ក្រុងញូវយ៉ក៖ រណ្ដៅធំៗ ផ្សែង​ខ្មួលខ្មាញ់ និង​អាងទឹកពណ៌ត្នោតស្ថិត​​នៅប្រប​តាម​បណ្ដោយ​​​ឯត្រើយ​ម្ខាង​នៃទន្លេ​មីសស៊ីសស៊ីពពី ក្នុង​រដ្ឋ Louisiana ជាទីដែល​រោងចក្រ​ស្ល​ប្រេង​ និង​សារធាតុ​សំយោគ​ពី​ប្រេង ប្រតិបត្ដិការ​ចាក់ឫស​គល់​ជាងពីរ​ទសវត្សរ៍។ សូមស្វាគមន៍​មក​កាន់ «​ជ្រលង​មហារីក»។

ការ​បំពុល​បរិស្ថាន​ក្នុង​វិស័យ​ឧស្សាហកម្ម​លើសណ្ឋាន​ដី​បែប​ជ្រលង​រវាង​ទីក្រុង​ញួវ​អុលែនស៍ និងបាន​​ក្រុង​បាតុន រូ បាន​ធ្វើ​ឱ្យពលរដ្ឋ​អាហ្វ្រិក​-​អាមេរិក ប្រឈម​ហានិភ័យ​នៃការ​អភិវឌ្ឍ​ទៅជា​ជំងឺមហារីក​រហូត​ដល់ជិត ៥០​ ដង លើស​ពលរដ្ឋ​ទូទៅ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) បាន​ឱ្យដឹង​ដូច្នេះ។

រយៈ​ពេល​ជាច្រើន​ឆ្នាំ ក្រុម​សកម្មជន ដែល​បានហៅ​ជ្រលង​លាតសន្ធឹង​ប្រវែង ១៤០​ គីឡូម៉ែត្រ ​ជាជ្រលង​មហារីក បាន​និង​កំពុង​តែ​ប្រយុទ្ធប្រឆាំង​ក្នុង​ការ​សម្អាត​បរិស្ថាន​ក្នុងតំបន់។

កាលពី​និទាឃ​រដូវ​ឆ្នាំ​មុន ជ្រលង​មហារីក​​ចាប់ផ្ដើម​ឡើង​ទំព័រ​មុខ​តាម​បណ្ដា​សារព័ត៌មាន​​នូវ​ភាព​ខុស​ប្លែក​ពី​គេ​​របស់​វានោះគឺ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ខ្ពស់​បំផុត​ក្នុង​ប្រទេស។

លោក ប៊ីរ៉ុន (រូបឆ្វេង) និងលោក អង់ហ្គេឡូ បេរណាដ ជា​បងប្អូននឹង​គ្នា​ ឈរ​មុខ​ផ្ទះ​នៅរដ្ឋ Louisiana។ ​AFP

រ៉ូបឺត ថៃល័រ អាយុ ៧៩​ ឆ្នាំ ជាគ្រឹស្ដ​បរិស័ទ​ St John''s the Baptist បាន​និយាយ​ថា៖ «​វាលាត​សន្ធឹង​កាត់​សហគមន៍​នេះ។ អ្នកស្រុក​មាន​ការ​ភ័យ​ខ្លាច​មែន​ទែន​»។

កាលពី​ខែ​មេសា ឆ្នាំ​ ២០២០ ពេល​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រលក​ទីមួយ មនុស្ស​ ៣​នាក់​បាន​ស្លាប់​រៀង​រាល់​ថ្ងៃ​ក្នុង​សហគមន៍ ដែល​មាន​ពលរដ្ឋ​រស់​នៅ​ ៤៣ ០០០​ នាក់។

អង់ហ្គេឡូ បេណាដ អាយុ ៦០ ​ឆ្នាំ ដែល​ធ្វើ​ការនៅ​រោងចក្រ​ចម្រាញ់​ប្រេង​ ម៉ារ៉ាតុន បាន​និយាយថា​៖ «​នៅ Reserve យើង​ទាំង​អស់​គ្នា​ធ្លាប់​រួម​សុខ​រួម​ទុក្ខជាមួយ​គ្នា​គ្រប់​ពេលវេលា។ ឥឡូវ​ លែងមាន​ឱកាស​ទៀតហើយ។ ខ្ញុំ​មិន​សូវ​ចេញ​ក្រៅ​ដូច​មុន​ទេ​»។

