ក្រុង​ឡុងដ៍៖ សម្ព័ន្ធផាប់​នៅ​ចក្រ​ភព​អង់គ្លេស JD Wetherspoon កាលពី​ថ្ងៃពុធ បាន​រាយ​ការណ៍​ថា បញ្ហា​ការ​ផ្គត់​ផ្គង់​ស្រាបៀរ​ដោយសារ​កង្វះ​អ្នក​បើកបរ​ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) និង​វិបត្ដិកូវីដ បាន​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទៅកាន់​ភោជនីយដ្ឋាន និង​សម្ព័ន្ធ​ផ្សារ​ទំនើប​នានា។

អ្នកនាំពាក្យ​ឱ្យ JD Wetherspoon បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ ដែល AFP ទទួល​បានថា​៖ «​យើង​កំពុង​ជួប​បញ្ហា​ការ​ផ្គត់​ផ្គង់​ទាំង​ Carling និង​ Coors ដែល​មាន​ន័យថា​ ផាប់​មួយ​ចំនួន មិន​មាន​ផលិតផល​ទាំង​នេះ​លក់​ឡើយ​»។

អ្នកនាំពាក្យ​ឱ្យក្រុមហ៊ុន Molson Coors ដែលផលិត​ស្រាបៀរយីហោ Carling និង​ Coors បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា៖ «មិនខុស​ពី​ក្រុមហ៊ុន​ដទៃ​ស្ថិត​ក្នុង​វិស័យ​ផលិត​ស្រាបៀរ និង​ផាប់​នៅ​ចក្រ​ភព​អង់គ្លេស យើង​រង​នូវ​វិបត្ដិ​ខ្វះ​អ្នក​បើករ​រថយន្ដ​ធុនធំ​ HGV ដែល​ឥទ្ធិពល​ចំពោះ​ការ​ដឹក​ជញ្ជូន​ទៅកាន់​ផាប់​មួយ​ចំនួន​នៅ​ចក្រ​ភព​អង់គ្លេស​»។

នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ស្ថិត​នៅ​សម្ព័ន្ធផាប់​នៅ​ចក្រ​ភព​អង់គ្លេស JD Wetherspoon។ AFP

ក្រុមហ៊ុន​ធំៗ​នៅ​ចក្រភព​អង់គ្លេស បាន​ចាត់​ទុក​កង្វះ​អ្នក​បើកបរ​រថយន្ដ​ធុន​ធំ​ដោយសារ​តែ​បញ្ហា Brexit ជាមួយ​ច្បាប់​ឥន្ដោប្រវែង​ថ្មី ដែលរំខាន​ដល់​ការ​រើស​បុគ្គលិក​ក្នុង​វិស័យ​ដឹកជញ្ជូន ខណៈ​វិបត្ដិ​កូវីដ​ជំរុញ​ឱ្យ​កម្មករ​បរទេស​ជា​ច្រើន​ចាក​ចេញ។

សូម្បីតែ Nando''s, KFC និង​ McDonald''s បាន​រាយ​ការណ៍​ពី​បញ្ហា​កង្វះ​ខាត​បណ្ដោះ​អាសន្ន​នូវ​គ្រឿង​ផ្សំ​ម្ហូប​អាហារ និង​ភេសជ្ជៈ។

សមាគមន៍​រថយន្ដ​ធុនធំ បាន​ព្រមាន​ពី​បញ្ហា​កង្វះ​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​បើកបរ​ប្រមាណ ១០​ម៉ឺន​នាក់​ និង​អំពាវនាវ​ចេញ​ទិដ្ឋការ​រយៈ​ពេល​ខ្លី​សម្រាប់​អ្នក​បើកបរ​រថយន្ដ​ឡូរី​ពី​បរទេស។

ស្ថាបនិក និង​ជា​អគ្គនាយក Wetherspoon លោក Tim Martin ជា​អ្នក​គាំទ្រ Brexit ដ៏​រឹង​មាំ ដែល​ច្រាន​ចោល​ការ​អះអាង​ថា ការ​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប នឹង​ប៉ះពាល់​ដល់​ជំនួញ​របស់​អង់គ្លេស​៕ AFP/HR

បញ្ហា​ការ​ផ្គត់​ផ្គង់​ស្រាបៀរ​ដោយសារ​កង្វះ​អ្នក​បើកបរ​ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។