ក្រុងប៊ែរឡាំង៖ ខ្សែ​​​ប្រយុទ្ធ​​កណ្ដាល​ក្រុមតោខៀវ Chelsea លោក Kai Havertz បាន​និយាយ​កាល​ពីថ្ងៃ​ពុធ​ថា លោក​បាន​រៃ​អង្គាស​ប្រាក់​ជិត ៤០​ ម៉ឺនអឺរ៉ូ (​១,៩​ ពាន់​លាន​រៀល​)​ សម្រាប់​ជួយ​ជន​រង​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់ និង​បាន​ឱ្យ​ដឹងថា លោក​បាន​ជួយ​សង្គ្រោះ​សេះ​តឿ​ផូនី និង​លា​ពី​ទីសត្ដឃាត​ថែមទៀត។

លោក Havertz អាយុ ២២ ​ឆ្នាំ មកពីក្រុង Aachen ជា​តំបន់​រង​គ្រោះ​ធ្ងន់ធ្ងរ​មួយ​ដោយ​គ្រោះ​ធម្មជាតិ​ទឹក​ភ្លៀង​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ដែល​យ៉ាង​តិច​ធ្វើ​ឱ្យ​មនុស្ស ១៩០​ នាក់ ​បាត់បង់​ជីវិត។

កីឡាករ​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉់ង់ ដែល​បាន​រក​គ្រាប់បាល់​ជ័យ​ជម្នះ ​Champions League រដូវ​កាល​មុន បាន​ដាក់​លក់​ដេញ​ថ្លៃ​នូវ​ស្បែក​ជើង ១០០ ​គូ ដើម្បី​រៃ​អង្គាស​ប្រាក់​មូលនិធិ​ជួយ​ជន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់។

លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ទង្វើ​មនុស្សធម៌​នេះ​ធ្វើ​ឱ្យ​សប្បាយ​រីករាយ។ ហេតុការណ៍​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រូប​ខ្ញុំ​ដោយសារវា​កើត​ឡើង​នៅ​ក្បែរ​គ្រួសារ​ខ្ញុំ​រស់​នៅ​បំផុត។ មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​ និង​លែង​មាន​ផ្ទះ​សម្បែង​ជ្រក​ទៀត​ហើយ​»។

លោក​បាន​រៃ​អង្គាស​ប្រាក់​មូលនិធិ​ដោយ​សហការ​ជាមួយ​កាកបាទ​ក្រហម​អាល្លឺម៉ង់ ដើម្បី​ធានាថា ជំនួយទាំង​នោះ​បាន​ទៅ​ដល់​ដៃ​ជន​រងគ្រោះ​ផ្ទាល់។

Havertz ក៏​បារម្ភ​ពី​សុខុមាលភាព​សត្វ​ និងបាន​សង្គ្រោះ​សត្វ ដែល​ត្រៀម​យក​ទៅ​ទី​សត្ដឃាតផង​ដែរ។

លោកបាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​កាន់តែ​រីករាយ​ដោយ​បាន​សង្គ្រោះ​សត្វ​លា សេះ ឬ​សេះ​តឿ​ផូនី។ មាន​លា​ ៤​ ក្បាល​នៅ​ផ្ទះ​គ្រួសារ​ខ្ញុំ​នា​ពេល​នេះ​»៕ AFP/HR