ក្រុង​ម៉ាណាហ្គា៖ កូន​ខ្លា​បេនហ្គាល់​មួយ​ក្បាល​កំពុង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​មនុស្ស​នៅ​សួនសត្វ​ជាតិ​នីការ៉ាហ្គា ក្រោយ​ពី​មេ​របស់​វា​មិនអាច​ផលិត​ទឹក​ដោះ​ផ្គត់ផ្គង់​កូន​តូច​ ដែល​បង្កើន​ហានិភ័យ​ដល់​ការ​ផុត​ពូជ​អម្បូរ​ខ្លា​នេះ។ នេះ​បើ​យោងតាម​នាយក​គ្រប់​គ្រង​សួនសត្វ​ អេឌួដូ សាកាសា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ។

ខ្លា ដែល​ចាប់​កំណើត​កាលពី​ថ្ងៃ​សៅរ៍ គឺជា​កូន​ទី៤ ដែល​កើត​នៅ​សួនសត្វជាតិ​ក្នុង​​ទីក្រុង​ម៉ាសាយ៉ា ចម្ងាយ​ប្រមាណ ៣០​ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ាណាហ្គា។

សាកាសា បាន​និយាយ​ថា កូន​ខ្លា​អាយុ ៤ ​ថ្ងៃ​ ដែល​មិន​ទាន់​មាន​ឈ្មោះ​នៅឡើយ ត្រូវបា​ចិញ្ចឹម​ជាមួយ​ទឹកដោះ​គោ​ពិសេស​សម្រាប់​ឆ្មា។

លោក​បាន​ឱ្យដឹងថា​៖ «​កូន​ខ្លា​ញី​នេះ ពិតជាគួរ​ឱ្យស្រឡាញ៉​ណាស់​»។ លោក​ពន្យល់​ដោយ​បាន​សម្អាង​លើ​ទឹកដោះ​សត្វ​សម្បូរ​ជីវជាតិ​ក្រោយ​ការ​ចាប់​កំណើត​ថា​៖ «​យើង​កំពុង​ថែទាំ​វា​ ដែល​អាច​បន្ដ​ជីវិត​រស់​បាន។ នេះជា​វេលា​ដ៏​លំបាក​សម្រាប់​វា ពីព្រោះ​វា​មិនបាន​ទទួល​ទឹកដោះ​ដំបូង​ក្រោយ​ចាប់​កំណើត​សម្រាប់​ការពារ​ខ្លួន​»។

មេ​របស់​វា​មិនអាច​ផលិត​ទឹក​ដោះ​ផ្គត់ផ្គង់​កូន​តូច​ ដែល​បង្កើន​ហានិភ័យ​ដល់​ការ​ផុត​ពូជ​អម្បូរ​ខ្លា​នេះ។ AFP

មេរបស់​កូន​ខ្លា​ ដាលីឡា បាន​ផ្ដល់​កំណើត​កូនខ្លា​ញីពណ៌សមួយក្បាល​ឈ្មោះ នីវ ឬ​ព្រឹល កាលពី​ខែ​ធ្នូ តែ​កូន​ខ្លា​នោះ​បាន​ស្លាប់​ដោយ​សារ​បញ្ហា​ផ្លូវ​ដង្ហើម ទើប​អាយុ​បាន ២​សប្ដាហ៍​ ទោះបីជា​ទទួល​ការ​ថែទាំពិសេស​យ៉ាង​ណា​ក៏ដោយ។

សួន​សត្វជាតិ​នីការ៉ាហ្គា ក៏​មាន​​ខ្លាញី​ពីរក្បាល​ទៀត​ ដែល​បាន​កើត​កូន​ផង​ដែរ។

លោក សាកាសា បាន​និយាយថា ការ​ចាប់​កំណើត​ថ្មីៗ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ ដែល​សួន​សត្វ​អាច​ក្លាយជា​មជ្ឈមណ្ឌល​អភិរក្ស​អម្បូរ​ខ្លា​កម្រ​នេះ។

ខ្លា​បេនហ្គាល់ ត្រូវបាន​ចុះ​បញ្ជី​លើ​សហភាព​អន្ដរជាតិ​សម្រាប់​កិច្ចការពារអម្បូរ​សត្វ​រង​ការ​គំរាម​កំហែង​ក្នុង​កម្រិត​អាសន្ន ជា​សត្វ​ប្រឈម​ការ​ផុត​ពូជ ដែល​កើត​ចេញ​ពី​ការ​ប្រមាញ់ និង​បំផ្លាញ​ព្រៃឈើ​នៃ​ដែន​ជម្រក​ធម្មជាតិ​នៅ​អាស៊ី៕ AFP/HR

កូន​ខ្លា​បេនហ្គាល់​មួយ​ក្បាល​កំពុង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​មនុស្ស​នៅ​សួនសត្វ​ជាតិ​នីការ៉ាហ្គា។ AFP