វារ​ជិត​មួយ​ឆ្នាំ​បន្ទាប់​ពីសម្ពោធ​ ពេល​ប្រតិបត្ដិករ​អស់​លទ្ធផល​បង់​ថ្លៃ​ចំណាយ​ប្រាក់​ខែ​បុគ្គលិក​ និង​អគ្គិសនី​ដោយសារតែ​អស់សូវ​មាន​ភ្ញៀវ។

លោក តេស្កាន ការ៉ាគូស ខានដាន ដែល​ដឹកនាំ​ក្រុម​អ្នក​ជំនាញ​ស្ថាបត្យករ​តួកគី​ បាន​និយាយថា​៖ «​តម្រូវការ​បន្ទាន់​របស់​ក្រុង​អង់ការ៉ា​មិន​មែន​ជា​ឧទ្យាន​កម្សាន្ដ​ Disneyland អី​នោះទេ​ តែជា​សេវាដឹកជញ្ជូន​ ដោយសារ​ទីក្រុង​នេះ​មាន​សួន​កម្សាន្ដ​ធំៗ​រួច​ទៅហើយ។ វាគ្រាន់តែ​ជា​គម្រោង​ធំ​ហួស​មាឌ​»។

មនុស្សយន្ត​អ្នក​ចម្បាំង​ប្រែក្លាយ​ត្រូវបាន​បោះ​បង់​ចោល​ឱ្យ​​ពុកផុយ​ទៅតាមធម្មជាតិ។ AFP

ទីក្រុង​អង់ការ៉ា ពេលនេះ​បាន​ប្ដឹង​ប្រតិបត្ដិករ​ឧទ្យាន​កម្សាន្ដ​បំណង​ទាមទារ​ការ​គ្រប់​គ្រង​ត្រឡប់​មក​វិញ​ និង​ព្យាយាម​យក​ទីតាំង​នោះ​មក​អភិវឌ្ឍ។ តុលាការ​ក្រុង​នឹង​ចេញ​សេចក្ដីសម្រេច​លើ​សំណើ​នេះ​នៅថ្ងៃទី ១៣ ខែ​កញ្ញា​ ខាង​មុខ​នេះ។

ឧទ្យានកម្សាន្ដ​ស្ថិត​នៅ​ស្ងាត់​ជ្រងំ​ តុក្កតា​ខូច​ៗ ក៏ដូចជា​​ឧបករណ៍​ច្រែះ​ស៊ី​ដោយ​អន្លើ និង​ខ្លះ​ទៀត​ពុក​ផុយ​ ដោយ​ប៉ើងរប៉ាត់​រប៉ាយ​រាប់​គីឡូដី។

លោក ហ្គូវេន អារីហ្វ សាហ្គីន សាស្ដ្រាចារ្យ​នៅ​នាយកដ្ឋាន​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បច្ចេកទេស​មជ្ឈឺមបូព៌ា​ក្រុង​អង់ការ៉ា បាន​ហៅ​ការ​ប៉ុនប៉ង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថាជា «​គំនិត​កូន​ក្មេង»។

សាស្ដ្រាចារ្យ សាហ្គីន បាន​ឱ្យដឹងថា​ ទង្វើ​អាទិភាព​គឺ​ប្រែក្លាយ​ឧទ្យាន​ និង​សម្ភារ​ក្នុង​បរិវេណ​នោះ​ទៅជា «​សម្បត្តិ​សាធារណជន​ម្ដងទៀត»។

លោក ខានដាន ដែល​ដឹកនាំ​ក្រុម​អ្នក​ជំនាញ​ស្ថាបត្យករ​តួកគី ចង់​ឱ្យតំបន់​នោះ​ក្លាយជាកេរដំណែល​អតីត​ប្រធានាធិបតី​ អាតាតួក ដោយ​អំពាវនាវ​​ឱ្យ​មាន​វិធានការ​ចាំបាច់។

លោក ខានដាន បាន​និយាយ​ថា៖ «​ចូរ​​ឱ្យ​របស់​របរ​ក្នុងឧទ្យាន​នេះ​ទៅ​សួន​ណា​ដែល​ត្រូវការ​ប្រើ ស្វែង​រក​ប្រាក់​សំណងពីអតីត​អភិបាលក្រុង​អង់ការ៉ា លោក ម៉េលី ហ្គុខេក ចំពោះ​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដោយ​បង្វែ​ប្រាក់​មក​ដាំដើម​ឈើ​ឡើង​វិញ។ ជាមួយ​ការ​សម្រេច​នេះ វាអាច​ប្រែ​ក្លាយ​ទៅជា​សភាព​ដើម​វិញ​»៕ AFP/HR

ឧបករណ៍​កម្សាន្ដ​ត្រូវបាន​បោះ​បង់​ចោល​ក្នុង​ឧទ្យាន «Wonderland Eurasia» ក្បែរ​ទីក្រុង​អង់ការ៉ា។ AFP