ក្រុងប៉េកាំង៖ ចិន​បាន​ប្រកាស​ពី​ការ​កាត់​ពេលវេលា​លេង​ហ្គេម​អនឡាញ​របស់​ក្មេង​មក​ត្រឹម ៣ ​ម៉ោង​ ក្នុង​ ១ ​សប្ដាហ៍​ ក្រោយ​បើក​បវេសនកាល។ នេះ​​ជា​វិធានការ​ចុង​​ក្រោយ​ក្នុង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នានា​ក្នុង​ទីផ្សារ​ហ្គេម​ដ៏​ធំបំផុត​លើ​លោក​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ Xinhua បាន​រាយការណ៍​ថា អ្នក​លេង​ហ្គេម​អាយុ​ក្រោម ១៨ ​ឆ្នាំ នឹង​ត្រូវ​បាន​អនុញ្ញាត​លុះត្រា​លេង​ហ្គេម​អនឡាញ​ចន្លោះ​ម៉ោង ៨ និង ៩ ​យប់​ នៅ​រៀង​រាល់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ​ បំណង​ទប់ស្កាត់​បញ្ហា​ញៀន​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​ងប់ងុល​នឹង​ហ្គេម​។

នៅ​ថ្ងៃ​វិស្សមកាល​ពី​សាលារៀន កុមារ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ហ្គេម​យូរ​បន្ដិច​ ដោយ​អាច​លេង​បាន ៦០ ​នាទី​ ក្នុង ​១ ​ថ្ងៃ។

ទីភ្នាក់ងារ​ព័ត៌មានជាតិ និង​រដ្ឋបាល​សាធារណៈ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ការ​ញៀន​នឹង​ហ្គេម​បាន​ប៉ះពាល់​ដល់​ការ​សិក្សា​ និង​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយ​ឪពុក​ម្ដាយ​ជា​ច្រើន​កាន់​តែ​មិន​សប្បាយចិត្ដ​»។

ក្រុមហ៊ុន​ជាច្រើន​ត្រូវ​បាន​ហាម​ឃាត់​​ពី​ការ​ផ្ដល់​សេវាកម្ម​ហ្គេម​លើស​ពី​ម៉ោង​ពេល​កំណត់​ ថ្វី​ដ្បិត​តែ​សេចក្ដី​ថ្លែងការណ៍​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​អ្នក​ល្មើស​នឹង​ត្រូវ​ជាប់​ទោសទណ្ឌ​យ៉ាង​ដូចម្ដេច​ក៏​ដោយ​។

ការ​រឹត​បន្ដឹង​ភ្លាមៗ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ចុង​ឆ្នាំ​ ២០១៩ ដើម្បី​ហាមឃាត់​​ដល់​ការ​លេង​ហ្គេម​ដល់​យប់​អធ្រាត្រ​ ហើយ​អ្នក​លេង​ស្ថិត​ក្នុង​ក្រុម​​ត្រូវ​រឹត​បន្ដឹង​អាច​លេង​ត្រឹមតែ ៩០ ​នាទី ​នៅ​ថ្ងៃ​ធម្មតា​ និង ៣ ​ម៉ោង​ នៅ​អំឡុង​ពេល​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ​។

ការ​លេង​ហ្គេម​ហាក់​ដូចជា​ស្ថិត​ក្នុង​របៀបវារៈ​អាទិភាព​របស់​និយតករ​ ដែល​រង​នូវ​បញ្ញត្ដិ​ច្បាប់​ទើប​ចូល​ជា​ធរណមាន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​​ក្រោយ​ ដើម្បី​លុប​បំបាត់​វវប្បធម៌​ងប់​នឹង​ហ្គេម​ចំណោម​យុវជន​ចិន​ពី​បញ្ហា​ប៉ះពាល់​កែវ​ភ្នែក​រហូត​ដល់​ការ​ញៀន​អនឡាញ​៕ AFP/HR