ក្រុង​ប៉ារីស៖ ក្រុមហ៊ុន​ដេញថ្លៃ​ក្រុង​ប៉ារីស​មួយ​នឹង​ដាក់លក់​គំរូ​គ្រោង​ឆ្អឹង​ដាយណូស័រ​ត្រាយសើរ៉ាថប់ ឬហៅថា «​Big John» ជាមួយ​នឹង​ការ​តាំង​បង្ហាញ​ដល់​សាធារណជន​ជា​មុន​។ នេះ​បើយោង​តាម​ក្រុម​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​លក់​ដេញ​ថ្លៃ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ។

ដាយណូស័រ ត្រាយសើរ៉ាថប់​ស្ថិត​ក្នុង​ចំណោម​ដាយណូស័រ​ងាយ​សម្គាល់​ច្បាស់​បំផុត​ដោយសារតែ​កុយ​ ៣​ នៅ​លើ​ក្បាល​របស់​វា​ ដោយ​មួយ​ស្ថិត​នៅ​លើ​លើ​ច្រមុះ និង​ពីរ​ទៀត​នៅ​លើ​ថ្ងាស​ ដែល​ធ្វើ​ឱ្យ​វាមាន​ឈ្មោះ​តាម​ភាសា​ឡាទីន​បែបនេះ។

វា​នឹង​ត្រូវបាន​ដាក់​តាំង​បង្ហាញ​ចាប់​ពី​ថ្ងទី ១៨ ខែ​តុលា​ នៅ​ក្រុមហ៊ុន​ដេញថ្លៃ Drouot ក្នុង​ក្រុង​ប៉ារីស ជាទីដែល​វា​នឹង​ត្រូវបាន​រៀបចំ​ដោយ​ក្រុមអ្នក​ជំនាញ មកពី Giquello នៅថ្ងៃទី ២១​ ខែ​តុលា​។

វា​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​តម្លៃ​ចន្លោះ​ពី ១,២ ទៅ ១,៥​ លាន​អឺរ៉ូ (១,៤ ទៅ ១,៨ ​លាន​ដុល្លារ) ថ្វីដ្បិតតែ​ការ​លក់​ដេញ​ថ្លៃ​ដាយណូស័រ​នេះ​មិន​ត្រូវបាន​ដឹង​ច្បាស់​កន្លង​មក​យ៉ាង​ណា​ក៏ដោយ​។

លោក Alexandre Giquello មកពីក្រុមហ៊ុន​ដេញថ្លៃ Giquello បាន​និយាយថា ដាយណូស័រ​មាន​វិញ្ញាបនបត្រ​នាំ​ចេញ​ និង​មាន​អតិថិជន​សក្ដានុពល​មួយចំនួន។

ឆ្អឹង​លលាដ៍​ទំហំ ២ ​ម៉ែត្រ កម្ទេច​ឆ្អឹង​ និង​ស្នែង​ធំៗ​ប្រមាណ ២០០ បំណែក​ ត្រូវ​បាន​ដាក់​ផ្គុំ​កាលពី​ថ្ងៃ​អង្គារ​នៅ​ខាង​​បង្អួច​នៃ​វិចិត្រសាល​ពិព័រណ៍ Drouot ភាគ​កណ្ដាល​ក្រុង​ប៉ារីស​។

រូប​ភាព​តំណាង៖ ដាយណូស័រ​ត្រាយសើរ៉ាថប់ អាច​មាន​ប្រវែង​ប្រមាណ ៩ ម៉ែត្រ និង​ទម្ងន់​ពីជាង ៥ ទៅ ៧ តោន។

អម្បូរ​ដាយណូស័រ​ដែលមាន​សេស​សល់​គ្រោង​ឆ្អឹង​ជាង ៦០ ​ភាគរយ និង​ឆ្អឹង​លលាដ៍​ ៧៥ ​ភាគរយ​ដ៏​វិសេស​ Big John ត្រូវបាន​រក​ឃើញ​ក្នុង​ឆ្នាំ​ ២០១៤ នៃ​រដ្ឋ​សោត​ដាកូតា សហរដ្ឋ​អាមេរិក ដោយ​ភូមិសាស្ដ្រ​វិទូ វ៉ាល់ធ័រ ដាបាយូ ស្ទែនប៊ីល។ ការ​តម្លើង​គ្រោង​ឆ្អឹងទាំង​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីក្រុង​Trieste ប្រទេស​អ៊ីតាលី​។

ការ​ដាក់​លក់​ចេញ​ថ្លៃ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ចំពេល​ទីផ្សារ​ឆ្អឹង​ដាយណូស័រ​កំពុង​តែពេញ​និយម ជាមួយ​តម្លៃ​ហក់​ឡើង​ខ្ពស់​ផុត​កំណត់​ត្រា ដែល​ធ្វើ​ឱ្យ​សារមន្ទីរ​រដ្ឋ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នាន​មិន​អាច​ប្រជែង​ឈ្នះ​ក្រុមហ៊ុន​ឯកជន​ឡើយ​។

កាលពី​ខែ​តុលា ​ឆ្នាំមុន​ ឆ្អឹង​ដាយណូស័រ អាល់ឡូសូរ៉ាស​ ដ៏​កម្រ​ ជា​ពពួក​សត្វ​ដាយណូស័រ​ដ៏​ចំណាស់​បំផុត​មួយ ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​ក្រុង​ប៉ារីស​ ឱ្យ​អតិថិជន​មិន​បង្ហាញ​អត្ដសញ្ញាណ​ម្នាក់​ក្នុង​តម្លៃ​ជាង ៣​លាន​អឺរ៉ូ​ ដែល​លើស​តម្លៃ​ប៉ាន់​ប្រមាណ ២​ ដង​ឯនោះ​។

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ឆ្អឹង​ទីរ៉េក អាយុ​កាល ៦៧ ​ឆ្នាំ​ ត្រូវបាន​ដាក់​លក់​ក្នុង​ទីក្រុង​ញូវយ៉ក​ ក្នុង​តម្លៃ ៣១,៨​ លាន​ដុល្លារ​ ដែល​បំបែក​កំណត់ត្រា​ចំពោះ​ការ​លក់​ដាយណូស័រ និង​លើស​តម្លៃ​ប៉ាន់​ស្មាន​ត្រឹមតែចន្លោះ​ពី ៦ ទៅ ៨​ លាន​ដុល្លារ​។

យ៉ាងណាមិញ ក្នុង​ឆ្នាំ​ ២០២០ ដាយណូស័រ​ជា​ច្រើន​ដែល​ដាក់​លក់​ក្នុង​ទីក្រុង​ប៉ារីស មិន​អាច​រក​ម្ចាស់​ថ្មី​ដោយ​សារ​អតិថិជន​ឱ្យ​តម្លៃ​ទាប​ជាង​ការ​គ្រោង​ទុក​៕ AFP/HR