ក្រុងប៉ារីស៖ កាក់​មាស​កម្រ​រាប់​រយ​កាក់​ត្រូវបាន​ប្រទះ​ឃើញ​នៅ​ក្នុង​ជញ្ជាំង​ភូមិគ្រឹះ​បារាំង​ដាច់ស្រយាល​មួយ​ ហើយ​ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​នា​ខែ​នេះ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​លក់​ដេញថ្លៃ​ដែល​រៀបចំ​ការ​លក់​បាន​ឱ្យដឹង​កាលពី​ព្រហស្បតិ៍។

កាក់​ចំនួន ២៣៩​កាក់​ ផលិត​ឡើង​មុន​សម័យ​បដិវត្ដ​បារាំង​អំឡុង​ពេល​ការ​គ្រង​រាជ​ស្ដេច​ ល្វីស​ទី១៣ និង​ល្វីសទី១៤ ត្រូវ​រក​ឃើញ​ពេល​ម្ចាស់​ភូមិគ្រឹះ​នៅ​ភាគខាង​លិច​តំបន់ ប្រ៊ីតតានី បាន​ជួល​ជាង​កាត់ថ្មជួសជុល​អគារ​ ៣​​ ខ្នង​នៅក្នុង​ភូមិគ្រឹះ។ នេះ​បើ​យោងតាម​អ្នក​រៀបចំ​ការ​លក់​ដេញថ្លៃ auctioneers។

អំឡុង​ពេល​ធ្វើការ កម្មករ​ ៣​នាក់​បាន​រកឃើញ​ប្រអប់​ដែក​មួយ​ផ្ទុក​កាក់​មាស​ពេញ​នៅ​ក្នុង​ជញ្ជាំង។

ម្ចាស់​ភូមិគ្រឹះ Francois Mion បាន​ប្រាប់ AFP ថា​៖ «​ប្រអប់​នោះ​ត្រូវបាន​ញាត់​ចូល​ក្នុង​ជញ្ជាំង ជាប់​នៅ​ចន្លោះ​ថ្ម​»។

លោក​បាន​និយាយថា ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកគេ​បានរ​ក​ឃើញ​កាក់​មាស​បន្ថែម​ទៀត​លាក់​នៅ​លើ​ធ្នឹម​អគារ។

រូបតំណាង៖ កំឡុងពេល​​ធ្វើការ កម្មករ​ ៣​នាក់​បាន​រកឃើញ​ប្រអប់​ដែក​មួយ​ផ្ទុក​កាក់​មាស​ពេញ​នៅ​ក្នុង​ជញ្ជាំង។

ការ​រក​ឃើញ​នៅ​ឆ្នាំ​២០១៩ ទើប​ត្រូវ​បាន​រាយ​ការណ៍​នា​ពេល​នេះ ក្រោយ​ពី​ម្ចាស់​ភូមិគ្រឹះ​ទៅ​រក​ក្រុមហ៊ុន​លក់ដេញ​ថ្លៃ​ជួយ​លក់​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។

ប្រាក់​ចំណូល​ពី​ការ​លក់​ ដែល​ប៉ាន់​ប្រមាណ​ចន្លោះពី ២៥ ​ម៉ឺន ទៅ ៣០​ ម៉ឺន​អឺរ៉ូ (២៩៦ ​០០០ - ៣៥៥ ០០០ ដុល្លារ​) នឹងត្រូវបាន​ចែងចែក​មួយ​ចំនួន រួមទាំង​កម្មករ​រក​ឃើញ​កាក់​នោះ​មុន​គេ​ផងដែរ។

កាក់​មាស រួមមាន កាក់​រូប Louis d''Or និងរូប Louis d''Or ភ្លោះ ជាច្រើន​កាក់ រួមទាំង កាក់ដ៏កម្រ​រំលេច​រូបស្ដេច ល្វីសទី១៤ បន្សល់​តាំងពី​ឆ្នាំ​​ ១៦៤៦ ដោយ​គ្រាន់តែ​កាក់​នេះ​មាន​តម្លៃ​ប្រមាណ ១៥ ០០០ ​អឺរ៉ូ ឯ​នោះ។

យោងតាម​ច្បាប់​ប្រទេស​បារាំង ការ​រក​ឃើញ​ទ្រព្យ​បុរាណ​វត្ថុទាំងអស់​ គឺជា​សម្បត្ដិ​របស់​រដ្ឋ​ជា​ស្វ័យ​ប្រវត្ដិ បើ​ត្រូវបាន​រកឃើញ​ក្នុង​ទីតាំង​ឯកជន​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ ​២០១៦ មក។

ប៉ុន្ដែដោយសារ​​ប្ដីប្រពន្ធ​គ្រប់គ្រង​ភូមិគ្រឹះ​នេះក្នុង​ឆ្នាំ ​២០១២ ពួកគេ​មានសិទ្ធិ​លក់​ទ្រព្យ​សម្បត្ដិ​ជាជាង​ការ​ប្រគល់​ឱ្យរដ្ឋាភិបាល​៕ AFP/HR

រូបតំណាង៖ ប្រាក់ពីការលក់ដេញថ្លៃ​ដាក់​មាស​នឹងត្រូវបាន​ចែងចែក​ខ្លះ​ឱ្យ​កម្មករ​រក​ឃើញ​កាក់​នោះ​មុន​គេ​ផងដែរ។