ក្រុង​ម៉ានីល៖ អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ កាស្ពែន ហ្គូ្រតា ត្រូវ​បាន​គេ សើច​ចំអក​ដោយសារ​ការ​កាត់​ចុង (ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​) ដែល​ជា​ប្រពៃណី​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​ពន្យារពេល​ដោយ​ហេតុផល​ការ​ផ្ទុះ​ភ្នំ​ភ្លើង និង​វិបត្តិ​ជំងឺ​កូវីដ ១៩​។

កុមារា ហ្គូត្រា អាយុ ១២ ​ឆ្នាំ បាន​និយាយ​ថា៖ «​បើ​ខ្ញុំ​មិន​បាន​កាត់ចុង​ពេល​នេះ ខ្ញុំ​មុខ​ជា​អាម៉ាស់​ហើយ​»។

ហ្វីលីពីន​មាន​អត្រា​កុមារា​កាត់​ចុង​ច្រើន​បំផុត​មួយ​ក្នុង​ពិភព​លោក ដោយ​ប្រពៃណី​នេះ​ត្រូវ​បាន​អនុវត្ដ​ជា​ច្រើន​សតវត្សរ៍​ ជា​ការ​បង្ហាញ​ថា​ កុមារា​នឹង​ឈាន​ដល់​វេលា​ពេញ​វ័យ​កំលោះ​។

រៀង​រាល់​ឆ្នាំ កុមារា​ឈាន​ដល់​វ័យ​ជំទង់​រាប់​ពាន់​នាក់​បាន​មក​ទទួល​ការ​វះ​កាត់​ស្បែក​ដណ្ដប់​ក្បាល​លិង្គ​ អំឡុង​ពេល​រដូវ​ក្ដៅ​ចាប់​ពី​ខែ​មេសា​ ដល់​ខែ​មិថុនា ពេល​សាលា​វិស្សមកាល​។

ប៉ុន្ដែ​កាល​ពី​ឆ្នាំ​មុន «រដូវ​កាត់​ចុង​» ត្រូវ​បាន​លុបចោល​ជាលើក​ដំបូង​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា ជាហេតុ​ធ្វើ​ឱ្យ​កុមារ​មួយ​ចនួន​រង​ការ​សើច​ចំអក​ពី​សំណាក់​សាច់​ញាតិ និង​មិត្ដភក្ដិ​​ពួក​គេ។

កុមារា ហ្គូ្រតា បាន​និយាយ​ក្រោយ​កាត់​ចុង​បាន ២០ ​នាទី​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ក្លាយជា​ពលរដ្ឋ​ហ្វីលីពីន​ពេញ​លេញ​ហើយ​ ដោយសារ​ការ​កាត់​ចុង​នេះ​ គឺ​ជា​ផ្នែក ​១ ​ក្នុង​ការ​បំពេញ​ងារ​ជា​ពលរដ្ឋ​ហ្វីលីពីន​»។

ហ្វីលីពីន​ជា​ប្រទេស​មាន​អត្រា​បុរស​កាត់​ចុង​ច្រើន​បំផុត​មួយ​ក្នុង​លោក​​​​​​។ រូបថត AFP

ពាក់​ម៉ាស់ និង​របាំង​មុខ កុមារា​ជាច្រើន​នាក់​អង្គុយ​រង់ចាំ​លើ​កៅអី​ជ័រ​ក្បែរ​តុ​ឈើ​ព័ទ្ធជុំវិញ​ដោយ​វាំង​នន​ពណ៌​ក្រហម​។ អ្នក​ខ្លះ​ខាំ​ក្រណាត់ ឬ​គ្រប​ភ្នែក​ពេល​កំពុង​​ការ​វះ​កាត់។

កុមារា អាល់ម័រ អាល់ស៊ីរ៉ូ ដែល​មក​ទទួល​ការ​វះ​កាត់​នៅ​ក្រៅ​អគារ​ចំពោះ​ការ​ពន្យារពេល​ឆ្នាំ​មុន​និយាយថា៖ «​ខ្ញុំ​បាន​កាត់​ចុង​ក្រោយ ដោយសារ​គេ​និយាយ​ថា ខ្ញុំ​នឹង​កាន់​តែ​ធំ​ខ្ពស់​ ហើយ​ខ្ញុំ​នឹង​លេង​កីឡា​កាន់​តែ​ល្អ​»។

ការ​កាត់​ចុង​ត្រូវ​បាន​អនុវត្ដ​នៅ​ហ្វីលីពីន​ជា​ច្រើន​សតវត្សរ៍​ ដោយ​ឆ្លង​កាត់​ទាំង​សង្គ្រាម​ច្រើន​លើក​ច្រើនសា ព្រម​ទាំង​ក្រោម​នឹម​អាណានិគម។

ការ​កាត់​ចុង​ក្លាយ​ជា​ទង្វើ​ទូទៅ​សម្រាប់​ជនជាតិ​​មូស្លីម ឬ​ជ្វីហ្វ និង​តិច​តួច​សម្រាប់​​កាតូលិក​​។

ប៉ុន្ដែ​បុរស​ប្រមាណ ៩០ ​ភាគរយ ​ត្រូវ​បាន​កាត់​ចុង​ដោយ​មិន​ផ្ដោត​លើ​កត្ដា​សាសនា​នោះ​ទេ ​នៅ​ហ្វីលីពីន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភព​លោក​។

នេស្ទ័រ កាស្ដ្រូ សាស្ដ្រាចារ្យនរវិទ្យា​នៃ​សាកលវិទ្យាល័យ​បាន​និយាយ​ថា​ «ការ​កាត់ចុង​ជា​ពិធី​ធ្វើ​ឱ្យ​កុមារ​ចេះ​រៀបរយ​​ចាកចេញ​ពី​កុមារភាព​ទៅ​ជា​​មនុស្ស​ពេញ​វ័យ»៕ AFP/HR