ក្រុង​ឡាអេ៖ ដៃម្ខាង​កាន់​ឧបករណ៍​បញ្ជា ដៃម្ខាង​ទៀត​កាន់​ឧបករណ៍ Braille និង​ម៉ាស​ពាក់​លើ​ភ្នែក Blind Warrior Sven អាច​យក​ជ័យ​ជម្នះ​​លើ​ដៃគូ​ប្រយុទ្ធ​បាន​យ៉ាង​ជោគជ័យ។

លោក ស្វេន វ៉ាន់​ ដេ វេក បាន​និយាយ​ជាមួយ​ស្នាម​ញញឹម​ ដោយ​ផ្ដួលសត្រូវ​យ៉ាង​ដំណំ​លើវិបសាយ​វីដេអូ​ហ្គេម​ Twitch ថា​៖ «​ខ្ញុំ​ពាក់​ម៉ាស​បិទ​ភ្នែក​នេះ ដោយ​សារ​ពេលខ្លះ​អ្នក​ដទៃ​អត់ជឿថា ខ្ញុំ​ជា​អ្នក​​ពិការ​ភ្នែក​មែនទែន​​»។

លោក វេក ទើប​មាន​អាយុ ៦​ឆ្នាំ ពេល​ដឹង​ថា ខ្លួន​កើត​ជំងឺមហារីក។ លោក​បាន​ធ្លាក់​ខ្លួន​ពិការភ្នែក តែ​ប្ដេជ្ញា​ចិត្ដ​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​ភាព​ពិការ​នេះ​រារាំង​ដល់​មហិច្ឆតា​ពីកុមារភាព​ក្នុង​វិស័យ​វីដេអូ​ហ្គេម​នេះឡើយ។

រហូត​ដល់​អាយុ ៣៥​ ឆ្នាំ ទើប​បុរស​ជនជាតិ​ហូឡង់រូប​នេះ បាន​ប្រកួត​ឈ្នះ​បេក្ខជន​ឆ្នើម​លំដាប់​ពិភពលោក​មួយ​ចំនួន​នៅ​ព្រឹត្ដិការណ៍​ប្រកួត​ជុំវិញ​ទ្វីប​អឺរ៉ុប និង​បាន​គ្រង​ជើង​ឯកចំពោះ​ការ​លេង​ហ្គេម​ស៊េរី «Street Fighter»។

លោក ស្វេន វ៉ាន់ ដេ វេក អ្នក​លេង​ហ្គេម​អនឡាញ​ពិការភ្នែក និង​ជើងឯក Street Fighter V។ AFP

សមត្ថភាព​​ស្ដាប់​ពិតជា​អាវុធ​ដ៏​សំខាន់​ចំពោះរូប​លោក​ ដោយ​លោក​បញ្ជា​តេឡេ​លើ​ហ្គេម Street Fighter V ដែលរចនា​ឡើង​ជាមួយ​សំឡេង​យ៉ាងលម្អិតពិសេស​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សំឡេង​សញ្ញា​​​ និង​ការ​បញ្ជា​សំឡេង។

ក្រោយ​ពីបាន​ហ្វឹក​ហាត់​ជា​ច្រើន​ឆ្នាំ និង​ជាច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដៃគូ​ប្រជែង​ជាច្រើន​នាក់​បាន​ប្រាប់ថា សមត្ថភាព​ពួកគេ​ចាញ់​ដាច់​ឆ្ងាយ​ តាម​រយៈ​ការ​ដឹង​ពី​សំឡេង​វាយ​សន្ធាប់​ និង​សន្ធឹក​ខ្យល់​នៃ​អ្នក​ប្រយុទ្ធ​របស់​លោក វេក។

លោក​បាន​ពន្យល់ថា​៖ «ដោយ​ការ​ស្ដាប់​សំឡេង​លម្អិត​ទាំងនោះ ខ្ញុំ​អាច​ដឹង​ថា តើ​ខ្ញុំ​ស្ថិត​នៅ​ខាង​ឆ្វេង​ ឬ​នៅ​ខាង​ស្ដាំ​ និង​អាច​ប្រតិកម្ម​តប​ទៅ​នឹង​គូ​ប្រយុទ្ធ​យ៉ាង​ដូចម្ដេច​»។

