ក្រុង​តូក្យូ៖ ចាប់​ពី​ផ្លូវ​ប្រសប់​ស៊ីប៊ូយ៉ា ដ៏​ល្បី​ល្បាញ​ក្នុង​ក្រុង​តូក្យូ រហូត​ដល់​ដែន​កោះអូគីណាវ៉ា ​ដាច់​ស្រយាល​បំផុត បណ្ដា​ដង​វិថី​ក្នុង​ប្រទេស​ជប៉ុន​សុទ្ធតែ​មាន​គុណសម្បត្ដិ​រួម​មួយ​​នោះ​គឺ «ប្លុក​ ធេនជិ» (tenji) ជា​ការ៉ូ​រាង​ការ៉េ​​ពណ៌​សម្រាប់​អ្នក​ថ្មើរជើង​ដើម្បី​ជំនួយ​ដល់​អ្នក​ពិការភ្នែក។

ផ្លូវ​ថ្មើ​រ​ជើង​បែប​កាយវិញ្ញាណ ត្រូវបាន​ច្នៃ​បង្កើតឡើង​ក្នុង​ប្រទេស​ជប៉ុន​ តាំងពី​ជាង ៥០ ​ឆ្នាំ​មុន​ ដើម្បី​ជួយ​ដល់​អ្នក​មាន​បញ្ហា​ចក្ខុ​ធ្វើ​ដំណើរ​យឺតៗ និង​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ជុំវិញ​បរិស្ថាន​ក្នុង​ទីក្រុង។

ឥដ្ឋ​ការ៉ូ​ដ៏​​សម្បូរ​ច្រើននៅ​ស្ថានីយរថភ្លើង​ក្រោមដី ផ្លូវ​ប្រសប់​អ្នក​ថ្មើ​ជើង និង​មុខ​អគារ​សាធារណៈ​ តែងតែ​រំលេច​នូវ​ពណ៌​លឿង​ ដែល​ត្រូវបាន​ជឿ​ថា​ ជា​ពណ៌​ងាយស្រួល​មើល​ឃើញ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​ភ្នែក។

ឥដ្ឋ​ទាំង​នេះ​មាន​ពីរ​ប្រភេទ ដោយមួយ​​មាន​រាង​​ការ៉េ​ជាមួយ​ស្នាម​ឆ្នូត​ផុស​ ជា​សញ្ញា​ប្រាប់​អ្នក​ថ្មើ​រជើង​ថា ពួកគេ​អាច​ដើរ​ជាន់​ប្រកប​ដោយ​សុវត្ថិភាព និង​ជា​ស្លាក​ស្នាម ដែលអាច​ដើរ​តាម​ ខណៈ​ឥដ្ឋ​មាន​ស្លាម​ដុបមូលៗ​​ផុស​ឡើង​ដូច​គ្នា ជា​សញ្ញា​បញ្ជាក់​នៃ​ការ​ផ្លាស់​ប្ដូរ​ទិស​ដៅ​ ឬ​កន្លែងសំចត​ ដូចជា ច្រកចូល ឬ​សញ្ញា​គ្រោះថ្នាក់​នៅ​ខាង​មុខ ដូចជា គែមនៃ​ខឿន​ ជណ្ដើរ ឬ​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម។

វិថី​ប្លុក​ ធេនជិ ច្នៃ​បង្កើតឡើង​សម្រាប់​ជួយ​ឱ្យអ្នក​មាន​បញ្ហា​ភ្នែក​អាច​ដើរ​ដោយមាន​សុវត្ថិភាព។ AFP

លោក តូយ៉ូហារុ យូស៊ីហ៊្សុមិ សមាជិក​ប្រតិបត្ដិ​នៃ​សហព័ន្ធ​ខ្សោយ​ចក្ខុ​ជប៉ុន បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា​៖ «​ដើរ​តាម​វិថីថ្មើរជើង​កាយវិញ្ញាណ បាន​ធ្វើ​ឱ្យ​មាន​ជំនឿ​ចិត្ដ​ថា វា​មាន​សុវត្ថិភាព​ក្នុង​ការ​ដើរ​លើវា​»។

លោក យូស៊ីហ៊្សុមិ ដែល​ពិការភ្នែក​តាំងពី​អាយុ ១២ ​ឆ្នាំ បាន​ធ្វើ​ដំណើរ​ប្រមាណ ៤០​ នាទី​រៀង​រាល់​ថ្ងៃ ទៅតាម​វិថី​ថ្មើរជើង​ប្លុក​ ធេនជិ ជា​ឈ្មោះភាសា​ជប៉ុន​សម្រាប់​មនុស្ស​ពិការភ្នែក។

លោក​បាន​និយាយថា​៖ «​ផ្លូវ​មិនសុទ្ធតែ​ត្រង់​រហូត​នោះទេ​ ហើយ​វា​តែងតែ​មាន​កោង ឬ​បត់។ អរគុណ​ដល់​ការណែនាំ​ពី​ប្លុក​ ធេនជិ នេះ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ពីព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ដើរ​លើ​ផ្លូវ​»។

