ក្រុង​វ៉ាស៊ីនតោន៖ អំពូល​ភ្លើង​តាម​ដង​វិថី ជាពិសេស ប្រភេទ​អំពូល​ភ្លើង LED មិន​ត្រឹមតែ​រំខាន​ដល់​សកម្មភាព​របស់​សត្វ​ល្អិត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​​ទាំង​ជា​ឧក្រិដ្ឋជន​ពី​ការ​ងាប់​ដ៏​រង្គាល​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស។

ពន្លឺ​សិប្បនិម្មិត​នា​ពេលរាត្រី​ត្រូវ​បាន​ចាត់ទុកជា​កត្ដា​បង្ក​ឱ្យ​ពពួក​សត្វ​ល្អិត​ងាប់​នៅ​ក្នុង​ជុំវិញ​ពិភព​លោក តែ​ប្រធានបទ​នេះ​ នៅ​តែ​ត្រូវ​បាន​បន្ដ​ស្រាវជ្រាវ​។ ដើម្បី​បក​ស្រាយ​ពី​ចម្ងល់​នេះ ក្រុម​អ្នក​​វិទ្យាសាស្ដ្រ​បាន​ប្រៀបធៀប​តំបន់​​ភ្លើង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ចំនួន ២៦ ​កន្លែង ដែល​មាន​ព្រៃល្បោះ ឬ​វាល​ស្មៅ ទៅ​នឹង​ទីតាំង​ដែល​មិន​មាន​ការ​បំភ្លឺ។

ពួក​គេ​ក៏​បាន​ត្រួត​ពិនិត្យ​ទីតាំង​មួយ​ដែល​អត់​មាន​ភ្លើង​បំភ្លឺ និង​ទីតាំងពី​មាន​ភ្លើង​បំភ្លឺ​ចំនួន ២ ដែល​មាន​ស្ថានភាព​ភូមិសាស្ដ្រ​សម្បូរ​រុក្ខជាតិ។

ក្រុម​ការងារ​បាន​ជ្រើសរើស​ដង្កូវ​មូត ជា​អ្នក​តំណាង​សត្វ​ល្អិត​រាត​ត្បាត​ពេល​យប់​ទូទៅ ដោយសារ​ពួក​វា​នៅ​តែ​ក្រវែល​កន្លែង​ពួក​វា​ចាប់​កំណើត​តែ​ប៉ុន្មាន​ម៉ែត្រ​ មុន​ពេល​ចេះ​ហើរ​។

ក្រុម​ប្រមូល​ទិន្នន័យ​​​ក៏​បាន​យក​ឈើ​​វាស​នៅ​តាម​រុក្ខជាតិ​ ដែល​អាច​ធ្វើ​ឱ្យ​ដង្កូវ​ធ្លាក់ ឬ​បង់​សំណាញ់​នៅ​វាល​ស្មៅ​ ដើម្បី​ប្រមូល​សត្វ​ល្អិត​។

លទ្ធផល​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ដោយ​មាន​​ការ​កាត់​បន្ថយ​ចំនួន​សត្វ​ល្អិត​រហូត​ដល់ ៤៧ ​ភាគរយ ​នៅ​តាម​តំបន់​ព្រៃល្បោះ​ និង​ ៣៧​ ភាគរយ​នៅ​តំបន់​ស្មៅ​ប្រប​ចិញ្ចើម​ផ្លូវ​។

អ្នក​ដឹកនាំ​ការ​សិក្សា ដោកឡាស ប៊យស៍ មក​ពី​មជ្ឈមណ្ឌល​អេកូឡូស៊ី និង​អ៊ីដ្រូឡូស៊ី ចក្រភពអង់គ្លេស បាន​ប្រាប់ AFP ថា​៖ «​យើង​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​អត់​សូវ​​ឃើញ​វត្ដមាន​សត្វ​ល្អិត​ទាំង​នោះ»។

លោក​បាន​បន្ត​ថា៖ «ក្រុម​ការងារ​សង្កេត​ឃើញ​ថា យ៉ាង​តិច​ក៏​បាត់​អស់ ១០ ​ភាគរយ​ដែរ​។ យើង​នឹក​គិត​ថា វា​ជា​កន្លែង​សម្បូរ​សត្វ​ល្អិត​ដ៏​ច្រើន​បំផុត ដោយសារ​​វា​មាន​ពពួក​សត្វ​ញី និង​មេ​ស្ថិត​នៅ​ទីនោះ»។

ពន្លឺ​អំពូល​ភ្លើង​បាន​រំខាន​ដល់​អត្ដចរិត​​ស៊ី​ចំណី​របស់​ពួក​វា ពេល​ក្រុម​ការងារ​ថ្លឹង​សត្វ​ល្អិត​ទាំង​នោះ ពួក​គេ​បាន​រក​ឃើញ​ថា សត្វ​នៅ​បរិវេណ​មាន​ពន្លឺ​អំពូល​ភ្លើង​មាន​ទម្ងន់​ធ្ងន់​ជាង។

លោក ប៊យស៍ បាន​និយាយ​ថា​៖ «មាន​​ដំណោះស្រាយ ដែល​យើង​អាច​ធ្វើ​បាន​ដូចជា ការ​ដាក់​របាំង​ថ្លា ដែល​មាន​ពណ៌​ស្រោប​អំពូល​ភ្លើង​ ឬ​បន្ថែម​របាំង​ឃ្លុប​។ ដូច្នេះ ពន្លឺ​ជះ​ទៅ​តែ​ខាង​ផ្លូវ​ថ្នល់​ មិន​មែន​នៅ​បរិវេណ​សត្វ​ល្អិត​រស់នៅ​»៕ AFP/HR