ក្រុង​ប៉ារីស: អ្នក​ដែល​បដិសេធ​មិន​ចង់​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​បារាំង នឹង​ត្រូវ​រង​ការ​ពិន័យ​រាប់​រយ​អឺរ៉ូ​ចំពោះ​វិញ្ញាបនបត្រ​សុខភាព​ក្លែង​ក្លាយ​ចំពោះ​​ទីផ្សារ​​ងងឹត​លើ​អនឡាញ​ ដែល​បាន​បំផុស​បំផុល​ខ្លាំង​ ពេល​រដ្ឋាភិបាល​តម្រូវ​ឱ្យ​មាន​លិខិត​បញ្ជាក់​សុខភាព​អំឡុង​ពេល​ចូល​ហាង​កាហ្វេ រថភ្លើង​ក្នុង​ក្រុង និង​ទីកន្លែង​សាធារណៈ​ដទៃ​ទៀត។

ប្រជាជន​ត្រូវបាន​តម្រូវ​ឱ្យ​បង្ហាញ​ភ័ស្ដុតាង​ថា ពួកគេ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង តេស្ដ​អវិជ្ជមាន​កូវីដ ១៩ ឬ​ទើប​ជា​សះស្បើយ​ពី​ជំងឺកូវីដ​ ទើបអាច​​​ចូល​សារមន្ទីរ រោង​កុន ឬ​ទីលាន​កីឡា​តាំងពី​ខែ​កក្កដា។

ផ្សារ​ងងឹត​សម្រាប់​ការ​ចេញ​វិញ្ញាបនបត្រ​សុខភាព​ក្លែងក្លាយ​បាន​រីក​សាយភាយខ្លាំង​លើ​បណ្ដាញ​សង្គម Snapchat ទោះបីជា​ប្រឈម​ហានិភ័យ​ជាប់​គុក​យ៉ាង​ណាក៏ដោយ។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លះ បាន​បង្ហាញថា​​ «​ប័ណ្ណ​សុខភាព​របស់​អ្នក​នឹង​ត្រូវបាន​ផ្ញើ​តាម​អ៊ីមែល​ពី ៨ ទៅ ១០​ ម៉ោង​យ៉ាង​យូរ​»​ «ការ​ចាក់​វ៉ាក់សាំង​គឺជា​ជម្រើស​ចម្បង​ ដែល​អរគុណ​ដល់​សេវាកម្ម​របស់​យើង»​ ឬ​ «​​​និយាយ​ថា ទេ ចំពោះ​ការ​វ៉ាក់​សាំង និងធ្វើ​ប័ណ្ណ​បញ្ជាក់​សុខភាព​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​»។

រដ្ឋាភិបាល​តម្រូវ​ឱ្យ​មាន​លិខិត​បញ្ជាក់​សុខភាព​អំឡុង​ពេល​ចូល​ហាង​កាហ្វេ រថភ្លើង​ក្នុង​ក្រុង និង​ទីកន្លែង​សាធារណៈ​ដទៃ​ទៀត។ AFP

អ្នករៀបចំ​ព្រឹត្ដិការណ៍​អាយុ ២៨ ​ឆ្នាំ​ ម្នាក់​បាន​ប្រាប់ AFP ថា​ លោក​ទិញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ក្លែង​ក្លាយ​ដោយ​ត្រូវ​ចាយ​ប្រាក់​ ៣៥០ អឺរ៉ូ (១,៦៧ ​លាន​រៀល)​ ខណៈ​ការ​ចាក់​វ៉ាក់សាំង​ធ្វើឡើង​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ប្រទេស​បារាំង។

លោក​បាន​បន្ដថា​៖ «​សន្ដិសុខ​បាន​ប្រាប់​ខ្ញុំ​ថា ថ្វីដ្បិតតែ​ខ្ញុំ​ជា​អ្នក​រៀបចំ​កម្មវិធី​យ៉ាងណាក៏ដោយ បើ​ខ្ញុំ​កើត​កូវីដ ខ្ញុំ​មិន​អាច​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​ដែល​ខ្លួន​ឯង​រៀបចំ​ឡើង​»។

លោក​បាន​និយាយថា លោក​មិន​បារម្ភ​ត្រូវបាន​គេ​បោក​ដោយសារ​លោក​មាន​មិត្ដភក្ដិ​ ដែល​បាន​ទិញ​លិខិត​បញ្ជាក់​សុខភាព​នេះ​រួចហើយ។ អ្នកធ្វើ​​លិខិត​ក្លែងក្លាយ​ប្រឈម​នឹង​ទោស​ទណ្ឌ​រហូត​ដល់ ៥ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់រហូត​ដល់ ១៥ ​ម៉ឺន​អឺរ៉ូ (៧១៨​ លាន​រៀល​)។ អ្នក​ដែល​ប្រើ​លិខិត​ក្លែងក្លាយ​អាច​ជាប់​គុក ៣​ឆ្នាំផ​ងដែរ។

មនុស្ស​ជា​ច្រើន​ត្រូវបាន​ចោទ​ប្រកាន់​ជុំវិញ​បញ្ហា​លិខិត​បញ្ជាក់​សុខភាព​ក្លែងក្លាយ​នេះ។ ស្ដ្រីម្នាក់​បាន​ទទួល​ទោស​ជាប់​គុក ១​ឆ្នាំ ដោយ​ត្រូវ​បញ្ឃាំង​នៅ​ក្នុង​ផ្ទះ​ព្រោះ​បញ្ហា​កូវីដ ១៩ ពីបទ​លក់​ QR កូដ ក្លែងក្លាយ​ចំនួន ២០០។ ស្ដ្រីរូប​នេះ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ស្រាប់​៕ AFP/HR

រដ្ឋាភិបាល​តម្រូវ​ឱ្យ​មាន​លិខិត​បញ្ជាក់​សុខភាព​អំឡុង​ពេល​ចូល​ហាង​កាហ្វេ រថភ្លើង​ក្នុង​ក្រុង និង​ទីកន្លែង​សាធារណៈ​ដទៃ​ទៀត។ AFP