ក្រុង​ប៉ារីស៖ តើ​អ្នក​ហ៊ាន​ប្រើ​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ​ដែល​មាន​ប្រភព​​​ពីលូ​ទេ? ការ​សម្អាត​ទឹក​ពីកាក​សំណល់ ហើយ​បង្វែរ​ទៅ​ប្រព័ន្ធ​ចែកចាយ​ប្រើ​ឡើង​វិញ គឺ​ជា​ជ្រើស​ដ៏​ប្រសើរ​បំផុត​តបត​នឹង​វិបត្តិ​កង្វះ​ទឹក​ស្អាត​ទូទាំង​ពិភព​លោក។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ទោះបី​ជា​​ការ​អនុវត្ត​នេះ​អាច​ធ្វើ​ឱ្យ​មហាជន​ខ្ពើម​រអើម ឬ​ញញើត​នឹង​ប្រើ​ក្ដី។

ពិភព​លោក​កាន់​តែ​រង​សម្ពាធ​ក្នុង​ការ​ពន្លឿន​ការ​កែច្នៃ​ទឹក​កខ្វក់​ប្រើប្រាស់​ឡើង​វិញ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​ប្រជាជន និង​ការ​ប្រែប្រួល​នៃ​អាកាសធាតុ។

លោក រីឆាត ខូន័រ និពន្ធ​នាយក​របាយការណ៍​​ចុះ​ផ្សាយ​ដោយ​អង្គការ​យូណេស្កូ​បាន​ប្រាប់ AFP ថា៖ «ការ​កែច្នៃ​ទឹក​កខ្វក់​ឱ្យ​ស្អាត​​ដើម្បី​ប្រើ​ឡើង​វិញ នឹង​កាន់​តែ​មាន​ទំហំ​ច្រើន ដោយសារ​តែ​ពុំ​មាន​ជម្រើស»។

រដ្ឋធានី​នៅ​ណាមីប៊ី បាន​ឈាន​មុខ​គេ​​ក្នុង​ការ​ប្រែ​ក្លាយ​ទឹក​កាក​សំណល់​ទៅ​ជា​ទឹក​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ឆ្នាំ ១៩៦០ ខណៈ​សិង្ហបុរី​ក៏​សង្វាត​បង្កើន​​កន្លែង​កែ​ច្នៃ​ស្ដុក​ទឹក​ស្អាត​​។

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង គម្រោង​កែច្នៃ​ទឹក​កខ្វក់​ប្រើប្រាស់​ឡើង​វិញ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ ការ​លាង​សម្អាត​ថ្នល់​ទីក្រុង និង​ស្ថានីយ​ថាមពល​។

គម្រោង​នៅភាគ​ខាង​ត្បូងបារាំង បានប្រើប្រាស់ទឹក​ក្នុង​វិស័យកសិកម្ម។ រូបថត AFP

មាន​ជម្រើស ២ ​ក្នុង​ការ​កែច្នៃ​ទឹក​ប្រើ​ឡើង​វិញ គឺ​ទី១ ការ​​សម្លាប់​មេរោគ​រួច​លាយ​ជាមួយ​ទឹក​​សាប​នៅ​ខាង​លើ​អាង​ស្ដុក ឬ​ក៏​ចម្រោះ​ក្រោម​ដី​មុន​នឹង​បញ្ជូន​វា​ទៅ​សម្លាប់​មេរោគ​​រួច​ចែកចាយ។ ជម្រើស​ទី​២ ដែល​ពុំសូវ​ត្រូវ​បាន​ប្រើប្រាស់​ គឺ​ការ​យក​ទឹក​កខ្វក់​មក​ច្រោះ​បន្សុទ្ធ​ហើយ​បញ្ជូន​ទៅ​ប្រព័ន្ធ​​ចែកចាយ​ផ្ទាល់​តែ​ម្ដង។

លោក​ ខូន័រ​ បាន​ទទូច​ថា ការ​កែច្នៃ​ទឹក​កខ្វក់​ប្រើប្រាស់​ឡើង​វិញ ចំណាយ​អស់​តិច​ជាង​ការ​​បន្សាប​ទឹក​សមុទ្រ​​យក​មក​ប្រើប្រាស់​ទៅ​ទៀត។

គួរ​ឱ្យ​សោកស្ដាយ​ ទឹក​ដែល​ប្រើ​រួច ៨០ ​ភាគរយ​ត្រូវ​បាន​បង្ហូរ​ទៅ​បរិស្ថាន​​វិញ​ ដោយ​ពុំ​មាន​ការ​សម្អាត​ជាតិ​ពុល ជា​ពិសេស​នៅ​ប្រទេស​ក្រីក្រ។​ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ ២០១៧ ​របស់​អង្គការ​សហប្រជាជាតិ។

លោក​ ខូន័រ បាន​ទទូច​ថា កត្តា​ខ្ពើម​រអើម​នឹង​ទឹក​កែច្នៃ ពុំ​គួរ​មាន​ឡើយ ដោយសារ​តែ​អវកាសយានិក​​នៅ​​ស្ថានីយ​អវកាស​អន្តរជាតិ​ក៏​ប្រើ​ទឹក​​ដែល​កែច្នៃ​ពី​តំណក់​​ញើស និង​ទឹក​នោម​ខ្លួន​ប្រើប្រាស់​ឡើង​វិញ​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «អត់​មាន​អវកាសយានិក​​ណា​ម្នាក់​ឈឺ​ ដោយសារ​តែ​ការ​ប្រើប្រាស់​ទឹក​កែ​ច្នៃ​ពី​កាក​សំណល់​​នោះទេ»៕ AFP/HR