វិថី​មាន​ឥដ្ឋ​ ធេនជិ ដ៏ខ្វាត់ខ្វែង គឺជាគំនិត​របស់​ស្ថាបនិក​ ស៊ីអ៊ីឈី មីយ៉ាកេ មក​ពីអូកាម៉ាយ៉ាភាគ​ខាង​លិចជប៉ុន​​។

វិថី​ប្លុក​ ធេនជិ ច្នៃ​បង្កើតឡើង​សម្រាប់​ជួយ​ឱ្យអ្នក​មាន​បញ្ហា​ភ្នែក​អាចចំណាំបាន។ AFP

ក្រោយ​ពី​អង្កេត​ការ​ដើរ​របស់​អ្នក​ដំណើរ​ពិការ​ភ្នែក​ ដែលមាន​ជំនួយ​ពី​ឈើ​ច្រត់ ដោយ​ពួកគេ​ស្ទើរតែ​ត្រូវបាន​រថយន្ដ​បុក​នៅ​ចំណុច​ផ្លូវ​ប្រសប់ លោក មីយ៉ាកេ​ បាន​សម្រេច​ស្ម័គ្រ​ចិត្ដ​ច្នៃ​បង្កើត​អ្វីមួយ​សម្រាប់​អ្នក​ថ្មើរ​ជើង​មាន​បញ្ហា​ភ្នែក​ដើរ​ប្រកប​ដោយ​សុវត្ថិភាព។

ក្នុង​ឆ្នាំ ​១៩៦៧​ វិថី​ប្លុក ធេនជិ ដំបូង​នៅ​ជប៉ុន​ត្រូវបាន​ធ្វើឡើង​​លើ​ផ្លូវ​ប្រសប់​មួយ​ក្បែរ​សាលារៀន​សម្រាប់​អ្នក​ពិការ​ភ្នែក​ក្នុង​ទីក្រុង អូកាយ៉ាម៉ា។

វា​ត្រូវការ​ពេលវេលា ៣​ឆ្នាំ​ក្នុង​ការ​ក្រាល​ការ៉ូ​ពណ៌​លឿង​ក្នុង​ខណ្ឌ​ដំបូង​នៃ​ទីក្រុង​តូក្យូ និង​បន្ដ​ពង្រីក​វិសាលភាព​ទូទាំង​សកល​លោក​ ដោយ​មាន​ប្រជាប្រិយ​រហូត​​ដល់​ត្រូវបាន​បង្ហាញ​ជា ​Google Doodle គំនូរ​ជីវចល​ក្នុង​ឆ្នាំ​២០១៩។

បន្ទាប់មក វិថី​ប្លុក​ ធេនជិ ត្រូវបាន​បន្ដ​ច្នៃ​បង្កើត​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន។

អ្នកថ្មើរជើង​ដើរ​ឆ្លង​កាត់​ការ៉ូពណ៌លឿង​ដែល​រំលេច​ស្នាមដុប​មូលៗ​ជាសញ្ញា​ប្រុងប្រយ័ត្ន។ AFP

កម្មវិធី​ទូរស័ព្ទ បើកដំណើរ​ការ​ឆ្នាំ​នេះ មាន​បំណង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​ការ​ប្រើ​ប្រាស់​ QR កូដ នៅតាម​ស្ថានីយ​ជា​ច្រើន​ក្នុង​ទីក្រុង​តូក្យ ដែល​អ្នក​ថ្មើ​រ​ជើង​អាច​ស្គេន​សម្រាប់​ការ​ជូន​ដំណឹង​ជាសំឡេង​ រួមទាំងការ​ប្រាប់​ទិសដៅ និង​ចម្ងាយ​ទៅកាន់គោល​ដៅ។

លោក យូអ៊ីឈិ កូនីស៊ិ អគ្គនាយក​ក្រុមហ៊ុន LiNKX ដែល​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​នេះ បាន​និយាយថា​៖ ​«យើង​ចង់​ធ្វើ​អ្វី​ម្យ៉ាង​ទាក់ទង​នឹង​បញ្ហា​នេះ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​»។

ជាមួយ​កម្មវិធីទូរស័ព្ទ អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​គោលដៅ​ ដូចជា ច្រក​ចេញ​ណាមួយ បន្ទប់ទឹក និង​រថយន្ដតាក់ស៊ី​ចេញ​ពី​ស្ថានីយរថភ្លើង។ ដូច្នេះ QR កូដ បាន​ផ្ដល់​ភាពងាយ​ស្រួល​ ដែល​ត្រូវបាន​បំពាក់​នៅតាម​ស្ថានីយ​រថភ្លើង​ចំនួន ៩ ក្នុង​ក្រុង​តូក្យូ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​គម្រោង​នេះ​បន្ដ​ទៀត។

លោក​បាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ជា​ទីកន្លែង​ដ៏ប្រសើរ​សម្រាប់​អ្នក​មាន​ពិការភាព​»៕ AFP/HR

អ្នកថ្មើរជើង​ដើរ​ឆ្លង​កាត់​ការ៉ូពណ៌លឿង​ដែល​រំលេច​ស្នាមដុប​មូលៗ​ជាសញ្ញា​ប្រុងប្រយ័ត្ន។ AFP