តាំងពី​ពេល​នោះ សមាជិក​គ្រឹស្ដបរិស័ទ​ម្នាក់​ចំណោម ៨នាក់​បាន​ឆ្លង​វីរុស។ វីរុស​បំប្លែង​ខ្លួន ដែលតា ​ធ្វើ​ឱ្យស្ថានភាព​កាន់តែ​អាក្រក់ ដោយ​អត្រា​ឆ្លង​បាន​ហក់​ឡើង​ខ្លាំង​អំឡុង​ពេល​ប៉ុ​ន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។

ពលរដ្ឋ​រស់នៅជ្រលងមហារីក​ ប្រឈម​នឹង​អត្រា​ជំងឺមរណៈ និង​បន្ថែម​ដោយ​ហានិភ័យជំងឺកូវីដ។ AFP

ពលរដ្ឋ​ម្នាក់​ទៀត រ៉ូប៊ឺត ម៉រ បាន​បន្ដ​ថា៖ «ពេល​មាន​វ៉ាក់សាំង​មក​ដល់​ជាលើកដំបូង លោកដឹងទេ​ យើង​នឹកស្មានថា វា​ជួយ​យើង​ច្រើន តែ​យើង​គិត​ខុស​ហើយ​»។

ពេល ថៃល័រ បាន​ឮអំពី​​រឿង​រ៉ាវ​នេះ លោក​មានការ​ភ្ញាក់ផ្អើល​តូចតួច។ អតីតកម្មករ​សំណង់​រូបនេះ​តែងតែងឿងឆ្ងល់ថា តើហេតុអ្វី​ជំងឺមហារីក ដែល​កើតឡើង​ម្ដាយ បងស្រី ភរិយា និងក្មួយរបស់លោក​ រាតត្បាត​ខ្លាំង​នៅ​ក្នុង​ទីប្រជុំជននេះ។

អង្គការ​សហប្រជាជាតិ ក៏បាន​ចាប់អារម្មណ៍​ចំពោះ​វិបត្ដិ​នៅតំបន់​នេះ ដោយ​បាន​ចេញ​របាយ​ការណ៍​មួយ​កាលពី​ដើម​ឆ្នាំ ដែល​ប្រកាស​ «​ចលនា​យុត្ដិធម៌បរិស្ថាន» ក្នុង​តំបន់។

សម្រាប់​ពលរដ្ឋ​ដូច​លោក អង់ហ្គេឡូ បេណាដ ការ​ចាប់អារម្មណ៍​លើ​សហគមន៍​លោក​នាប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គឺជា​ឱកាស​សម្រាប់​ប្រទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន មិនថា ជា​បញ្ហា​ជាតិសាសន៍ ឬ​ជំនឿ​ជំទាស់​នឹង​ការ​ចាក់​វ៉ាក់សាំង និង​វិធានការ​កូវីដ​ផ្សេងៗ​ទៀត។

លោក​បាន​ប្រាប់ AFP ថា​៖ «​អស់​លោក​ដឹងទេ ព្រះជាម្ចាស់​ឱ្យហេតុការណ៍​នេះកើតឡើង​ដោយ​មាន​ហេតុ​ផល​ច្បាស់ណាស់។ យើង​ត្រូវ​រិះរក​វិធី​ដោះស្រាយ​ដោយ​ត្រឹម​ត្រូវ​ និង​កៀរគរ​ពលរដ្ឋ​ទៅចាក់​វ៉ាក់សាំង»៕ AFP/HR

អង្គការ​សហប្រជាជាតិ ក៏បាន​ចាប់អារម្មណ៍​ចំពោះ​វិបត្ដិបំពុលបរិស្ថាន និង​សុខភាព​​នៅតំបន់​នេះ។ AFP