ក្រុងញូវយ៉ក៖ អាជ្ញាធរ​បាន​រឹបអូស​​ខ្លា​ពូម៉ា​ទម្ងន់​ជាង ៣៦ ​គីឡូក្រាម ពីអាផាមិន​មួយ​​​នៅ​ទីក្រុង​ញូវយ៉ក។

មន្ត្រី​និយាយ​ថា​ កូន​ខ្លា​ពូម៉ា​នេះ​មាន​អាយុ ១១ ខែ​ ឈ្មោះ​ សាសា​ បាន​រស់នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​តំបន់​ Bronx។

កូន​ខ្លា​ញី​​ត្រូវ​បាន​សង្គ្រោះ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ប្រតិបត្តិការ​រួមគ្នា​ដោយ​ប៉ូលិស​ និង​អង្គការ​សង្គម​មនុស្សធម៌​អាមេរិក​ មន្ត្រី​សាលា​ក្រុង​ ​និង​បុគ្គលិក​សួន​សត្វ Bronx។

សេចក្តី​ថ្លែងការណ៍​បាន​បង្ហាញ​ថា​ ម្ចាស់​​ខ្លា​ពូម៉ា​​បាន​ចូល​ខ្លួន​ ហើយ​ប្រគល់​​វា​​ អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​​ដក​ហូត​យក​សត្វ​ព្រៃ​នោះ​មក​វិញ។

សត្វ​ខ្លា​ពូម៉ា​ ត្រូវ​បាន​គេ​នាំ​ទៅ​សួន​សត្វ Bronx ដែល​ជា​កន្លែង​ពេទ្យសត្វ​បាន​ពិនិត្យ​សុខភាព​ និង​មើល​ថែ​វា​កាល​ពី​ចុង​សប្តាហ៍។

បន្ទាប់​មក​ ខ្លា​ពូម៉ា ​សាសា​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជម្រក​សត្វ Turpentine Creek ក្នុង​រដ្ឋ​អាខេនសាស់ ជា​កន្លែង​មើល​ថែ​សត្វ​ត្រូវ​បាន​គេ​បោះបង់។

អ្នកស្រី​ ឃែលលី​ ដូនីថាន​ នាយក​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​សត្វ​របស់​អង្គការ Humane បាន​និយាយ​ថា៖ «​ខ្លា​ពូម៉ា​នេះ​សំណាង​គួរសម​ដែល​ម្ចាស់​របស់​វា​ស្គាល់​ថា ​វា​ជា​សត្វ​ព្រៃ​មិន​សម​នឹង​រស់នៅ​ក្នុង​អាផាតមិន​ ឬ​បរិយាកាស​ក្នុង​ស្រុក​ណា​មួយ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ទឹក​ភ្នែក​របស់​ម្ចាស់​វា និង​សំឡេង​ខ្លា​ពូម៉ា​សម្ដែង​ពី​អារម្មណ៍​ជ្រួលច្រាល់​​របស់​វា​ គឺ​ជា​ទិដ្ឋភាព​នៅ​ពេល​ដែល​យើង​នាំ​វា​ចេញ​ពី​ផ្ទះ​ ដោយ​ពុំ​ដឹង​ថា ​តើ​វា​មក​ដល់​ទីក្រុង​តាមរយៈ​ការ​ជួញ​ដូរ​បែប​ណា? អ្វី​ដែល​យើង​ត្រូវ​ដឹង​នោះ គឺ​សត្វ​ព្រៃ​មាន​គ្រប់​ទីកន្លែង​ក្រៅ​ពី​ជម្រក​ដ៏​ស័ក្ដិសម​របស់​វា​ គឺ​ព្រៃ»​។

មន្ត្រី​ប៉ូលិស​ ឌើរមុត ស៊ា បាន​និយាយថា ​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ដោយសារ​មិន​មាន​ព័ត៌មាន​​​បន្ថែម​​ពី​​ម្ចាស់​របស់​វា។

កាល​ពី​ឆ្នាំ​ ២០០៣ ប៉ូលិស​បាន​រឹប​អូស​​សត្វ​ខ្លា​ពេញ​វ័យ​​ទម្ងន់ ១៩៣ ​គីឡូក្រាម​ ​និង​ឆ្នាំ ២០០៤ មាន​ករណី ខ្លា​​ខាំ​ក្មេង ៨​ ឆ្នាំ ដែល​ខ្លា​នោះ​ចិញ្ចឹម​ដោយ​ឪពុក​របស់​ក្មេង​៕ AFP/HR