ក្រុងប៉េកាំង៖ រៀងរាល់ថ្ងៃសៅរ៍ លោក ហ្សាង ស៊ីសេង ធ្វើដំណើរ ២ ម៉ោង ទៅស្ដាប់កុនជាមួយមិត្ដភក្ដិតាមប្រព័ន្ធរថភ្លើងក្រោមដីក្រុងប៉េកាំង ដោយប្រើឈើច្រត់ពណ៌ស និងផែនទីសំឡេង ដែលស្រែកប្រាប់ទិសដៅតាមរយៈទូរស័ព្ទដៃ។

លោក ហ្សាង បានពិការភ្នែកពេលអាយុខ្ទង់ ២០ ឆ្នាំ ដោយសារស្ថានភាពសារពាង្គកាយចុះខ្សោយ តែតាំងពីធ្លាក់ក្នុងភាពងងឹតមក លោកចាប់ផ្ដើមចូលចិត្ដភាពយន្ដនៅក្លិប «ភាពយន្ដអត្ថាធិប្បាយ» ជាទីដែលក្រុមស្ម័គ្រចិត្ដធ្វើការអត្ថាធិប្បាយពីតថភាពសាច់រឿងដល់អ្នកមានពិការភ្នែក ឬអ្នកនិយមភាពយន្ដបែបអត្ថាធិប្បាយ។

លោកបាននិយាយថា៖ «ក្រោយពេលបានស្ដាប់ភាពយន្ដ ១ រឿង ក្នុងឆ្នាំ ២០១៤ វាបីដូចជាមានអារម្មណ៍ថា មានពិភពមួយថ្មីសម្រាប់រូបខ្ញុំអ៊ីចឹង។ ខ្ញុំយល់ថា ខ្ញុំអាចដឹងពីតថភាពជុំវិញសាច់រឿង ទោះខ្ញុំមើលមិនឃើញយ៉ាងណាក៏ដោយ។ ខ្ញុំអាចនឹកឃើញឃើញរូបភាពក្នុងភាពយន្ដយ៉ាងច្បាស់ តាមរយៈការអត្ថាធិប្បាយទុក្ខសោក»។

លោក ហ្សាង អាយុ ៥១ ឆ្នាំ តែងតែទៅក្លិបភាពយន្ដរៀងរាល់ចុងសប្ដាហ៍ នៅគៀនមិន ជាទីដែលអ្នកនិយមកុនពិការភ្នែកជាច្រើននាក់មកមើលកុននៅថ្ងៃសៅរ៍ ដែលរៀបចំឡើងដោយ Xin Mu Theater ជាក្រុមការងារស្ម័គ្រចិត្ដតូចមួយ ដែលណែនាំភាពយន្ដអត្ថាធិប្បាយដំបូងបំផុតសម្រាប់អតិថិជនពិការភ្នែក។

វិធីសាស្ដ្ររបស់ពួកគេ គឺសាមញ្ញ។ អ្នកធ្វើអត្ថាធិប្បាយម្នាក់ រៀបរាប់នូវអ្វីដែលកំពុងតែកើតឡើងនៅលើផ្ទាំងសំពត់ស រួមទាំងការបង្ហាញទឹកមុខរបស់តួអង្គ កាយវិការដែលមិននិយាយស្ដី ឈុតឆាក និងសម្លៀកបំពាក់ថែមទៀត។

រោង​ភាពយន្តអត្ថាធិប្បាយ​មានទស្សនិកជនជា​អ្នក​​ងងឹត​ភ្នែកមក​ស្ដាប់​​កម្សាន្ត​ជាហូរហែ។ រូបថត AFP

ពួកគេបាននិយាយបន្ទរប្រាប់នូវតថភាពបានមើលឃើញ ដែលអ្នកពិការភ្នែកមិនបានដឹង ដូចជា ស្លឹកឈើធ្លាក់លើព្រឹលទឹកកកជាដើម។

លោក វ៉ាង វៃលី ជាអ្នកអត្ថាធិប្បាយបានបរិយាយសាច់រឿងថា៖ «មានព្រឹលធ្លាក់ក្នុងក្រុងឡុងដ៍ ជាទីក្រុងនៅអង់គ្លេស។ វាស្រដៀងទីក្រុងប៉េកាំងដែរ តែអគារមិនសូវខ្ពស់ទេ»។

លោក វ៉ាង មានទឹកចិត្ដធ្វើអត្ថាធិប្បាយភាពយន្ដដល់ជនពិការភ្នែក ក្រោយពីបានស្តាប់រឿង «The Terminator» ឱ្យមិត្តភក្ដិម្នាក់ស្ដាប់។

លោកបានបន្ដថា៖ «ខ្ញុំបានឃើញញើសហូរពីលើថ្ងាសរបស់គាត់ ពេលខ្ញុំនិយាយរៀបរាប់ពីឈុតឆាកបាញ់ប្រហារ។ គាត់មានអារម្មណ៍រំភើប និងតែងតែនិយាយទទូចដដែលៗឱ្យខ្ញុំបន្ដអត្ថាធិប្បាយទៀត»។

លោក វ៉ាង បានជួលបន្ទប់តូចមួយក្នុងអគារក្រុងប៉េកាំងចាស់ដោយប្រើប្រាស់ប្រាក់សន្សំក្នុងឆ្នាំ ២០០៥ និងចាប់ផ្ដើមបង្កើតក្លិបភាពយន្ដអត្ថាធិប្បាយ ជាមួយទូរទស្សន៍កញ្ចក់ស្មើតូចមួយ ម៉ាស៊ីនចាក់ឌីវីឌីជជុះ និងកៅអីប្រហែល ២០។

រោងភាពយន្តទំហំ ២០ ម៉ែត្រការ៉េ តែងតែទទួលភ្ញៀវពេញៗ។

យោងតាមសមាគមចិនមានមនុស្សជាង ១៧ លាននាក់ ដែលមានបញ្ហាងងឹតភ្នែក ហើយ ៨ លាននាក់ពិការភ្នែកទាំងស្រុង៕ AFP/HR