នេះជា​ជំនាញ​ដែល​លោក​រក​ចំណូល​បាន​តាម​រយៈ Twitch ជា​វេបសាយ​ដែលមាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៣០​ លាន​នាក់​ក្នុង​មួយ​ថ្ងៃ ភាគច្រើន​ជា​អ្នក​ចូល​ទៅ​មើល​វីដេអូ​គេ​លេង​ហ្គេម។

ការ​ដាក់​បញ្ចូល​ស្ទូឌីយូ​សំឡេង​ដើម្បី​សម្រប​តាម​តម្រូវ​ការ​របស់លោក វេក ទាមទារ​​ឱ្យបច្ចេកទេស​ជំនាញ​ ក៏ដូចជា​ភាព​ច្នៃ​ប្រឌិត​ពី​ជើង​ឯកហ្គេម ដែល​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ក្នុង​នាម​ជា​វិស្វករ IT។

លោក វេក ចាប់ផ្ដើម​ធ្លាក់​ខ្លួន​ពិការភ្នែក​ពេលដឹងថា កើត​ជំងឺមហារីក​អាយុ ៦ ​ឆ្នាំ។ AFP

ស្ទូឌីយូ ដែល​ស្ថិត​នៅ​ក្នុង​អាផាតមិន​របស់​លោក​ក្នុង​ទីក្រុង​ឡាអេ រួមមាន​កុំព្យូទ័រ​ពីរ​គ្រឿង បំពាក់​ភ្ជាប់ទៅនឹង​ឧបករណ៍​ប៊ូតុង​ស្ទាប​ Braille។ ឧបករណ៍​នេះ​បកប្រែ​សំណេរ​មតិ​យោបល់​នៅ​លើ​ឆាត​វីដេអូ​កំពុង​ផ្សាយ​ផ្ទាល់​ទៅកាន់​សារ​លើ​ Braille ដែល​លោក​អាច​អាន​ដោយ​ការ​ស្ទាប​ និង​ឱ្យលោក​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ទស្សនា​ផង​ដែរ។

ប៉ុន្តែ​អត់មាន​អេក្រង់​កុំព្យូទ័រ​នៅ​ចំពោះ​មុខ​លោក​នោះទេ។ នៅមុខ​លោកគឺ​ជា​​ជញ្ជាំងតែ​​ប៉ុណ្ណោះ។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិន​ត្រូវ​ការ​អេក្រង់​រូបភាព​សម្រាប់​មើល​ទេ ហើយវា​អាច​សន្សំ​សំចៃ​អគ្គិសនី​បាន​ខ្លះ​»។

លោក វ៉ាន់ ដេ វេក គ្រប់​គ្រង​ក្រុម​មួយ​លើ Twitch ជាទីដែល​ទំហំ​ប្រាក់​លោក​ទទួល​អាស្រ័យ​លើ​អ្នក​ចុច​ជាវ ឬ (subscribers) ដោយពេល​នេះ​មាន​ប្រមាណ ៣ ​ពាន់​នាក់ និង​ទឹក​ប្រាក់​ដែល​ពួកគេ​បរិច្ចាគ។

បច្ចុប្បន្ន លោក​អាច​រក​ចំណូល​បាន​ក្រោម ១០០​ អឺរូ (៤៨​ ម៉ឺន​រៀល​) ក្នុង​មួយ​ខែពី​ការ​លេង​វីដេអូ​ហ្គេម​នេះ តែ​រំពឹងថា ថ្ងៃ​ណាមួយ​លោក​នឹងសម្រេច​គោលដៅជា​ដៃគូ​ ដែល​អាច​ឱ្យលោក​លេង​​ផ្សាយផ្ទាល់​ជា​ការងារ​ពេញ​ម៉ោង។

លោក​បាន​អះអាងថា​៖ «​បើ​ខ្ញុំ​នៅតែគិត​ថា ខ្លួន​ខ្វាក់​ភ្នែក អត់អាច​​លេងវីដេអូ​ហ្គេម​បាន ខ្ញុំ​ច្បាស់​​ជា​បោះបង់​ចោល​បាត់​ទៅហើយ។ បើ​ខ្ញុំ​អាច​ធ្វើ​វាបាន ខ្ញុំ​ធានា​ថា អ្នក​ដទៃ​ទៀត​ដ៏អាច​ធ្វើ​វាបាន​ដែរ»៕ AFP/HR

លោក ស្វេន វ៉ាន់ ដេ វេក អ្នក​លេង​ហ្គេម​អនឡាញ​ពិការភ្នែក និង​ជើងឯក Street Fighter V។ AFP