ក្រុងប៉ារីស៖ ពេល​ OnlyFans បាន​​ប្រកាស​គម្រោង​ហាមឃាត់​មាតិកា​សិច​ ​វា​អាច​មាន​ជោគវាសនា​​​ស្រដៀង​គ្នា​ដូច​នឹង​​វេបសាយ​ដទៃ​ ដែល​​បាត់បង់​អ្នក​មើល​ជា​ច្រើន។

OnlyFans ជា​វេបសាយ​ដែល​មាន​អ្នក​ប្រើប្រាស់​ ១៥០ ​លាន​នាក់ ​ភាគ​ច្រើន​ចូលរួម​ដោយសារ​មាតិកា​សិច ដែល​អ្នក​ផលិត​មាតិកា​លក់​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​។

តាំង​ពី​ដាក់​ដំណើរការ​​ឆ្នាំ​ ២០១៦ OnlyFans បាន​ចំណាយ​ប្រាក់​ជាង ៤,៥ ពាន់​លាន​ដុល្លារ​ ដល់​អ្នក​ផលិត​មាតិកា ដែល​រួម​ទាំង​តារា​ល្បីៗ ដូចជា តារារ៉េប ខាឌី ប៊ី និង​តួកុន​សិច​ជាច្រើន​ទៀត តែ​ក៏​មាន​សិស្ស​ និស្សិត និង​មនុស្ស​ចាស់​ ដែល​ស្វែងរក​ប្រាក់​ចំណូល​ផង​ដែរ។

ដូច្នេះ តើ​ក្រុមហ៊ុន​នេះ​សម្លាប់​ខ្លួន​ឯង​ដោយ​ការ​បញ្ឈប់​នូវ​អ្វី​ដែល​ជា​ផលិតផល​ពេញ​និយម​របស់​ខ្លួន?

ស្កាឡេត វូដហ្វដ ជា​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​ជូនីភើ ដែល​បាន​ចុះ​ផ្សាយ​ការ​សិក្សា​ស្ដីពី​អនាគត​ឧស្សាហកម្ម​កម្សាន្ដ​ផ្លូវភេទ​ឌីជីថល​ បាន​និយាយ​ថា​៖ «នេះ​ជា​វិធានការ​ដ៏​ប្រថុយប្រថាន​ពី​​សំណាក់ ​OnlyFans ​ដែល​​គិតគូរ​ចំពោះ​ប្រាក់​ចំណូល ​ទទួល​បាន​ពី​អ្នក​ផលិត​មាតិកា​អាសអាភាស»។

វេបសាយ​​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ដែល​ទទួល​បាន​ចំណូល ២០ ​ភាគរយ កាត់​ពី​អ្នក​ផលិត​មាតិកា តែ​ត្រូវ​ទទួល​សម្ពាធ​ពី​​​ធនាគារ និង​វិនិយោគិន​​ចំពោះ​ការ​សម្រេច​ចិត្ដ​នេះ។

វា​មិន​មែន​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ទាំង​នេះ​រង​នូវ​ការ​ស្ដី​បន្ទោស​ចំពោះ​​អ្វី​ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ជា​ការ​​បង្ក្រាប​ដោយ​មិន​ត្រឹមត្រូវ​​លើ​មាតិកា​សិច នាំ​ឱ្យ​អ្នក​រកស៊ី​ផ្លូវ​ភេទ​ជាច្រើន​ ដែល​ប្រើប្រាស់​វេបសាយ​រក​ភាព​ជោគជ័យ​ កាល​ពី​មុន ត្រូវ​អស់​អាជីព។

កញ្ញា វ៉ាឡឺរី ឡូប៉េស នៅ​វេណេស៊ុយអេឡា ថត​រូបសម្រាប់មាតិកាក្ដៅសាច់​មុន​ OnlyFans​ ហាមឃាត់។ រូបថត AFP

OnlyFans មិន​ទាន់​បាន​បញ្ជាក់​មាតិកា​​អ្វី​ខ្លះ​ដែល​ខ្លួន​នឹង​ហាម​ឃាត់​ក្រោម​គោលការណ៍​ថ្មី​ចាប់​ពី​ខែ​តុលា តែ​ក្រុមហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា រូបភាព​អាក្រាត​នៅ​អាច​បន្ដ​អនុញ្ញាត។

ការ​ហាម​ឃាត់ «មាតិកា​​សិច​ច្បាស់ៗ​» អាច​នឹង​វាយ​បំបែក​ឆ្នាំង​បាយ​របស់​​​អ្នក​រក​​ស៊ី​ផ្លូវ​ភេទ​រាប់​ម៉ឺន​នាក់​ ដែល​ទទួល​បាន​ចំណូល និង​សុវត្ថិភាព​ការងារ​ពី​វេបសាយ​នេះ។

វិចិត្រករ​នៅ​រដ្ឋ​តិចសាស់ ប្រ៊ីយ៉ា គ្រេដនី មិន​អាច​ឈរ​ជើង​នៅ​លើ​វេបសាយ OnlyFans លើស​ពី​ ១ ​​សប្ដាហ៍​ ព្រោះ​មាតិកា​គំនូរ​មិន​អាច​ជ្រៀត​ចូល​មាតិកា​​ក្ដៅ​សាច់។

នាង​និយាយ​ថា​៖ «​មហាជន​នៅ​លើ​នេះ​មិន​ចាប់​អារម្មណ៍​នឹង​គំនូរ​ដើម​ឈើ​ទេ បើ​មិន​យល់​សារ​របស់​ខ្ញុំ​»។

ប៉ុន្ដែ​ OnlyFans នៅ​តែ​បន្ដ​គាំទ្រ​អ្នក​ផលិតមាតិកា​ជា​ច្រើន​ទៀត ចាប់​ពី​តារា​ចម្រៀង​រហូត​ដល់​គ្រូបង្វឹក​កាយសម្ព័ន្ធ​។ ក្នុង​នោះ​​អ្នក​លេង​ហ្វេសសិន​មក​ពី​ក្រុង​តូរ៉ូនតូ បាបារ៉ា អាឡេកស៍ ក៏​គ្មាន​បំណង​​ចូល​រួម​នោះ​ដែរ រហូត​ដល់ OnlyFans បញ្ចុះ​បញ្ចូល​អ្នក​នាង​បង្កើត​ទំព័រ​មួយ​ជា​ថ្នូរ​នឹង​ការ​ផ្សព្វផ្សាយ​ឥត​គិតថ្លៃ​។

អ្នក​នាង​និយាយ​ថា​៖ «ខ្ញុំ​ទទួល​ហ្វេន​ជាច្រើន​ ដោយ​ពួក​គេ​មិន​ចាំបាច់​​ចូល​​មើល​​លើ​អ៊ីនស្ដាក្រាម និង​ TikTok របស់​ខ្ញុំ​ឡើយ​។ ពួក​គេ​អាច​ទទួល​បាន​មាតិកា​ដ៏​មាន​គុណភាព​​នា​ពេល​អនាគត​ផង​ដែរ​»៕ AFP/HR