ក្រុង​ឡូសអេនជឺលេស៖ ការិយាល័យ​លក់​សំបុត្រ​កុន​នៅ​អាមេរិក​ខាង​ជើង​បាន​ទទួល​ជោគជ័យ​ ពេល​ភាពយន្ដ​ថ្មី​របស់ Disney រឿង «​Shang-Chi and the Legend of the Ten Rings» ដែល​បង្ហាញ​វត្ដមាន​កំពូល​វីរ​បុរស​ Marvel ជាជនជាតិ​អាស៊ី​ដំបូង​ បាន​ហក់​ឡើង​ក្នុង​កំណត់ត្រា​នៃការ​លក់​សំបុត្រ​រហូត​ដល់ ៧១,៤​លាន​ដុល្លារ​ នៅ​ពេល​បើក​សម្ពោធ។ នេះ​បើ​យោងតាម​អ្នក​តាមដាន​ឧស្សាហកម្ម​កម្សាន្ដ Exhibitor Relations បាន​ឱ្យដឹងកាលពីថ្ងៃ​អាទិត្យ។

វេបសាយ Hollywood Reporter បាន​​ឱ្យដឹងថា តួ​លេខ​ដ៏​ខ្ពស់​ សម្រាប់​ការ​លក់​ពីថ្ងៃសុក្រ​ដល់​ថ្ងៃ​អាទិត្យកន្លងទៅ ហើយ​ភាពយន្ដ​នេះ​គ្រោង​នឹង​រក​ចំណូលបាន​ប្រមាណ ១២,១លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ។

លោក ដាវីន អេ ហ្គ្រូស មកពី​ Franchise Entertainment Research បាន​និយាយថា​៖ «​នេះគឺជា​ការ​បើកសម្ពោធ​ដ៏​គួរជា​មោទនៈ​នៅ​ចំទិវា​ពលកម្ម​ដ៏​ស្ងាត់​ជ្រងំ។ តួលេខ​រយៈ​ពេល ៣​ថ្ងៃ​គឺជា​ទឹក​ប្រាក់​កំណត់ត្រា​ថ្មី​ក្នុង​ឱកាស​សម្រាក​វិស្សមកាល ដែលជា​សញ្ញា​វិជ្ជមាន​ក្នុងការ​បញ្ឈប់​រដូវ​ក្ដៅ​»។

រឿង ​Shang-Chi ដែល​បង្ហាញ​វត្ដមាន​កំពូល​វីរ​បុរស​ Marvel ជាជនជាតិ​អាស៊ី​ដំបូង​។ AFP

តារា​ភាពយន្ដ​ជនជាតិកាណាដាលោក Simu Liu ដែល​សម្ដែង​ជា​តួអង្គ «​Shang-Chi» ធ្លាប់​តួអង្គ​ជំនួស​ក្នុង​ឈុត​គ្រោះថ្នាក់​ និង​អតីត​ជា​គណនេយ្យករក្រុមហ៊ុន Deloitte។ លោក​សម្ដែង​ជា​កំពូលវរជន​ថ្មី​បំផុត​របស់ Marvel ​ជា​អតីត​ឃាតករ​ស្ថិត​ក្រោម​​ស្រមោល​បិសាច​របស់​ឪពុក។ ភាពយន្ដ​នេះ ក៏​មាន​តួអង្គ​សំខាន់ៗ​មួយ​ចំនួន​ទៀត ដូចជា Awkwafina, Tony Leung និង​ Michelle Yeoh។

ភាពយន្ត​ជាទី​​ចំណាប់អារម្មណ៍​ជាមួយ​តួឯក​​តំណាង​ឱ្យ​អាស៊ី​នេះ បាន​គ្រង​តំណែង​ទីពីរ​នៃ​ពិធី​បើកសម្ពោធ​ជាមួយ​ការ​លក់​សំបុត្រ​ដាច់​បំផុត​អំឡុង​វិបត្ដិកូវីដ​នាឆ្នាំនេះ ដោយ​ស្ថិត​នៅពី​ក្រោយ​ភាពយន្ដ Marvel នៃរឿង «Black Window» ដែល​រក​ចំណូល​បាន​ ៨០​លាន​ដុល្លារ​ពេល​បើក​សម្ពោធ។

តារា​ភាពយន្ត Samu Liu អាយុ ៣២ឆ្នាំ ធ្លាប់មានអាជីព​ជា​តួជំនួស​ពេល​ឈុត​គ្រោះថ្នាក់ និង​ជា​អតីត​គណនេយ្យករ។ AFP

បើ​ធ្វើ​ការ​ប្រៀប​ធៀប ភាពយន្ដ​របស់​ Universal នៃ​រឿង «​Candyman» ឈរ​លើ​លំដាប់​កំពូល​នៃ​ការិយាល័យ​លក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​មុន ជាមួយ​ទឹក​ប្រាក់​ ២២​លាន​ដុល្លារ មុន​ពេល​ធ្លាក់​ទៅលេខ ២ នា​សប្ដាហ៍​នេះ ជាមួយ​ការ​លក់​ ៣​ថ្ងៃ​បាន​ ១០,៦​ លាន​ដុល្លារ​ (១៣ លាន​ដុល្លារក្នុង​រយៈ​ពេល ៤​ ថ្ងៃ​)។ វាជាការ​សម្ដែង​របស់​តារា​ភាពយន្ដអាមេរិក Yahya Abdul-Mateen II។

ស្ថិត​ក្នុង​លំដាប់ទី ៣ នា​សប្ដាហ៍​នេះ គឺរឿង «​Free Guy» ដែល​ទទួល​បាន​ទឹក​ប្រាក់ ៨,៧​ លាន​ដុល្លារ (១១,២ ​លាន​ដុល្លារ​ រយៈ​ពេល ៣ ​ថ្ងៃ​)។ តារា​ភាពយន្ដ​កំប្លែក​បែប​វិទ្យាសាស្ដ្រ Ryan Reynolds ជា​បុគ្គលិក​ធនាគារ ដែល​ជាប់​ផុង​ខ្លួ​ននៅ​ក្នុង​វីដេអូ​ហ្គេម៕ AFP/HR

តួស្រី​ក្នុង​ភាពយន្ត​រឿង Shang Chi រួមមាន Fala Chen, Awkwafina, និង Meng'er Zhang។ AFP