ក្រុងឡុងដ៍៖ នាយក​គ្រប់គ្រង​​នៅ​តាម​​ក្រុមហ៊ុន​ធំៗ​ជា​ស្ដ្រី​ក្នុង​​​ចក្រភពអង់គ្លេស​ទទួល​បាន​ប្រាក់​ចំណូល​ស្ទើរតែ ៣ ភាគ​ តិច​ជាង​បុរស​ដែល​មាន​តំណែង​ដូច​គ្នា​។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។

នាយក​គ្រប់គ្រង​ជា​ស្ដ្រី​នៅ​ក្រុមហ៊ុន​ធំ​មួយ ត្រូវ​បាន​ចុះ​បញ្ជី​ជា​អ្នក​រក​ចំណូល​​ខ្ពស់ ​​FTSE 100 ក្រុងឡុងដ៍ ជាមួយ​ទឹក​ប្រាក់​មធ្យម​ ២៣៧ ០០០​ ផោន (១,៣២​ ពាន់​លាន​រៀល​) ក្នុង​ ១ ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ពី​សម្ព័ន្ធ​ប្រឹក្សា​ញូវស្ទ្រីត (NSCG) បាន​ឱ្យ​ដឹង​។

ចំណូល​នោះ​ជិត ៧៣ ​ភាគរយ ​តិច​ជាង​ប្រាក់​ចំណូល​​តំណែង​នាយក​គ្រប់គ្រង​ជា​បុរស FTSE 100 ដែល​រក​ចំណូល​មធ្យម ៨៧៥ ៩០០​ផោន (ជិត ៥ ​ពាន់​លាន​រៀល​)។ គម្លាត​ថ្លៃ​ឈ្នួល​ដ៏​ខុស​គ្នា​នេះ​ក៏​លើស​ខ្វះ​គ្នា​ខ្លះ​នៅ​តំបន់​ដទៃ​ទៀត​នៃ​ទីផ្សារ​ការងារ​ក្នុង​ចក្រភព​អង់គ្លេស​ផង​ដែរ។

បុរស​នៅ​ចក្រភពអង់គ្លេស​រក​ចំណូល​​មធ្យម​ ១៥,៥ ​ភាគរយ​លើស​ស្ដ្រី​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ចុង​ក្រោយ ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​។ ទោះ​ជា​យ៉ាង​ណា ការ​ចំណាយ​លើ​តំណែង​គ្រប់គ្រង​នេះ​រមែង​ជា​បុរស​ ពី​ព្រោះ​ស្ដ្រី​មិន​សូវ​មាន​តួនាទី​ខ្ពស់​បែប​នោះ​ឡើយ​។

បុរស ទំនង​ជា​មាន​អត្រា​កាន់​កាប់​តំណែង​ខ្ពស់ៗ​ច្រើន​ ដូចជា នាយកប្រតិបត្ដិ និង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​។

អ្នក​និពន្ធ​ការ​សិក្សា និង​ជា​នាយក​ NSCG ក្លែរ កាធ័រ បាន​និយាយ​ថា​៖ «ខណៈ​ការ​អភិវឌ្ឍ​កំពុង​តែ​ជំរុញ​ស្ដ្រី​ហក់​ឡើង​តំណែង​ខ្ពស់ៗ ការ​សិក្សា​នេះ​​បាន​បង្ហាញ​ថា យើង​នៅ​តែ​មាន​កិច្ចការ​​ច្រើន​ទៀត​ត្រូវ​ធ្វើ​»។

អ្នកនាង កាធ័រ បាន​បន្ត​ទៀត​ថា៖ «ដោយ​ផ្ដោត​លើ​ភាគរយ​នៃ​តំណែង​នាយក​គ្រប់គ្រង​ជា​ស្ដ្រី​​តែ​មួយ​មុខ​ នោះគឺ​មិន​​គ្រប់គ្រាន់​ទេ ពេល​យើង​​ព្យាយាម​ជំរុញ​សមភាព​ ចាំ​បាច់​ត្រូវ​តែ​គិត​ដល់​កត្តា​អត្ថប្រយោជន៍​របស់​ពួក​គេ​ដែល​ទទួល​បាន​»៕ AFP/HR